កូរ៉េពិភា​ក្សាការ​ងា​រ​ជាមួយថ្នាក់ដឹកនាំ​​កម្ពុជាឡាវហ្វីលីពី​ន​និ​ង​សិ​ង្ហបុរី

 ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោកYoon Suk Yeol បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំកម្ពុជា ឡាវ ហ្វីលីពីន និងសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ខណៈដែលលោកបានព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការនិងស្នើសុំការគាំទ្រក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ២០៣០នៅទីក្រុងប៊ូសាន។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន ដោយលោកបានមានជំនួបជា​លើក​ដំបូង​ ជាមួយ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែលទើប​បាន​ចូល​កាន់​តំណែង​កាលពី​ខែ​មុន​។ការិយាល័យប្រធានាធិបតីបាននិយាយថា ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង-កម្ពុជាដែលបានចូលជាធរមានកាលពីខែធ្នូឆ្នាំមុន និងកិច្ចព្រមព្រៀងគយដែលបានចុះហត្ថលេខាកាលពីខែមេសា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ចំនួន១.០៥ ពាន់លានដុល្លារកាលពីឆ្នាំមុន។លោក Yoon បានសង្កត់ធ្ងន់ថា ការបាញ់សាកល្បងនាពេលថ្មីៗនេះ របស់កូរ៉េខាងជើងដែលបានអះអាងថា ជាផ្កាយរណបនោះគឺជាការរំលោភយ៉ាងច្បាស់លើសេចក្តីសម្រេចជាច្រើន របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយបានស្នើសុំការយកចិត្តទុកដាក់និងការគាំទ្រពីនាយករដ្ឋមន្ត្រី និងវិធានការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។លោកក៏បានស្នើសុំកម្ពុជាគាំទ្រប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ២០២៣ នៅទីក្រុងប៊ូសានផងដែរ។នៅក្នុងជំនួបជាមួយលោក Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ លោក Yoon បាននិយាយថា កូរ៉េខាងត្បូងនឹងបន្តធ្វើជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសឡាវ ខណៈដែលនាយករដ្ឋមន្រ្តីឡាវសង្ឃឹមថា កូរ៉េខាងត្បូងនឹងរួមចំណែកក្នុងវិស័យបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្តូរឌីជីថល។លោកYoon ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ហើយបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងបៃតង។ មេដឹកនាំទាំង២បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ រួមទាំងតាមរយៈការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់កូរ៉េខាងជើង។ទន្ទឹមនឹងនេះ នៅក្នុងជំនួបរបស់លោក Yoon ជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ អាវុធ និងថាមពលនុយក្លេអ៊ែរ។ក្រោយមកថ្នាក់ដឹកនាំទាំង២បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ៕ Yonhap News Agency/Khmer Times


Powered by Blogger.