កម្ពុជានិងចិនបានចេញសេចក្តីប្រកាសរួម
រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីប្រកាសរួមដែលមានខ្លឹមសារដូចខាងក្រោម៖
រូបភាពAP |
១. ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរថែមទៀត ក្នុងរយៈពេល ៦៥ឆ្នាំនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរសង្កត់ធ្ងន់ថា មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ ភាគីទាំងពីរនឹងអភិវឌ្ឍឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពយូរអង្វែងរបស់ខ្លួន និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក្នុងគោលបំណងលើកកម្ពស់ការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុង យុគសម័យថ្មី ដើម្បីជាការបង្ហាញអំពីសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ភាគីទាំងពីរបាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃព្រឹត្តិការណ៍ «ឆ្នាំមិត្តភាពកម្ពុជា-ចិន» ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងនៅតែមានឆន្ទៈបន្តទំនាក់ទំនងមិត្តភាពជា ប្រពៃណីតាមរយៈថ្នាក់ដឹកនាំជំនាន់ក្រោយៗ។
២. ភាគីទាំងពីរបញ្ជាក់ឡើងវិញនូវការគោរព និងគាំទ្រគ្នាទៅវិញទៅមកចំពោះជម្រើសន មាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរៀងៗខ្លួន។ ភាគីកម្ពុជាកោតសរសើរនូវសមិទ្ធផលដ៏ធំ ធេងរបស់ប្រទេសចិនក្នុងទសវត្សរ៍ នៃយុគសម័យថ្មី និងទំនើបភាវូបនីយកម្មរបស់ចិន ដែលផ្តល់នូវ ជម្រើសដល់ទំនើបភាវូបនីយកម្មសម្រាប់មនុស្សជាតិ និងកាលានុវត្តភាពថ្មីៗសម្រាប់កម្ពុជា។ វាត្រូវ បានគេជឿជាក់ថា ប្រទេសចិននឹងសម្រេចបាននូវគោលដៅសតវត្សទី២របស់ខ្លួន ក្នុងការកសាង ប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យមួយលើគ្រប់វិស័យ ដើម្បីក្លាយជាប្រជាជាតិរុងរឿងដ៏អស្ចារ្យមួយ តាមរយៈទំនើបភាវូបនីយកម្មរបស់ចិន។ ភាគីចិនវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ហើយជឿជាក់យ៉ាងមុតមាំថា ក្រោមម្លប់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ថ្មីកម្ពុជាដែលមានសម្ដេចធិបតីនាយករដ្ឋមន្ត្រី ជាប្រមុខ កម្ពុជានឹងបន្តសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការអភិវឌ្ឍជាតិ និងសុខុមាលភាពជូនប្រជាពលរដ្ឋ ព្រមទាំងដើរតួនាទីកាន់តែសំខាន់ក្នុងការថ រក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។
៣. ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំង ដាច់ខាត ចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ភាគីកម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនមួយ» ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុង របស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។ កម្ពុជាប្រឆាំងនឹងការប៉ុនប៉ង នានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬរារាំង ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកល យកបញ្ហាតៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយដើម្បីទាមទារ «ឯករាជ្យភាពតៃវ៉ាន់»។កម្ពុជាគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទោះក្នុងទម្រង់ណាមួយក៏ដោយ។ភាគីទាំងពីរបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធមនុស្ស ការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធ មនុស្ស ឬប្រជាធិបតេយ្យ។ ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌។
៤. ភាគីទាំងពីរឯកភាពគ្នារក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ដើម្បីជំរុញការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើទំនាក់ទំនងទ្វេភាគី និងបញ្ហាសំខាន់ៗដែលជាការព្រួយបារម្ភរួម។ ភាគីទាំងពីរឯកភាពគ្នាផ្ដល់តួនាទីពេញលេញដល់គណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា- ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន (ឆ្នាំ២០២៤- ២០២៨) ព្រមទាំងតួនាទីនានារបស់រដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសភា តំណាងប្រជាជនចិន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ក៏ដូចជាបណ្ដ ញទំនាក់ទំនងបក្ស ព្រមទាំងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការ ផ្លាស់ប្ដូររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ក្នុងគោលបំណងធ្វើឱ្យស៊ី ជម្រៅនូវការផ្លាស់ប្ដូរបទពិសោធន៍លើអភិបាលកិច្ច កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបំពេញបន្ថែម ឱ្យកាន់តែប្រសើរឡើងនូវសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
៥. ភាគីទាំងពីរឯកភាពគ្នាធ្វើឱ្យស៊ីជម្រៅនូវការបន្សំគ្នាជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្ត បញ្ចកោណ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន០៦ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន និងសម្រេចបាននូវការអភិវឌ្ឍរួមប្រកបដោយចីរភាព និងគុណភាពខ្ពស់។
– ផ្តល់តួនាទីឱ្យបានពេញលេញដល់យន្តការការងារកម្ពុជា-ចិន សម្រាប់កិច្ចសហប្រតិបត្តិ វិនិយោគ និងសមត្ថភាពផលិត ជាមួយនឹងទស្សនៈវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជា គំរូនៃតំបន់សេដ្ឋកិច្ចពហុបំណង រួមគ្នាធ្វើការសិក្សាលើ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» នៅកម្ពុជា។ កសាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាគម្រោងលេចធ្លោ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីទាក់ទាញបន្ថែមនូវសហគ្រាសចិន ដែលមានសមត្ថភាពក្នុងការបង្កើនការ វិនិយោគនៅកម្ពុជា ខណៈលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រុមហ៊ុននានានៃប្រទេស ទាំងពីរលើវិស័យកសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគ្គិសនី ថាមពល និងកម្មន្តសាល។ ភាគីចិនគាំទ្រការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា និងរួមគ្នាធ្វើការសិក្សាលើការរៀបចំផែនការបឋម និងការ រចនា ក៏ដូចជាការសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ច ខណៈធ្វើឱ្យប្រសើរឡើងនូវផ្លូវ ថ្នល់ ប្រព្រឹត្តកម្មទឹកកខ្វក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំពារជាច្រើនទៀត ក៏ដូចជាកិច្ចសហ ប្រតិបត្តិការអគ្គិសនី និងបណ្ដាញថាមពល។
– ពន្លឿនវឌ្ឍនភាពនៃច្រករបៀងមច្ឆា និងអង្ករ ដោយផ្តោតសំខាន់លើកសិផល ដូចជា ត្រី អង្គរ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើន ទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ដើម្បីសម្រេចគោលបំណងនៃច្រករបៀងមច្ឆា និង អង្ករ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម គួរផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។ តំបន់នានាដែល បង្ហាញពីកសិកម្មទំនើបនឹងត្រូវបានបង្កើតឡើងនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ និងការ ផ្លាស់ប្ដូរកសិកម្មឌីជីថលក៏នឹងត្រូវបានអនុវត្ត។
ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យ និងចត្តាឡីស័ករវាងប្រទេសទាំងពីរ។ ស្វែងរកការផ្លាស់ប្តូរព័ត៌មានឆ្លងដែនផងដែរ តាមរយៈ “ច្រកចេញចូលតែមួយ» ខណៈធ្វើឱ្យស៊ី ជម្រៅនូវកិច្ចសហប្រតិបត្តិការចត្តាឡីស័ករុក្ខជាតិ និងសត្វ សុវត្ថិភាពម្ហូបអាហារ និងពន្លឿនកា នការ ចរចាលើពិធីសារចត្តាឡីស័កសម្រាប់ការនាំផលិតផលកសិកម្ម និងម្ហូបអាហារទៅចិន។
– ផ្តល់ឱ្យគណៈកម្មាធិការសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា-ចិន នូវតួនាទី ដឹកនាំពេញលេញ ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងបណ្តាសហគ្រាសនៃប្រទេសទាំងពីរ។ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-ចិន ខណៈទាញយកឱ្យបានពេញលេញនូវសក្តានុពល នៃពាណិជ្ជកម្មទ្វេភាគី និង ធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនៃផលិតផលកម្ពុជានៅក្នុងប្រទេសចិន តាមរយៈយន្តការ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកទ្វេភាគី ពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំ ចេញ-នាំចូលចិន ពិព័រណ៍ផលិតផលអ្នកប្រើប្រាស់អន្តរជាតិចិន ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ពិព័រណ៍អាស៊ាន-ចិន។ល។ លើកកម្ពស់ការអនុវត្តប្រកបដោយគុណភាពខ្ពស់នូវកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ព្រមទាំងជំរុញការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០។ ភាគីកម្ពុជាគាំទ្រតំបន់រដ្ឋបាលពិសេសហុងកុងចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់។
– បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះ អាទិត្យ និងប្រភពថាមពលស្អាតដទៃទៀត ដើម្បីស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការ ថាមពលបៃតង ដែលមានស្ថិរភាព និងអាចទុកចិត្តបាន ជំរុញការបង្កើតគម្រោងតំបន់បង្ហាញការ បញ្ចេញកាបូនទាបកម្ពុជា-ចិន នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ស្តីពីការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុ អនុវត្តកិច្ចសហប្រតិបត្តិក្នុងកិច្ចសន្ទនាគោលនយោបាយ ការស្រាវជ្រាវរួម និង ការកសាងសមត្ថភាព ដោយផ្តោតសំខាន់លើការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការបំពុល បរិស្ថាន និងសេដ្ឋកិច្ចចរន្ត អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រយោជន៍រួម ដូចជាការ គ្រប់គ្រងធនធានទឹកឱ្យបានគ្រប់ជ្រុងជ្រោយ ការបង្ការគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ និង សុវត្ថិភាពទឹកបរិភោគនៅតាមជនបទ។
– រក្សាការចូលរួមយោធាកម្រិតខ្ពស់ ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នា និងការផ្លាស់ប្តូរ រវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហ ប្រតិបត្តិការជាក់ស្ដែង ក្នុងការបណ្តុះបណ្តាល ការធ្វើសមយុទ្ធរួមគ្នា សេវាកម្មវេជ្ជសាស្ត្រ ភស្តុភារកម្ម និងការដោះមីន។ល។ ក៏ដូចជាការបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងវេទិកា ពហុភាគី។
បន្ដធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនគរបាល និងការកសាង សមត្ថភាពទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងការលេងល្បែង ស៊ីសងឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ អនុវត្តកិច្ចសហប្រតិបត្តិការសន្តិសុខលើ គម្រោងនៃខ្សែក្រវាត់ និងផ្លូវសំខាន់ៗ។
– ភាគីចិនបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា តាមរយៈការអនុវត្តបន្ថែមទៀតនូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ សកល និងគម្រោងនានាដូចជា ផ្លូវជនបទ ស្ពាន ការផ្គត់ផ្គង់ទឹក សាលារៀន និងមន្ទីរពេទ្យ។ ភាគី កម្ពុជាសូមថ្លែងអំណរអរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ចិន។– ភាគីកម្ពុជាបញ្ជាក់សាជាថ្មីនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះទេសចរចិន និងការប្តេជ្ញា ចិត្តក្នុងការផ្ដល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព។ ភាគីទាំងពីរឯកភាពគ្នាបង្កើនការ ផ្លាស់ប្តូររវាងស្ថាប័នទេសចរណ៍ និងវប្បធម៌/ក្រសួងទទួលបន្ទុកនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ ការអនុវត្តកម្មវិធីប្រតិបត្តិ ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងរដ្ឋាភិបាលទាំងពីរ ស្របពេលលើក ទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ តាមរយៈ ការអភិវឌ្ឍគម្រោងរួមនៃផលិតផលទេសចរណ៍ ធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកលើ ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ ក៏ដូចជាការគាំទ្រគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចប្រឹងប្រែងកសាង ស្ថាប័ន។ បន្តអនុវត្តគម្រោងជំនួយរបស់ចិន ក្នុងការជួសជុលព្រះបរមរាជវាំងនៅអង្គរ និងជំរុញកិច្ច សហប្រតិបត្តិការក្នុងការការពារ និងការជួសជុលប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទ ទៀត។ គាំទ្រសហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសនៃប្រទេសទាំងពីរ ដើម្បីបង្កើនជើងហោះហើរកម្ពុជា-ចិន ស្របតាមតម្រូវការទីផ្សារ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី និងការផ្លាស់ប្ដូរមន្ត្រី។បន្តគាំទ្រយុវជនកម្ពុជាទៅសិក្សានៅប្រទេសចិន។ លើកកម្ពស់ផ្ទះយុវជនសម្រាប់មិត្តភាព កម្ពុជា-ចិន ឱ្យក្លាយជាវេទិកាសម្រាប់ពង្រឹងការផ្លាស់ប្ដូរ និងបណ្ដុះបណ្តាលយុវជនរវាងប្រទេស ទាំងពីរ។ ជំរុញការបង្កើតវិទ្យាស្ថានខុងជឺ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃការអប់រំ ភាសាចិននៅកម្ពុជា។ ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិកាលើការអប់រំវិជ្ជាជីវៈ ក្នុងក្របខណ្ឌ នៃសម្ព័ន្ធអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ខណៈលើកកម្ពស់ការទទួលស្គាល់គ្នាទៅវិញទៅមកនៃស្តង់ដារចុះ ឈ្មោះជំនាញវិជ្ជាជីវៈ។ ភាគីចិននឹងបន្តផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលចិនដល់និស្សិតកម្ពុជា។បង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រួមទាំងឱសថបុរាណចិន និងវិទ្យាសាស្ត្រវេជ្ជសាស្ត្របុរាណចិន ជំរុញការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការឱសថបុរាណ កម្ពុជា-ចិន។ ភាគីចិននឹងបន្តបញ្ជូនក្រុមគ្រូពេទ្យឱសថបុរាណចិនមកកម្ពុជា។
ភាគីទាំងពីរគាំទ្រការផ្លាស់ប្តូរប្រជាជន-ប្រជាជនគ្រប់ទម្រង់ និងជំរុញគម្រោងកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឱ្យស៊ីជម្រៅនៃការផ្លាស់ប្ដូរអរិយធម៌ និងការលើកកម្ពស់ជីវភាពរវាងអង្គការក រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងគោលបំណងជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។
៦. ភាគីទាំងពីរត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដូចមានចែងក្នុងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ។ ភាគីទាំងពីរប្រឆាំងរាល់គ្រប់ទម្រង់នៃអនុត្តរភាព នយោបាយអំណាចឯកតោភាគីនិយមក្នុងរូបភាពណាមួយ និងប្លុកផ្ដាច់មុខដែលផ្តោតលើប្រទេសជាក់លាក់មួយ។ ប្រទេសទាំងពីរប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងទំនាក់ទំនងអន្តរជាតិប្រភេទថ្មី និងកសាងសហ គមន៍វាសនារួមសម្រាប់មនុស្សជាតិដ៏ប្រសើរមួយ។
ភាគីទាំងពីរត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារបទដ្ឋានជាមូលដ្ឋាន និងគុណតម្លៃស្នូលនៃ អង្គការពាណិជ្ជកម្មពិភពលោក និងគាំទ្រដល់កំណែទម្រង់នានារបស់អង្គការនេះ ជាពិសេសការស្តារ និងដំណើរការធម្មតានៃយន្តការដោះស្រាយជម្លោះកម្រិតពីរដែលមានលក្ខណៈចាប់បង្ខំ។ ប្រទេស ទាំងពីរ ដែលសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍ មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្រប ខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីរួមគ្នាការពារសិទ្ធស្របច្បាប់នៃសមាជិកជាប្រទេសកំពុង អភិវឌ្ឍ និងលើកកម្ពស់តួនាទីរបស់អង្គការនេះឱ្យកាន់តែប្រសើរឡើង។
ភាគីទាំងពីរឯកភាពគ្នាប្រកាន់ខ្ជាប់នូវពហុភាគីនិយមពិតប្រាកដ។ ភាគីកម្ពុជាកោតសរសើរ ចំពោះតួនាទីមានលក្ខណៈស្ថាបនារបស់ចិន ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍជាសាកល ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដើម្បីឆ្ពោះទៅរកការអនុវត្តឱ្យបានឆាប់នូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយចិន ស្តីពីអភិបាលកិច្ចសន្តិសុខសកល ឆ្ពោះទៅសម្រេចបានសន្ដិសុខរួមប្រកបដោយចីរភាព សហប្រតិបត្តិការ និងគ្រប់ជ្រុងជ្រោយ និងប្រកាន់ខ្ជាប់នូវគុណតម្លៃរួមរបស់មនុស្សជាតិ ដូចជាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព។ភាគីទាំងពីរបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ចំពោះតំបន់ភាវូបនីយកម្មដែលបើកចំហ ដើម្បីឈានទៅការកសាងផ្ទះសន្តិភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពស្រស់បំព្រង និងមិត្តភាព នៅក្នុងតំបន់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន- ចិន ដើម្បីកសាងសហគមន៍វាសនារួមអាស៊ាន-ចិន ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ភាគីទាំងពីរឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជំរុញការកសាងសហគមន៍វាសនារួមសម្រាប់ ប្រទេសមេគង្គ-ឡានឆាង ឱ្យកាន់តែជិតស្និទ្ធថែមទៀត។
៧. ភាគីទាំងពីរជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពនៅសមុទ្រចិនខាងត្បូងរក្សាបាននូវស្ថិរភាពជារួម។ ប្រទេសទាំងពីរបានអំពាវ នាវដល់ភាគីពាក់ព័ន្ធអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលម្អ សមុទ្រ និងសម្រេចឱ្យបានឆាប់នូវក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រកបដោយសារសំខាន់ និង ប្រសិទ្ធភាព ឈរលើមូលដ្ឋាននៃការឯកភាពជាឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ រាល់ការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព ស្ថិរភាព និងភាពជឿជាក់ក្នុងតំបន់ពុំ មានលទ្ធផលល្អឡើយ ហើយគួរតែត្រូវចៀសវាង។
៨. ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនថ្នាក់ដឹកនាំ និងប្រជាជនចិន ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងប្រកបដោយមិត្តភាព ព្រមទាំងបានអញ្ជើញថ្នាក់ដឹកនាំចិន ទៅបំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាសមស្រប។
ក្នុងឱកាសទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (ឆ្នាំ២០២៤-២០២៨) និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនទៀតស្ដីពី៖ “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» «ច្រករបៀងមច្ឆា និងអង្ករ» ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យនិងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍៕KhmerTimes
Post a Comment