នា​យ​ករដ្ឋមន្ត្រីឥណ្ឌាទន្ទឹងរ​ង់ចាំធ្វើការជាមួយ​នឹងនាយករដ្ឋមន្ត្រីក​ម្ពុជា

 លោកណារិនដ្រា ម៉ូដី (Narendra Modi) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌាបានបញ្ជាក់ពីការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្រ្តរបស់ប្រទេសទាំង២។

នាយករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ដូច្នេះនៅក្នុងបណ្តាញសង្គមអ៊ិច(X) កាលពីថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ។បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានសម្តែងការអបអរសាទរសម្រាប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការផងដែរ។ចំណែក លោកJosé Ramos-Horta ប្រធានាធិបតីទីម័រខាងកើត បានមានប្រសាសន៍កោតសរសើរអំពីទស្សនវិស័យដឹកនាំ និងបទពិសោធន៍យោធាក្នុងឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាអគ្គមេបញ្ជាការនៃកងទ័ពជើងគោករបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងនាំមកនូវការអភិវឌ្ឍ និងសមិទ្ធផលបន្ថែមទៀតដល់ប្រទេសកម្ពុជា។មេដឹកនាំពិភពលោកជាច្រើនរូប ជាពិសេសមេដឹកនាំនៃប្រទេសបង់ក្លាដែស បេឡារុស ព្រុយណេ ចិន គុយបា ហ្គាណា ហុងគ្រី ជប៉ុន សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ សាធារណរដ្ឋកូរ៉េ ម៉ាល់ឌីវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ ទុយនេស៊ី វៀតណាម ។ល។ ក៏ដូចជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានផ្ញើសារអបអរសាទរជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕AKP

Powered by Blogger.