សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលបានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ០២៣នេះ។
|
|
នៅលើបណ្ដាញតេឡេក្រាមល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ក្នុងនាមខ្ញុំប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងការអបអរសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាសគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២ និង២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១ និង ២៨នាទី នៅរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ។សូមជម្រាបជូនថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។ដោយឡែកក្នុងសារជូនជនរួមជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ទន្ទឹមនេះ ការកសាងនូវឯកសារស្នើសុំចុះបញ្ជីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយឆ្លងកាត់ការរៀបចំ ត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ ដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីជំនាញក្រោមឱវាទ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការពិគ្រោះយោបល់ជាមួយអ្នកជំនាញការអន្តរជាតិរហូតឆ្នាំ២០២០ ទើបឯកសារនេះបានលេចចេញជារូបរាងឡើង ស្របទៅតាមអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ មុននឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ កន្លងទៅ បានសម្រេចលើកសំណើជាផ្លូវការទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីខែមករា ឆ្នាំ២០២១។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងទៀតថាផ្អែកលើសំណើរបស់រាជរដ្ឋាភិបាល មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញការអន្តរជាតិនៃក្រុមប្រឹក្សា អន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកធ្វើការវាយតម្លៃដោយផ្ទាល់នៅរមណីយដ្ឋាន ប្រាសាទកោះកេរ កាលពីខែកញ្ញា ឆ្នាំ២០២១ ហើយរហូតដល់ខែមីនា ឆ្នាំ២០២២ ទើបសម្រេចទទួលយក នូវសំណើសុំចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ(Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកសម្រេចចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ សម្ដេចធិបតីបានចាត់ទុកមហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែល កើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតី រតជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនា ដែលជាមូលដ្ឋាននៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌ និង ប្រពៃណីជាកេរ្តិ៍មរតកដ៏ឧត្ដុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀតផង។សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល ក៏បានធ្វើការអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមាន អាជ្ញាធរដែនដីខេត្តព្រះវិហារ និងស្ថាប័ននានា ត្រូវពង្រឹងឱ្យបានដាច់ខាតនូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់ រមណីយដ្ឋានប្រាសាទកោះកេរ ស្របតាមគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយទប់ស្កាត់រាល់ការទន្ទ្រានយកដីខុសច្បាប់ ការសាងសង់សំណង់ខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់ សត្វព្រៃ ការរុករក និងជីកកកាយដោយខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ របស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពប្រជាជន៕AKP
Post a Comment