ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែតលើកឡើងថារាជរដ្ឋាភិបាល អាណត្តិទី៧បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានាដោយឈរលើមូលដ្ឋានចំនួន២គឺ៖ថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាងនិងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួនប្រមាណ១ម៉ឺន ៨ពាន់ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ១៣ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។
|
|
មានប្រសាសន៍ក្នុងពិធីនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកទ្បើងថាវិស័យការងារគឺជាវិស័យដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ តែងបានយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ក្នុងអាណត្តិទី៧ នេះ ។ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងឥតឈប់ឈរ ចូលរួមជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ដើម្បីឱ្យប្រជាជនទទួលបាននូវការលើកកម្ពស់ទាំងកម្រិតជីវភាព និងកិច្ចគាំពារសង្គម ។រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេញសូចនាករជាគោលដៅធំៗចំនួន ៥ ដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ក្នុងរយៈពេល ៥ ឆ្នាំ ទៅមុខ ។ ក្នុងនេះ មានកិច្ចការចំនួន ៣ ដែលជាអាទិភាពចម្បង គឺ៖ ទី១.កំណើនសេដ្ឋកិច្ច៖ ការជំរុញឱ្យសេដ្ឋកិច្ចកាន់តែមានកំណើនទ្បើងលើគ្រប់វិស័យទាំងអស់, ទី២. ការងារ៖ ការពង្រីកមូលដ្ឋាននៃការបង្កើតការងារឱ្យបានទូលំទូលាយ និងទី៣. សមធម៌៖ការចែកផលលាភទៅដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពលំបាកជាងគេ ។ ទាំងនេះ គឺជាចំណែកនៃការជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ ។សម្តេចធិបតី បានបន្តទៀតថា ក្នុងរយៈពេល ៩០ ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមការងារ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ដោយឈរលើមូលដ្ឋាន២គឺថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាងនិងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅទៀត។ចំពោះវិស័យការងាររាជរដ្ឋាភិបាលបាននិងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយលើកកម្ពស់សុខុមាលភាពកម្មករ-និយោជិត ស្របតាមអនុសាសន៍ទាំង ១០ ចំណុចរបស់ សម្ដេចតេជោ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្ដីប្រាថ្នារបស់ កម្មករ-និយោជិត ។រាជរដ្ឋាភិបាលបានបន្តតម្លើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិតពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។បន្ថែមពីនេះបងប្អូនក៏ទទួលបាននូវការពិនិត្យនិងព្យាបាលជំងឺដោយមិនមានការបង់ប្រាក់តាមរយៈបេឡាជាតិសន្តិសុខសង្គម, ការតម្រូវឱ្យនិយោជកបង់ភាគទានជំនួសបងប្អូនកម្មករ-និយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារ និងការទទួលបានរបបសោធននិវត្តន៍នៅពេលដែលបងប្អូនចូលនិវត្តន៍ជាដើម។សមិទ្ធផលទាំងអស់នេះគឺសុទ្ធសឹងតែជាលទ្ធផលកើតចេញពីការខិតខំអនុវត្តដោយជោគជ័យនូវអនុសាសន៍ទាំង ១០ ចំណុច របស់ សម្ដេចតេជោ ហើយរាជរដ្ឋាភិបាលនឹងបន្តជំរុញការអនុវត្តនូវអនុសាសន៍ទាំងអស់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត ។ ទន្ទឹមនឹងនេះ តាមរយៈ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និង កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះដែលជាកម្មវិធីសំខាន់២ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ដែលបានប្រកាសដាក់ឱ្យអនុវត្តភ្លាមនៅមុនដំណាច់ឆ្នាំ២០២៣ នេះ ។សម្តេចនាយករដ្ឋមន្ត្រី បានធ្វើការលើកទឹកដល់កម្មករ-និយោជិត ឱ្យបន្តថែរក្សានូវវប្បធម៌សុខុដុមនីយកម្មក្នុងរោងចក្រ-សហគ្រាស ដោយឈរលើមូលដ្ឋាននៃការយោគយល់ ភាតរភាព និងសាមគ្គីភាព ពីគ្រប់ភាគីពាក់ព័ន្ធ ធានាបង្កភាពងាយស្រួលដល់ការប្រកបការងារ និងអាជីវកម្ម ដើម្បីជំរុញការធ្វើពិពិធកម្មការពង្រឹងភាពប្រកួតប្រជែង ការលើកកម្ពស់ផលិតភាពនិងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
Post a Comment