ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានកៀរគរវិនិយោគិនជប៉ុនមកទស្សនកិច្ចសិក្សា ស្វែងរកឱកាសវិនិយោគ និងមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់ និងនៅតែបន្តកៀរគរធុរកិច្ចជនជប៉ុន មកកាន់កម្ពុជា នាអនាគតតទៅទៀត។
|
|
ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះបន្ទាប់ពីលោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) បានជម្រាបជូនក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ថា លោកបាននិងកំពុងកៀរគអ្នកវិនិយោគជប៉ុនខ្នាតតូច និងមធ្យម(SME) ឲ្យមកសិក្សាស្វែងរកឱ្យកាសវិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា តាមរយៈការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សា។ លោកជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ទៀតថា កន្លងមកលោកបានដឹកនាំគណៈប្រតិភូ ដែលជាពាណិជ្ជករមកទស្សនកិច្ចនៅកម្ពុជា ជាហូរហែរ។ លោកបញ្ជាក់ថា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិជាធុរកិច្ចជនមួយក្រុមទៀតមកកាន់កម្ពុជា ដើម្បីសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគ ស្របពេលពិធីបុណ្យអុំទូកផង និងជាឱកាសដ៏ល្អមួយផងក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗអបអរសាទរខួបលើកទី៧០ នៃទំនាក់ទងកាទូតរវាងកម្ពុជានិងជប៉ុន។ ជាការឆ្លើយតបទៅនឹងមនោសញ្ចេតដ៏ជ្រាលជ្រៅក្នុងនាមជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយមួយនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងនាមក្រសួងមហាផ្ទៃ ជាតួអង្គមួយរបស់រាជរដ្ឋាភិបាលនឹងខិតខំសម្របសម្រួលការងារពាក់ព័ន្ធនានាដើម្បីបង្កលក្ខណៈងាយស្រួលដល់ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូធុរកិច្ចជនជប៉ុន ដែលនឹងមកកាន់កម្ពុជានាពេលខាងមុខ ព្រមទាំងសហការសម្របសម្រួលកិច្ចការផ្សេងៗដល់អ្នកវិនិយោគជប៉ុននៅកម្ពុជាផងដែរ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃ នឹងប្រឹងប្រែងបន្តទៀតក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការថែសុខសុវត្ថិភាពសង្គម ដើម្បីផ្ដល់ភាពកក់ក្ដៅដល់អ្នកវិនិយោគ និងទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា។ ឯកឧត្ដមអភិសន្តិបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា លោក តាកាហាស៊ី ហ្វមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា នឹងបន្តខិតខំកៀរគអ្នកវិនិយោគជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាអំពីសក្តានុពលរបស់កម្ពុជា និងស្វែងរកឱកាសវិនិយោគ រួមចំណែកផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ក្នុងជំនួបនេះដែរ លោកប្រធានសមាគមជប៉ុន-កម្ពុជា បានរំលឹកអំពីអនុស្សាវរីយ៍ល្អៗជាមួយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែស្វាគមន៍ គាំទ្រ សហការយ៉ាងល្អបង្កលក្ខណៈយ៉ាងប្រសើរដល់លោកក្នុងបេសកកម្មកាទូតនៅកម្ពុជាចន្លោះឆ្នាំ២០០៣-២០០៧។ លោកក៏សង្ឃឹមយ៉ាងមុតមាំដែរថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងបន្តលើកស្ទួយនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ជប៉ុនបន្តទៀត។ ទាក់ទងនឹងចំណងការទូតនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងទៅកាន់លោក តាកាហាស៊ី ហ្វមីអាគី ថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំគម្រប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ដោយឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងនូវការសាទរ និងគាំទ្រចំពោះគម្រោងរបស់សមាគមជប៉ុន-កម្ពុជា ដែលគ្រោងរៀបចំព្រឹត្តិការណ៍នានាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នេះ៕
Post a Comment