ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ស្តីពីការបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងការត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
|
រូបភាពសហការី |
ក្នុងសេចក្ដីណែនាំបានបញ្ជាក់ថា ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្ដើមកាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ដើម្បីបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈ ប្រកបដោយប្រសិទ្ធភាព និងត្រៀមលក្ខណៈសម្រាប់បើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៣-២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ បុគ្គលិកអប់រំ អាជ្ញាធរដែនដី ដូចខាងក្រោម៖សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទន្ទឹមនេះ គណៈគ្រប់គ្រងសាលា ត្រូវរៀបចំការប្រឡងឆមាសទី២ និងប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ នៅមុនដំណាច់ ឆ្នាំសិក្សា ២០២២-២០២៣។ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្ដើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់កុមារដែលមានអាយុ ៦ឆ្នាំ ឬ៧០ខែ (យ៉ាងតិចគិតត្រឹមថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣) និងសិស្សដែលឆ្លងភូមិសិក្សាពីថ្នាក់ទី៦ ទៅទី៧ រៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ការសិក្សាសិស្សផ្ទេរចូលសម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសហការនិងគាំទ្រពីគណៈកម្មការទ្រទ្រង់/គ្រប់គ្រងសាលារៀន អាជ្ញាធរដែនដី មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។បើតាមក្រសួងអប់រំ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ គ្រោងនឹងបើកបវេសនកាល នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់ដំណើរការឆ្នាំ សិក្សាថ្មី ក្រសួងនឹងចេញសេចក្ដីណែនាំអនុវត្តន៍ នាពេលខាងមុខ។ជាមួយគ្នានេះ ក្រសួងអប់រំក៏បានជំរុញដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា រដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ បុគ្គលិកអប់រំ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប អនុវត្តន៍ដោយស្មារតីទទួលខុសត្រូវខ្ពស់៕AKP
Post a Comment