ប្រធា​ន​​​រដ្ឋសភាកូរ៉េកោ​តស​រសើរសម្ដេច​ហ៊ុន សែន

 លោកKim Jin Pyo ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃនិងស្នើសុំឱ្យសម្ដេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់និងពិភពលោក។ 

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២៣។ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបសវនាការ ជាមួយ ឯកឧត្តម គឹម ជីនព្យូ (Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដើម្បីសម្តែងការគួរសម និងសំណេះសំណាលអំពីកិច្ចសហប្រតិបត្តិការ និងមិត្តភាព ដែលប្រទេសទាំងពីរបានកសាងកន្លងមក។នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកគី ជីនព្យូ ដែលជាមិត្តចាស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១ ក្នុងនាមជាប្រធានរដ្ឋសភានៃ សាធារណរដ្ឋកូរ៉េ។ ក្នុងនាមជាស្ថាបនិក នៃការតភ្ជាប់ឡើងវិញទំនាក់ទំនង កម្ពុជា-កូរ៉េ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសលោក អ៊ឹម ជីនព្យូ ដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ២០០១។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ចំពោះភាគីមិត្ត ដែលបានជួយកម្ពុជាក្នុងគ្រាលំបាក រួមទាំងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយសង្គ្រាមស៊ីវិលអស់រយៈពេលជាយូរ។ ទន្ទឹមនេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលាបណ្តុះបណ្តាលបច្ចេកទេស ពិសេសស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងសាងសង់ ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ គឺជានិមិត្តរូប នៃសាមគ្គីភាពដ៏អស្ចារ្យ។លោកគីម ជីនលូ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និងប្រទេសកម្ពុជា ដែលតែងតែគាំទ្រភាគីកូរ៉េ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃពិព័ណពាណិជ្ជកម្មពិភពលោកនៅទីក្រុងបូស៊ាន ឆ្នាំ២០៣០ក៏ដូចជាការគាំទ្រការរៀបចំការប្រកួតបាល់ទាត់ពិភពលោក(FIFA World Cup) ឆ្នាំ២០០២ផងដែរ។ លោកប្រធានរដ្ឋសភាបានថ្លែងកោតសរសើរ សម្តេចតេជោ អំពីភាពដឹកនាំការទូតដ៏ឈ្លាសវៃ និងស្នើសុំឱ្យ សម្ដេចតេជោ បន្តចូលរួមគិតគូរអំពីសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋសភាក៏បានបញ្ជាក់ថាភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែងភាគីកម្ពុជាដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេស មានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០។ភាគីទាំង២បានផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរជឿជាក់សម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន-កូរ៉េនិងមេគង្គ-កូរ៉េ។ជាមួយគ្នានេះ ភាគីទាំង២អបអរសាទរចំពោះសមិទ្ធផលរួម ដែលសម្រេចបានក្នុង ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ទោះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ ភាគីទាំងពីរនឹងជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំង២បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងបង្កើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ប្រជាជននៃប្រទេសទាំង២។គួរបញ្ជាក់ដែរថា  តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាលោក គឹម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានចូលជួបសម្តែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំង២៕AKP

Powered by Blogger.