ចិ​នគាំ​​ទ្រកម្ពុជាប្រឆាំង​នឹង​កា​រជ្រៀតជ្រែក​ចូ​ល​​កិច្ចការផ្ទៃក្នុងពី​បរ​ទេស

ចិនបង្ហាញជំហរគាំទ្រកម្ពុជាប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីខាងក្រៅរួមនឹងការធ្វើបដិវត្តពណ៌ពីសំណាក់ក្រុមប្រឆាំងជាដើម។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែកញ្ញា។ HMN
នេះបើយោងតាមខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជា និងចិនក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុន ម៉ាណែតបានបិទបញ្ចប់ដំណើរការទស្សនកិច្ចជាផ្លូវការនៅឯប្រទេសចិន។ ក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក លី ជាំងនាយករដ្ឋមន្ត្រីចិននាពេលកន្លងទៅ ភាគីចិនបានបញ្ជាក់ថា ខ្លួននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍ជាតិ ដោយប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌។ក្នុងសេចក្តីប្រកាសរួម ចិនក៏នឹងគាំទ្រកម្ពុជាប្រឆាំងចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស ការអនុវត្តស្តង់ដារពីរការជ្រៀតជ្រែកលើកិច្ចផ្ទៃក្នុងក្រោមហេតុផលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ ហើយក៏ប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាព នយោបាយអំណាច ឯកតោភាគីនិយមក្នុងរូបភាពណាមួយ និងប្លុកផ្តាច់មុខដែលផ្តោតលើប្រទេសជាក់លាក់។ជំហរប្រឆាំងដាច់ខាតរបស់ចិននាពេលនេះធ្វើឡើងបន្ទាប់ពីភាគីកម្ពុជានៅរក្សាគោលនយោបាយចិនតែមួយដែលរដ្ឋាភិបាលចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល រួមនឹងតៃវ៉ាន់ផង ខណៈកម្ពុជាខ្លួនឯងក៏អះអាងពីការប្រឆាំងដាច់ខាតចំពោះសកម្មភាពប៉ុនប៉ងនានាដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនឬរាំងខ្ទប់ចិនមិនឱ្យមានលទ្ធភាពទាមទារកោះតៃវ៉ាន់មកធ្វើជាកម្មសិទ្ធិរបស់ខ្លួនវិញបាន។បើតាមសេចក្តីប្រកាសរួមខាងលើ កម្ពុជាក៏បានប្រកាសថា ខ្លួននឹងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយកោះតៃវ៉ាន់ឡើយ បើទោះស្ថិតក្នុងទម្រង់ និងលក្ខខណ្ឌណាក៏ដោ​យ។លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយចាត់ទុកថា នេះជាវិធីសាស្ត្រលើកតម្កើងមេដឹកនាំថ្មី ដោយមិនគិតពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ហើយលោកសាស្ត្រចារ្យ ឯម សុវណ្ណារ៉ាយល់ថា ការប្រឆាំងរបស់ចិនចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺគ្មានផលវិជ្ជមានអ្វីឡើយ​ចំពោះប្រព័ន្ធប្រជាធិបតេយ្យ ប៉ុន្តែធ្វើឱ្យមានទំនាស់ផលប្រយោជន៍ជាមួយប្រទេសលោកសេរីទៅវិញ។ តែយ៉ាងណា លោកសាស្ត្រាចារ្យបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជានេះគឺរឿងល្អ។ប៉ុន្តែលោកចង់ឃើញកម្ពុជាឈរលើគោលការណ៍អព្យាក្រឹត្យ មិនលម្អៀងទៅលើប្រទេសមហាអំណាចណាមួយ៕RFI

Powered by Blogger.