ប្រសាសន៍សម្តេចធិបតី«មានផ្លូវមានក្តីសង្ឃឹម»
សម្តេចធិបតីហ៊ុន ម៉ាណែតនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្ដាម-បាត់ដំបង)ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រនិងពិធីបើកការដ្ឋាន សាងសង់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)ប្រវែង៣៥,១៤ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
សម្តេចធិបតីហ៊ុន ម៉ាណែត បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, និងបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ដោយមានប្រសាសន៍ថា «មានផ្លូវមានក្តីសង្ឃឹម» ព្រោះតែអត្ថប្រយោជន៍មហាសាលជាច្រើនដូចជាការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃនិងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស ផងដែរ។សម្តេចធិបតីបានបន្តមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ៥ នេះ មិនត្រឹមតែជាខ្សែផ្លូវជាតិដែលវែងជាងគេនោះទេ, ផ្លូវនេះក៏ជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស ។ ជាមួយគ្នានេះផ្លូវជាតិលេខ៥ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវជាតិផ្លូវខេត្តនិងតំបន់ទីប្រជុំជនសំខាន់ៗជាច្រើន ហើយថែមទាំងតភ្ជាប់ទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត, ខេត្តបន្ទាយមានជ័យ ផងដែរ ។នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិនឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ាឆ្លងកាត់ប្រទេសថៃ មកដល់កម្ពុជា និងបន្តទៅប្រទេសវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ១។ សម្តេចធិបតី ក៏បានធ្វើការរម្លឹកផងដែរថាគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥គឺចាប់ផ្ដើមពីព្រែកក្ដាម រហូតដល់សិរីសោភ័ណ មានប្រវែងសរុប ៣៣០,៨៩ គីឡូម៉ែត្រ ហើយក្នុងនោះ បានបែងចែកជា ៣ កំណាត់ រួមមាន៖ (១.) កំណាត់ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ», (២.) កំណាត់ភាគខាងត្បូង «ព្រែកក្ដាម-ធ្លាម្អម» និង (៣.) កំណាត់ភាគកណ្ដាល «ធ្លាម្អម-បាត់ដំបង» ដែលប្រើប្រាស់រយៈពេលសាងសង់ សរុបប្រមាណ ៧ ឆ្នាំនិងប្រើថវិកាសរុបប្រមាណ៦៩១លានដុល្លារអាមេរិកក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ។ កំណាត់ផ្លូវជាតិលេខ៥ភាគខាងជើង «បាត់ដំបង-សិរីសោភ័ណ» ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួច ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ ។ ដោយឡែកកំណាត់ផ្លូវជាតិលេខ៥ «ព្រែកក្ដាម-បាត់ដំបង» ដែលប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះជាកំណាត់ចុងក្រោយនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដែលបានចាប់ផ្ដើមសាងសង់កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ មានប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ ដោយបានប្រើថវិកាសរុបប្រមាណ ៤០៨,៤៣ លានដុល្លារអាមេរិកជាឥណទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) រួមជាមួយថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ហើយបានបញ្ចប់ការសាងសង់ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ៕
Post a Comment