រាជរដ្ឋាភិបា​​​លដាក់ចេញគោល​កា​​ណ៍៧ចំណុចលើ​កកម្ពស់សុវត្ថិភាពនិ​ងសុខភាពការ​ងារដល់កម្មករនិ​យោ​ជិត

រដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការបានដាក់ចេញគោលការណ៍៧ចំណុចដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារដល់កម្មករនិយោជិត។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣។គោលការណ៍៧ចំណុចសំខាន់ៗដែលរដ្ឋាភិបាលបានអនុវត្តខ្ជាប់ខ្ជួនរួមមាន៖ទី១ ការតម្រូវឲ្យមានសេវាសង្គ្រោះបឋមនៅកន្លែងធ្វើការឱ្យបាន៨៥.៥%នៃរោងចក្រដែលចុះបញ្ជីនៅក្រសួងនិងទី២ការរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារជារៀងរាល់ឆ្នាំ។ ទី៣ ការដាក់ឲ្យអនុវត្ត គោលការណ៍ប្រតិបត្តិស្តង់ដារ ស្តីពីការដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះ ក្នុងគោលការណ៍ទី៤ក្រសួងការងារបានបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាពនិងសុខភាពការងារតាមបណ្តាមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទី៥ គឺការបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារ និងវិជ្ជាសង្រ្គោះតាមរោងក្រសហគ្រាសផងដែរ។ ទី៦ ក្រសួងការងារបានបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារដល់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែក សុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ ទី៧ គឺការបណ្តុះបណ្តាលស្តីពីការរក្សាអនាម័យ និងវិធានការការពារជំងឺផ្តាសាយ ដល់មន្រ្តីតាមមន្ទីរ ក.ប. រាជធានី-ខេត្ត និងដល់កម្មករនិយោជិត។ 

វិធានការទាំង៧នេះគឺជាវិធានការដើម្បីលើកកម្ពស់កម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារដល់កម្មករដែលជាចំណុចអាទិភាពស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិទី៧នេះ។សូមជម្រាបថា យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO)បានបង្ហាញឱ្យឃើញថាក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ២,៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងប្រមាណ៦ពាន់នាក់ ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ ដោយឡែក នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ កើនឡើង ២៩.២៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុបចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់) ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)៕AKP

Powered by Blogger.