ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមម៉ាកាវក្នុងលទ្ធផលបច្ចេកទេស ៤ទល់០ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយតាមរយៈការក្តៅសាច់ដុំក្នុងជំនួបមិត្តភាពអន្តរជាតិនេះគឺជាការកសាងជំនឿចិត្ត និងក្តីសង្ឃឹមបន្ថែមទៀតឆ្ពោះទៅប្រកួតជម្រុះជុំទី១នៃពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup 2026)។
|
|
នៅក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយក្រុមម៉ាកាវនេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជាធ្វើបានយ៉ាងល្អដោយធ្វើសម្រេចបាន៣គ្រាប់បើកការនាំមុខលើក្រុមភ្ញៀវនៅវគ្គទី១ហើយនៅវគ្គទី២ក្រុមកម្ពុជាបន្តធ្វើសម្រេចបាន១គ្រាប់បន្ថែម។ ៤គ្រាប់ជ័យជម្នះរបស់ក្រុមកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្គោលជនជាតិអាហ្សង់ទីនៃក្រុមជម្រើសជាតិកម្ពុជា រកបាន២គ្រាប់ដោយខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា នៅនាទី១៩ និងនាទី២១, កីឡាករ សឿយ វិសាល នៅនាទី៨០ ខណៈគ្រាប់ទី៤ ធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៨០។គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាឈុតធំបានរៀបចំជំនួបមិត្តភាពអន្តរជាតិចំនួន២ប្រកួត គឺបានប្រកួតជាមួយក្រុមហុងកុង ក្នុងលទ្ធផលបញ្ចប់ការប្រកួត ៩០នាទី ១ទល់១ កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយជំនួបមិត្តភាពលើកទី១ជាមួយក្រុមម៉ាកាវ កាលពីយប់មិញ ដោយគោលដៅនៃការប្រកួតមិត្តភាពនេះ គឺដើម្បីត្រៀមប្រកួតជម្រុះនៃបាល់ទាត់ពិភពលោក FIFA WORLD CUP 2026 ជុំទី១ គឺក្រុមជម្រើសជាតិកម្ពុជាត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន ចំនួន២ជើង ដែលជើងទី១ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដា្ឋនជាតិអូឡាំពិក ខណៈជើងទី២នឹងប្រកួតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន។ ក្រុមឈ្នះ១ក្រុម រវាងកម្ពុជា ឬ ប៉ាគីស្ថាន នឹងត្រូវបន្តឡើងទៅប្រកួតនៅជុំទី២ ក្នុងពូល G ជាមួយ៣ប្រទេសផ្សេងទៀត គឺក្រុម Saudi Arabia, Jordan និង Tajikistan៕AKP
Post a Comment