កម្ពុជា-​អា​ម៉េរិកប្រកាស​បន្តកិច្ចសហ​ប្រតិបត្តិការ​នៅក្នុងវិស័​យផ្សេងៗ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងឯក​អគ្គ​រ​ដ្ឋ​ទូ​តអាម៉េរិកប្រចាំកម្ពុជាបានពិភាក្សានិងបន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗទៀតដែ​លប្រទេសទាំង២កំពុងយកចិត្តទុកដាក់បំផុត។ក្នុងជំនួបរវាង រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​ណា​ច​ក្រកម្ពុជា និង ឯកឧត្តម ផាទី្រក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូ​តស​ហរ​ដ្ឋអា​មេ​រិ​ក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព ​ស​ម្ដេ​​ច​​ធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី​ក​ម្ពុជា-ស​ហ​រដ្ឋអាមេរិក នាពេលកន្លងមក។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុ​ងកា​រ​ប​ន្ត​នូ​វ​កិ​ច្ច​ស​ហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ នៃ​ប្រ​ទេ​ស​ទាំ​ង២។សម្ដេ​ចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្ត​ល់​ជូ​ន​ឡើ​ង​វិ​ញ​​នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាម៉េរិក តាមរយៈទីភ្នាក់ងារ​សហរ​ដ្ឋ​អា​​មេ​រិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ ប្រាក់ជំនួយ​ដែល​ត្រូវ​បាន​ផ្ត​ល់​ជូ​ន​ឡើ​ង​វិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែ​លម្អកា​រផ្ត​ល់​សេ​​​វាសុ​ខាភិ​បា​លទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន (២) ការការពារ​បរិស្ថា​នប្រក​បដោ​យ​ចី​រ​ភា​ព (៣) ការ​កា​រ​ពា​រ និងការប្រយុទ្ធនឹងជំងឺរបេង និង (៤)​ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភា​ព​ដ​ល់​យុវ​ជ​ន​ក​ម្ពុ​ជា​ជាដើម។ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ភាគីទាំ​ងពីរបា​នឯកភា​ពគ្នា​ក្នុង​ការ​ប​ន្ត​ស​ម្រ​បសម្រួលសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ (១) ពន្លឿ​ននី​តិ​វិ​ធីក្នុងការកំណត់អត្តសញ្ញាណនិងការរៀបចំបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជា (២) ធ្វើ​សាមញ្ញ​កម្ម​នី​តិវិធីនៅពេលបញ្ចូន និង (៣)រៀបចំផែនការសកម្មភាពនៃការគាំទ្រ និង​ការធ្វើ​សមា​ហរ​ណ​ក​ម្ម​សម្រាប់ឱ្យពលរដ្ឋខ្មែរ អាចបន្សំ និងអាចធ្វើសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅ​ក​សា​ងជីវិតថ្មីមួយឱ្យបានល្អសមស្របនៅលើទឹកដីកម្ពុជា។

ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/​MI​A​)​ សម្ដេចធិបតីបានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ថា រាជរដ្ឋាភិបាល​កម្ពុ​ជាបា​នយ​កចិ​ត្ត​ទុ​ក​ដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុង​កា​រ​ស​ម្រ​ប​ស​ម្រួលនិងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង​ជី​ករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោ​យ​កាយវិការនៃការគោរព និងស្រឡាញ់ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន៕AKP

Powered by Blogger.