ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានកំណត់យុទ្ធសាស្ត្រប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តមបណ្ឌិតបានលើកឡើងដូច្នេះនៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។ឯកឧត្តមបណ្ឌិតបានបន្ថែមថា “ដូចប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែរ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់យើងក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ និងរីកចម្រើននៅឆ្នាំ២០៥០”។
|
|
ឯកឧត្តមបណ្ឌិតបានបន្តថា “ រដ្ឋាភិបាលរបស់ខ្ញុំប្តេជ្ញាចាត់វិធានការផ្លាស់ប្តូរ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដែលទើបនឹងត្រូវបានប្រកាសអោយអនុវត្តក្នុងពេលថ្មីៗសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ”។ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ទៀតថា យុទ្ធសាស្ត្របញ្ចកោណកំពុងត្រូវបានអនុវត្តចាប់ពីដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» ។បើតាមប្រមុខដឹកនាំកម្ពុជា កម្ពុជាកំពុងផ្លាស់ប្តូរបន្តិចម្តងក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២៧។ឯកឧត្តមបណ្ឌិតបានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ៥.៦ ភាគរយនៅឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ៥.២ ភាគរយ។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាបញ្ចប់ឋានៈជា ប្រទេសអភិវឌ្ឍន៍តិចតួច និងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តមបានប្រាប់ Xinhua ថា “កិច្ចព្រមព្រៀង RCEP រួមជាមួយនឹងកិច្ចព្រមព្រៀងសេរីទ្វេភាគីផ្សេងទៀតមិនត្រឹមតែជំរុញដល់កំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត” ។កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន១៥ប្រទេស ដូចជាប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕ Xinhua/Khmer Times
Post a Comment