អតីតនាយករដ្ឋមន្ត្រីឲ្យពិនិត្យឡើងវិញលើការយកពន្ធបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដាបានចេញលិខិតបំភ្លឺ
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យពិនិត្យឡើងវិញលើការយកពន្ធស្របពេលមានការផ្ទុះឡើងថា រដ្ឋាភិបាលថ្មី «កៀបយកពន្ធ»ពីពលរដ្ឋក្រោយបោះឆ្នោតឲ្យ។ នេះបើតាមសារសំឡេងតាមឡេក្រាមដែលវិទ្យុបារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃនេះ។
ប្រតិកម្មរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដា នៅថ្ងៃទី២៦កញ្ញា បានចេញលិខិតបំភ្លឺដែលមានចំនួន៥ទំព័រទៅលើការយកពន្ធនានា។ ការបំភ្លឺនេះគឺបន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គមដែលខាងពន្ធដាចាត់ទុកថាជាការយល់ច្រឡំ ឬជាចេតនាបំភាន់ មូលបង្កាច់មកលើស្ថាប័នពន្ធដា។ចំណុចសំខាន់ទី១ដែលអគ្គនាយកដ្ឋានពន្ធដាបានបំភ្លឺនេះ គឺការយកពន្ធលើចំណេញមូលធន។ ការយកពន្ធនេះគឺមិនមែនជាប្រភេទដែលទើបបង្កើតថ្មីនោះឡើយ។ សម្រាប់នីតិបុគ្គលពន្ធប្រភេទនេះត្រូវបានអនុវត្តតាំងពីឆ្នាំ១៩៩៤។ពន្ធលើចំណេញមូលនេះ ដែលបើតាមខាងពន្ធដាគឺរដ្ឋបានអនុវត្តទៅលើសហគ្រាស ក្រុមហ៊ុន រាប់ទាំងវិស័យអចលនទ្រព្យរបស់នីតិបុគ្គលរួចមកហើយ។ នៅឡើយតែអនុវត្តទៅលើរូបវន្តបុគ្គល ឬបុគ្គលម្នាក់ៗ ដែលពន្ធលើចំណេញមូលធននេះត្រូវបានពន្យាអនុវត្តចំនួន៣ដង ដោយសារកូវីដ១៩ បន្ទាប់ពីនីតិវិធីផ្លូវច្បាប់ពាក់ព័ន្ធនឹងការបង់ពន្ធនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២០។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដា។សូមបញ្ជាក់ថា ពន្ធលើចំណេញមូលធន គឺត្រូវបង់២០% ដែលជាចំនួនមួយខ្ពស់ធៀបនឹងការកំណត់ពន្ធមាន២០ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដាបានកំណត់។ បើតាមការបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដា គឺពន្ធលើចំណេញមូលធននេះនឹងត្រូវអនុវត្តចាប់ពីបំណាច់ឆ្នាំ២០២៤ទៅ។ ប៉ុន្តែនៅមុននេះ អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសអ្នកដែលរកស៊ីជួញដូរខាងដីធ្លី និងផ្ទះ បានត្អូញត្អែរចំពោះផែនការយកពន្ធនេះដែលកំណត់រហូតដល់២០%នៃប្រាក់ចំណេញ។អ្នកប្រើប្រាស់បណ្តាញសង្គមមួយរយៈចុងក្រោយនេះក៏បានរិះគន់ខ្លាំងដែរថា រដ្ឋាភិបាលកម្ពុជាថ្មីនេះគិតតែងយកពន្ធ ខណៈរដ្ឋាភិបាលប្រទេសផ្សេងគេបន្ថយពន្ធពីពលរដ្ឋ និងលើកទឹកចិត្តសហគ្រាសខ្នាតតូច។ ចំណុចនេះ អគ្គនាយកដ្ឋានពន្ធដា អះអាងថា រដ្ឋាភិបាលកម្ពុជាក៏សម្រួលដល់បរិយាកាសវិនិយោគដោយលុបចោលការបង់មួយចំនួនដូចជា ពន្ធម៉ៅការ ពន្ធសត្វឃាត កាត់បន្ថយពន្ធលើមូលដ្ឋានប្រាក់បៀរវត្ស លុបចោលពន្ធផ្លូវសម្រាប់ម៉ូតូ និងគ្រឿងយន្តកសិកម្ម ជាដើម។អគ្គនាយកដ្ឋានពន្ធដា ក៏បានទាត់ចោលផងដែរ ចំពោះការលើកឡើងថា មានការយកពន្ធ១%ចំពោះអ្នកខ្ចីលុយពីធនាគារ ខណៈការលើកឡើងពីការដំឡើងពន្ធព្រលានយន្តហោះចំពោះភ្ញៀវ និងអ្នកទេសចរណ៍ គឺជាការមិនពិត តែអគ្គនាយកដ្ឋានពន្ធដាទទួលស្គាល់ពីការដំឡើងតម្លៃសេវាកម្មអ្នកធ្វើដំណើររបស់ក្រុមហ៊ុនឯកជនដែលគ្រប់គ្រងអាកាសយាន្តដ្ឋាន៕RFI
Post a Comment