ក្រុមអ្នកនាំពាក្យនៃខុទ្ទការិយាល័យនាយករដ្ឋមន្ត្រីកម្ពុជាបានបដិសេធពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើប្រាស់លុយខ្ជះខ្ជាយសម្រាប់ផ្សព្វផ្សាយរូបរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតំបន់ Time Square នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថាខុសពីការពិត។ការបដិសេធខាងលើនេះ ធ្វើឡើងបន្ទាប់ពីសាធារណមតិ និងសារព័ត៌មានមួយចំនួន បានលើក ឡើងថា លោក ហ៊ុន ម៉ាណែត បានប្រើប្រាស់លុយរដ្ឋជាច្រើន ដើម្បីផ្សព្វផ្សាយរូបលើបដាក្នុងអំឡុងចូលរួមកិច្ចប្រជុំរយៈពេល៥ថ្ងៃ នៅសហរដ្ឋអាមេរិក។
|
ផ្ទាំងប៉ាណូផ្សព្វផ្សាយរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទីក្រុងញូយ៉ក។ រូបភាព៖ ក្រសួងមហាផ្ទៃ/Khmer Times |
ក្នុងសេចក្ដីបំភ្លឺរបស់ក្រុមអ្នកនាំពាក្យកាលពីម្សិលមិញបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានចូលរួមក្នុងកិច្ច ពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ការប្រជុំខាងលើនេះ គឺមានការចោទប្រកាន់ពីក្រុមនិន្នាការប្រឆាំងនឹងរដ្ឋាភិបាលអំពីការផ្សព្វផ្សាយតាមបដាគាំទ្រ នៅតំបន់ Time Square ដែលលើកឡើងថា ជាការរៀបចំ និងចំណាយថវិកាខ្ជះខ្ជាយរបស់រដ្ឋាភិបាលកម្ពុជា។ក្រុមអ្នកនាំពាក្យបន្តថា ក្រោយពីមានការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យមានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយខុសពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ។ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ចំពោះការរៀបចំបដាផ្សព្វផ្សាយខាងលើនេះ គឺពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ»។លោក ហ៊ុន ម៉ាណែតបានសរសេរសារនៅលើហ្វេសប៊ុករបស់លោកថា៖ « សូមអរគុណចំពោះប្អូនប្រុស David Soth ដោយបានសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬ ផ្សាយពាណិជ្ជកម្មតាម billboard ) ដែលប្អូនកំពុងធ្វើការជាមួយ ដើម្បីផ្សព្វផ្សាយអំពីរូបភាពស្វាគមន៍ដល់រូបខ្ញុំនៅលើផ្ទាំងប៉ាណូពាណិជ្ជកម្ម តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុង ញូយ៉ក ជាពិសេសនៅ Time Square ដោយឥតគិតថ្លៃ និងដោយមិនមានការស្នើសុំពីអ្នកណា។»«នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬ ផ្សាយពាណិជ្ជកម្មតាមbillboard) ដែលបានជួយផ្សាយដោយឥតគិតថ្លៃចំពោះសារស្វាគមន៍នេះ។»លោក ឯម សុវណ្ណរ៉ា អ្នកវិភាគ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ចំពោះមតិផ្ទុយគ្នារវាងអ្នកនាំពាក្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតក្រុមសារព័ត៌មាន និងសាធារណជន គឺសុទ្ធតែមានអំណះអំណាងផ្សេងៗគ្នា។លោកបន្ថែមថា មតិស្របទៅរករដ្ឋាភិបាល និងមតិផ្ទុយខាងលើនេះ គឺរដ្ឋាភិបាលគួរបញ្ជាក់ឱ្យសាធារណជន និងសារព័ត៌មានឱ្យបានច្បាស់លាស់ ព្រោះបើខ្វះការបញ្ជាក់ឱ្យបានច្បាស់ទេ ទោះក្នុងរូបភាពណា ក៏មិនអាចលុបបំបាត់ពាក្យចចាមអារ៉ាមបានឡើយ។លោក ឯម សុវណ្ណរ៉ា បញ្ជាក់ថា បញ្ហាទាំងនេះ រដ្ឋាភិបាលគួរបង្ហាញទិន្នន័យ និងឯកសារផ្លូវការ សម្រាប់បញ្ជាក់សាធារណជន ជាពិសេសសារព័ត៌មាន ដើម្បីកែតម្រូវ និងស្ដារភាពមិនប្រក្រតីឡើងវិញ ព្រោះពាក់ព័ន្ធនឹងចាយលុយខ្ជះខ្ជាយ ច្បាប់ តម្លាភាព និងអំពើពុករលួយ ដែលនាំឱ្យបាត់បង់ភាពជឿជាក់ និងការដឹកនាំរបស់រដ្ឋាភិបាល៕Khmer Times
Post a Comment