នាយ​​​ករដ្ឋមន្រ្តីកម្ពុជាលើកឡើងពី​សារៈ​សំខាន់នៃ​ពិ​ព័រណ៍​ចិន​-អាស៊ាន

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ក្នុងការជំរុញទំនាក់ទំនងក្នុងតំបន់។ឯកឧត្តមបណ្ឌិតបានថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ប្រទេសចិនកាលពីម្សិលមិញថា «ចំពេលមានភាពមិនប្រាកដប្រជាក្នុងពិភពលោក ការប្រារព្ធពិព័រណ៍ចិន-អាស៊ានមានសារៈសំខាន់ក្នុងការបង្កើតទំនាក់ទំនងក្នុងតំបន់អោយកាន់តែជិតស្និទ្ធ និងប្រកបដោយភាពសុខដុម ព្រមទាំងជួយលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ 

សំខាន់ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះបង្ហាញថា កិច្ចសហប្រតិបត្តិការរួមជាមួយនឹងពាណិជ្ជកម្មសេរី និងបើកចំហ គឺជាផ្លូវតែមួយគត់ដើម្បីឆ្ពោះទៅរកសន្តិភាព និងវិបុលភាពរួមគ្នា”ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា “យើងរីករាយនឹងកិច្ចសហប្រតិបត្តិការដ៏ល្អតាមរយៈស្ថាបត្យកម្មក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន។ នេះរួមបញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀងRCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនផ្សេងទៀត។ ក្រោម​ក្របខ័ណ្ឌ​ទាំងនេះ ពិព័រណ៍​នេះ​គឺជា​សកម្មភាព​ជាក់ស្តែង​ដែល​បង្កើត​ឱកាសដើម្បី​បង្កើន​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ចិន។ យើងទាំងអស់គ្នាមានមោទនភាពណាស់ដែលទំហំពាណិជ្ជកម្មរវាងអាស៊ាន-ចិនមានរហូតដល់ ៧២២ ពាន់លានដុល្លារកាលពីឆ្នាំមុន”ពិធីពិព័រណ៍ចិន-អាស៊ានលើក​ទី២០ បានធ្វើឡើងក្រោម​ប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយ​ភាព​សុខ​ដុម និងវាសនាតែមួយ» ដោយនេះគឺជាព្រឹត្តិការណ៍បង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលត្រូវបានរៀបចំរួមគ្នាដោយមេដឹកនាំនៃប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន។ ភាគីចិនបានស្នើអោយមានការៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំនៅទីក្រុងណាននីងខេត្តក្វាងស៊ីប្រទេសចិនចាប់ពីឆ្នាំ២០០៤នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ៧ កាលពីខែតុលាឆ្នាំ២០០៣។ សំណើនេះទទួលបានការឆ្លើយតបជាវិជ្ជមានពីប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសអាស៊ានទាំង១០ ហើយត្រូវបានបញ្ជូលទៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន។ CAEXPO លើកទី១ ត្រូវបានរៀបចំដោយជោគជ័យនៅទីក្រុងណាននីងក្នុងខែវិច្ឆិកា ឆ្នាំ២០០៤ ហើយចាប់តាំងពីពេលនោះមក ទីក្រុងណាននីងបានក្លាយជាទីក្រុងម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះជារៀងរហូតមក៕ AKP/Khmer Times

Powered by Blogger.