ក្រសួងព័ត៌មានព្រមានឱ្យកាស៊ីណូថបដាយអិម៉ិនបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់
ក្រសួងព័ត៌មានបានព្រមានឱ្យក្រុមហ៊ុនកាស៊ីណូថបដាយអិម៉ិនបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់និងតម្រូវឱ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់បើមិនដូច្នេះនឹងចាត់វិធានការតាមផ្លូវច្បាប់។
freshnewsasia |
យោងតាមលិខិតរបស់ឯកឧត្តមនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី៤តុលាឆ្នាំ២០២៣បានលើកឡើងថា៖ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ ឃើញថា ទាំងភាគីក្រុមហ៊ុនទាំងបណ្តាអង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនោះពិតជារួមគ្នាធ្វើឱ្យប៉ះពាល់និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈចំពោះ អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំឬទារប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈនិង ក្រមសីលធម៌និងគោលការណ៍នៃក្រមសីលធម៌ដែលមានចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មានអ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែងឱ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូរខ្លួន មករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្នុងរយៈពេល ១ខែយ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីរឹងរូសមិនព្រមចូរខ្លួនរាយការណ៍អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានចំពោះការប្រព្រឹត្តរបស់ខ្លួន។ក្រសួងព័ត៌មានបានឲ្យម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួនជាប់ពាក់ព័ន្ធទៅនឹង ករណីខាងលើ ត្រូវធានាទប់ស្កាត់និងបញ្ឈប់ឱ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀតហើយត្រូវធ្វើការអប់រំណែនាំដល់អ្នកសារព័ត៌មានរបស់ខ្លួននិងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះដោយបញ្ជាក់នូវឈ្មោះរបស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួនដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ម្ចាស់អង្គភាពសារព័ត៌មានដែលមានជាប់ពាក់ព័ន្ធ ត្រូវចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ករណ៏រឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុប អាជ្ញាបណ្ណនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ជាមួយគ្នានោះដែរក្រសួងព័ត៌មានក៏បានចំម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដាយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការ ផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានាឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាព សារព័ត៌មាននិងអ្នកសារព័ត៌មានដែលពាក់ព័ន្ធនៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះនិងត្រូវធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុឬករណ៏នៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ចូន មកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ក្នុងករណីក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឱ្យចុះខ្សោយក្រមសីលធម៌វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែល ពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ក្រសួងព័ត៌មាន សូមបញ្ជាក់សាជាថ្មីថា ការប្រកាសនេះធ្វើជាសាធារណៈ និងក្នុងករណីរឹងរូសមិនរាងចាលក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ.សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន TOP DIAMAND CASINO បានចេញ ផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា “មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ »៕AKP
Post a Comment