កម្ពុជា​​រក​​ឃើញ​បង្គោល​ព្រំដែន​​គោក​កម្ពុជា​-​ថៃ​​​ជាង៧​០​ទីតាំង​​

 កម្ពុជា​បាន​រក​ឃើញ​បង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ​សរុប​ជាង​៧​០​ទីតាំង​ ​ស្មើ​ជាង​ ​៧​០​បង្គោល​ ​ដែល​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ទិដ្ឋភាព​ច្បាប់​ ​បច្ចេកទេស​ ​និង​នយោបាយ​ ​ដើម្បី​ធានា​រក្សា​ការពារ​មិន​ឱ្យ​មាន​ការ​រំលោភបំពាន​នូវ​អធិបតេយ្យ​ជាតិ​និង​បូរណភាពទឹកដី​របស់​កម្ពុជា​។​

សកម្មភាព​មន្ត្រី​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​-​ថៃ​ ​ចុះ​ ​បោះបង្គោល​ក្នុង​ ​ភូមិសាស្ត្រ​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​ស្រះ​កែវ​ ​កាលពី​ឆ្នាំ​២​០​២​០​។​  រូបភាព​៖​ ​រដ្ឋបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​/KhmerTimes
ក្នុង​កិច្ចប្រជុំ​រវាង​គណៈកម្មការ​រដ្ឋសភា​ ​និង​តំណាង​រដ្ឋាភិបាល​កម្ពុជា​ ​ស្តីពី​ការ​បង្កើត​រដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ ​នៅ​វិមានរដ្ឋ​សភា​ ​កាល​ពី​ថ្ងៃសុក្រ​ ​លោក​ ​ឡាំ​ ​ជា​ ​រដ្ឋមន្ត្រី​រដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ ​បាន​ឱ្យ​ដឹង​ថា​ ​កិច្ចការ​ព្រំដែន​ ​ជា​កិច្ចការ​អាទិភាព​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​ ​និង​ជា​អាយុជីវិត​របស់​ជាតិ​ ​ដែល​ទាមទារ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ជា​អាទិភាព​ខ្ពស់​បំផុត​។​លោក​បន្ថែម​ថា​ ​ការងារ​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត​មាន​ដូចជា​ ​ទិដ្ឋភាព​ច្បាប់​ ​បច្ចេកទេស​ ​និង​នយោបាយ​ ​ដើម្បី​ធានា​រក្សា​ការពារ​មិន​ឱ្យ​មាន​ការរំលោភ​បាន​ជា​ដាច់​ខាត​រាល់​អធិបតេយ្យ​ ​និង​បូរណភាពទឹកដី​នៃ​កម្ពុជា​។​លោក​បន្ត​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ដោយ​ប្រកាន់ខ្ជាប់​ឥតងាករេ​នូវ​ឧត្តម​គតិ​ស្នេហាជាតិ​ដ៏​ស្មោះត្រង់​បំផុត​ ​ដើម្បី​ការពារ​ថែរក្សា​ឱ្យ​បាន​ជា​ដាច់ខាត​នូវ​អធិបតេយ្យ​ជាតិ​ ​និង​បូរណភាពទឹកដី​។​​លោក​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធផល​ជាតិ​ជា​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ព្រំដែន​គោក​នៃ​កម្ពុជា​ ​ជាមួយ​ប្រទេសជិតខាង​។​ ​ក្នុង​នោះ​ ​កម្ពុជា​បាន​ធ្វើការ​ខណ្ឌសីមា​ ​និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម​ ​បាន​ចំនួន​ ​៨​៤​ភាគរយ​។​បាន​ធ្វើការ​ត្រួត​ពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន​គោក​កម្ពុជា​-​ឡាវ​ ​បាន​ចំនួន​ ​៨​៦​ភាគរយ​ ​និង​បាន​រក​ឃើញ​បង្គោល​ព្រំដែន​គោក​កម្ពុជា​-​ថៃ​ ​ចំនួន​ ​៧​៣​ទីតាំង​ ​ស្មើនឹង​ ​៧​៤​បង្គោល​ ​ដែល​ក្នុង​នោះ​ ​បាន​ឯកភាព​គ្នា​ចំនួន​ ​៤​២​ទីតាំង​ ​ស្មើ​នឹង​ ​៤​២​បង្គោល​ ​និង​ពុំទាន់​បាន​ឯកភាព​គ្នា​ចំនួន​ ​៣​១​ទីតាំង​ ​ស្មើ​នឹង​ ​៣​២​បង្គោល​។​អតីត​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​កិច្ចការ​ព្រំដែន​ពិសេស​ ​លោក​ ​វ៉ា​ ​គឹម​ហុង​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​ដូច្នេះ​ថា​ ​បច្ចុប្បន្ន​ ​រដ្ឋាភិបាល​បង្កើត​ ​រដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​ ​ព្រោះ​កម្ពុជា​ក៏​ធ្លាប់​បង្កើត​ឱ្យ​មាន​ ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ​ដែល​ដាក់​ឱ្យ​ដំណើរការ​យូរឆ្នាំ​រួចហើយ​ដែរ​។​លោក​បន្ត​ថា​ ​កាលពី​អាណត្តិ​មុន​ៗ​ ​កិច្ចការ​ព្រំដែន​ ​ស្ថិត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​ហើយ​បច្ចុប្បន្ននេះ​ ​គឺ​មាន​ការ​បំបែក​ឱ្យ​មាន​រដ្ឋ​លេខាធិការដ្ឋាន​។​​លោក​​ថា​៖​ ​«​ការ​បង្កើត​ឱ្យ​មាន​រដ្ឋ​លេខាធិការដ្ឋាន​ខាង​លើ​ក​នេះ​ ​កាន់​តែ​បង្កើន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ ​ជាពិសេស​ធានា​បាន​នូវ​ទិដ្ឋភាព​ច្បាប់​ ​បច្ចេកទេស​ ​និង​នយោបាយ​ ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​ ​និង​បូរណភាព​ទឹក​ដី​របស់​យើង​»​។​កាលពី​ថ្ងៃសុក្រ​ ​រដ្ឋសភា​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៦​ ​រហូតដល់​បច្ចុប្បន្ន​ ​កិច្ចការ​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​ ​ត្រូវ​បាន​ដឹកនាំ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ ​និង​មាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​មួយ​ជា​សេនាធិការ​។​រដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​នៅតែ​បន្ត​ចាត់​ទុក​កិច្ចការ​ព្រំដែន​ ​ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់​បំផុត​ជា​អាយុជីវិត​របស់​ជាតិ​ ​គឺជា​អាទិភាព​ខ្ពស់​បំផុត​របស់​ខ្លួន​ ​ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ដោយ​ប្រកាន់ខ្ជាប់​ឥត​ងាករេ​នូវ​ឧត្តមគតិ​ស្នេហាជាតិ​ដ៏​ស្មោះត្រង់​បំផុត​ ​ក្នុង​ការ​ការពារ​និង​ថែរក្សា​ឱ្យ​បាន​ដាច់ខាត​នូវ​អធិបតេយ្យ​ជាតិ​ ​និង​បូរណភាពទឹកដី​នៃ​កម្ពុជា​។​​រដ្ឋសភា​បញ្ជាក់​ថា​ ​ការ​បង្កើត​រដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ ​ជំនួស​ឱ្យ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​ថ្មី​មួយ​ ​ដែល​មាន​លក្ខណៈ​អ​ចិន្ត្រៃយ៍ ​មាន​រចនាសម្ពន្ធ​គ្រប់គ្រង​ ​និង​សមត្ថកិច្ច​ពេញលេញ​ ​ព្រមទាំង​អាច​ស្រូប​ទាញ​បន្ថែម​នូវ​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព​ ​ជំនាញ​ពិតប្រាកដ​ ​ទាំង​ផ្នែក​បច្ចេកទេស​ ​ច្បាប់​ជាតិ​ ​ច្បាប់អន្តរជាតិ​ ​និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ដើម្បី​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​បន្ត​បេសកកម្ម​ដ៏​ពិសិដ្ឋ​ ​ក្នុង​ការដោះស្រាយបញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​។​​រដ្ឋសភា​បន្ថែម​ថា​ ​ការ​បង្កើត​រដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ ​ដើម្បី​ឈាន​ទៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំង​ព្រំដែន​គោក​ ​និង​ព្រំ​ដែនសមុទ្រ​ ​ប្រកប​ដោយ​ភាព​ពេញ​លេញ​ ​និង​ច្បាស់លាស់​ ​សម្រាប់​ជា​ព្រំដែន​មិត្តភាព​ ​សន្តិភាព​ ​ស្ថិរភាព​ ​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​អភិវឌ្ឍ​ ​ដោយអនុលោមតាម​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​ ​និង​គោលការណ៍​ព្រំដែន​មិន​កែប្រែ​ ​នៅ​ពេល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​៕​KhmerTimes

​​


Powered by Blogger.