នាព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣នេះអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរនៅស្រុកសូទ្រនិគមចាប់ផ្តើមបើកដំណើរការទទួលជើងហោះហើរលើកដំបូង ជាផ្លូវការហើយ ដោយយន្តហោះដែលចុះចតដំបូង គឺរបស់ក្រុមហ៊ុនបាងកកអ៊ែរវេនិងមានការចុះពីបណ្តាយន្តហោះផ្សេងៗជាបន្តបន្ទាប់ទៀត។ពិធីប្រកាសបើកដំណើរការជាផ្លូវការរបស់អាកាសយានដ្ឋានថ្មី ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ក្រោមវត្តមានរដ្ឋមន្រ្តីទីស្ដីគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ អភិបាលខេត្តសៀមរាបជាដើមនិងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។លោកម៉ៅ ហាវណ្ណាល់ បានថ្លែងថា«អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលានិងចំណាយទុនវិនិយោគដល់ទៅ១ ១០០ លានដុល្លារ គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំង២ ។
|
រូបភាពAKP |
លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលចិន និងជាពិសេសការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ដែលជាមរតមនុស្សជាតិ ដែលជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំង២។លោកឧបនាយករដ្ឋមន្រ្ដីប្រចាំការបានលើកឡើងថា៖«ក្នុងថ្ងៃជាប្រវត្តិសាស្ត្រនេះក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្រ្តីខ្ញុំសូមជូនពរឱ្យមិត្តភាពនៃប្រទេសយើងទាំង២ (កម្ពុជា-ចិន) កាន់តែរឹងមាំខ្លាំងក្លា និងស្ថិតស្ថេរជាដរាប»។ លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូងនិងគ្រោងអភិវឌ្ឍន៍ទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាងសង់លើផ្ទៃដីសរុប៧០០០៦ ហិកតានិងបម្រុងដីប្រមាណ ១ ០០០ ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេសឬតំបន់ឧស្សាហកម្មរណប ឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់យន្តហោះចតចំនួន៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរ តាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង១២ លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ អាកាសយានដ្ឋាននេះ ក៏មានសមត្ថភាពផ្ទុកទំនិញ តាមផ្លូវ អាកាសបានចំនួន១០,០០០តោន ក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ ខាងមុខ និងអាចទទួល ជើងហោះ ហើរបានចំនួន៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ២០៤០។ សម្រាប់ពីធីសម្ពោធជាផ្លូវការ អាកាសយាន្តដ្ឋានអន្តរជាតិថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕
Post a Comment