កម្ពុ​ជានិង​​គុយបាជំរុញ​កិច្ចសហ​ប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រនិ​ង​ប្ដេជ្ញា​បន្ត​គាំទ្រ​គ្នា​​ទៅវិញ​ទៅ​មក​​នៅក្នុង​វេទិកា​​ពហុភាគី

រដ្ឋា​ភិបាល​កម្ពុជា និង​គុយ​បា បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​បន្ថែម​ដោយ​ផ្អែកលើ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រយូរ​អង្វែងនិង​ប្ដេជ្ញា​បន្ត​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក​នៅក្នុង​វេទិកា​ពហុភាគី ដើម្បី​រឹតចំណង​មិត្តភាព និង​បង្កើន​ប្រសិទ្ធភាព​ទំនាក់ទំនង​ទ្វេភាគី។ការបង្កើន​ទំនាក់ទំនង និង​ប្ដេជ្ញា​គាំទ្រ​ជួយ​គ្នា​ទៅវិញទៅមក​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​តាម​ទូរ​សព្ទ​រវាង​លោក ហ៊ុន ម៉ា​ណែ​តនាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក មី​ហ្គែ​ល ឌី​យ៉ា​ស-ខា​ណែ​ល ប័​រមូ​ដេ​ស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី​សាធារណរដ្ឋ​គុយបា នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ក្រុង​តាខ្មៅ កាលពី​ថ្ងៃ​សៅរ៍។


ក្នុងជំនួប​នេះ ប្រធានាធិបតី​គុយបា បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បាន​ផ្តាំផ្ញើ​សួរ​សុខ​ទុក្ខ ព្រមទាំង​អបអរសាទរ​ដល់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុងការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។លោក មី​ហ្គែ​ល ឌី​យ៉ា​ស-ខា​ណែ​ល ប័​រមូ​ដេ​ស ក៏បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ដោយ​ផ្អែកលើ​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ និង​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​វេទិកា​ពហុភាគី​នានា។លោក​ក៏បាន​រំឭក​នូវ​អនុស្សាវរីយ៍ល្អៗក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ហ៊ុន សែន នៅ​សាធារណរដ្ឋ​គុយបា កាលពី​ខែកញ្ញា ឆ្នាំ២០២២ ដែល​ចាត់ទុកថា​ជា​ឆ្នាំ​ដ៏​សំខាន់​នៃ​ការ​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំ​ងពីរ។ដំណើរ​ទស្សនកិច្ច​ផ្លូវការ​កាលពី​ឆ្នាំ​២០២២ កម្ពុជា និង​គុយបា ក៏​បាន​បង្កើន​កិច្ច​ប្រតិបត្តិការ​តាមរយៈ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ​កសិកម្ម សុខាភិបាល អប់រំ និង​វិស័យ​កីឡា ជាដើម។ក្នុង​ជំនួប​ខាង​លើនេះ លោក ហ៊ុន ម៉ា​ណែតបាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ផ្តួច​ផ្តើម​បង្កើតឱ្យមាន​កិច្ច​ភិ​ភា​ក្សា​តាម​ទូរ​សព្ទ ដើម្បី​កាន់​តែ​មាន​ភាពស្និទ្ធស្នាល និង​ទំនាក់ទំនង​ល្អប្រសើរ។លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់ថា ក្រៅពី​ទំនាក់ទំនង​រវាង​ទ្វេភាគី​ជា​ប្រវត្តិសាស្ត្រ​ល្អ ក្នុងនាម​ជា​រដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ និង​ការគាំទ្រ​របស់​គុយបា កាលដែល​កម្ពុជា​ជួបប្រទះ​នូវ​ការលំបាក​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ជាពិសេស​ក្រោយ​ថ្ងៃ​រំដោះ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ដែល​ទាំងអស់នេះ​ពិតជា​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​កាន​់តែច្បាស់​អំពី​ទំនាក់ទំនង​ប្រកបដោយ​សាមគ្គីភាព និង​មិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ។លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​អំពី​ស្មារតី​នៃ​ការបន្ត និង​ពង្រឹង​កិច្ច​សហ​ប្រ​ត្តិ​ការល្អ​នៅក្នុង​វិស័យ​ដែលមាន​ស្រាប់ ជាពិសេស​មាន​ទិសដៅ​ពង្រីក​បន្ថែម​លើ​វិស័យ​ដែល​មាន​សក្តានុពលផ្សេងៗ​បន្ត​ទៀត។នៅ​ក្នុងជំនួប​នេះ លោកនាយក​រដ្ឋ​ក៏​បាន​គាំទ្រ និង​ជំរុញឱ្យមាន​ការរៀបចំកិច្ច​ពិគ្រោះ​យោបល់​ផ្នែក​នយោបាយ​លើក​ទី៣ រវាង​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​ឆាប់ៗ​ខាង​​មុខ ដើម្បី​បន្ត​ចុះ​អនុស្សរណៈ​យោគយល់​គ្នា និង​កិច្ចព្រមព្រៀងផ្សេងៗមួយ​ចំនួន​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់៕Khmer Times


Powered by Blogger.