សម្ដេចស ខេងប្រាប់មន្ដ្រីក្រោមឱវាទពេលចាកចេញទៅកាន់កន្លែងផ្សេង
សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងប្រាប់មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់នៅតែបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតាដើម្បីរួបរួមគ្នាបម្រើដល់ប្រទេសជាតិឱ្យមានការចម្រើនបន្ថែមទៀតនៅពេលសម្ដេច លាចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចស ខេង បានគូសបញ្ជាក់ថា មន្ដ្រីមានឋានៈជាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ គឺបន្ដការងារជាធម្មតាហើយរឹតតែខិតខំបំពេញការងារបន្ថែមទៀត។ សម្ដេចក្រឡហោមបានថ្លែងថាក្រៅពីនោះ មន្ដ្រីនយោបាយ មានឋានៈរដ្ឋលេខាធិការ អនុរដ្ឋលេធិការ ក៏ត្រូវបន្ដទទួលនូវភារកិច្ច ដែលក្រសួងប្រគល់ជូនព្រោះមានការងារត្រូវធ្វើជាច្រើនទៀត។
សម្ដេចក្រឡាហោមបានគូសបញ្ជាក់បន្ថែមថា ៖«សម្រាប់ក្រសួងមហាផ្ទៃ គឺមានតែខ្ញុំទេ ដែលចេញពីក្រសួងដើម្បីទៅបំពេញបេសកកម្មផ្សេងទៀត។ ក្រៅពីនោះអាចថាមន្ដ្រីផ្ទេរពីកន្លែងនេះ ពីកន្លែងនោះ វាជារឿងធម្មតាទេ។ ប៉ុន្ដែអ្នកភាគច្រើនឬក៏ទាំងអស់ ក្រៅពីអ្នកដែលចេញ ហើយចេញតាមរយៈបញ្ចប់អាណត្តិ ដូចខ្ញុំ ជាដើមឬក៏អ្នកផ្ទេរចេញទៅកន្លែងផ្សេង អាហ្នឹងគឺគាត់ចេញ។ប៉ុន្ដែអ្នកក្រៅពីនឹង គឺបន្ដទៀត ក្នុងក្របខណ្ឌក្រសួងនេះ។ អីចឹងទេ ខ្ញុំសង្ឃឹមជឿជាក់ថាអគ្គនាយកចុះ ដែលជាស្ថាប័នមុខសាធារណៈនឹងបន្ដធ្វើការងាររបស់ខ្លួន»។ជាមួយគ្នានេះ សម្ដេចស ខេង បានសម្តែងក្តីសង្ឃឹមថា មន្ដ្រីក្រសួងមហាផ្ទៃ នឹងបន្ដបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យក្រសួងមហាផ្ទៃ មានការរីកចម្រើនបន្ដទៀត ដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ក្នុងវិស័យដែលក្រសួងទទួលខុសត្រូវ។ សម្ដេចក្រឡាហោមបានលើកឡើងថានៅប៉ុន្មានថ្ងៃទៀត រដ្ឋសភា នីតិកាលទី៧ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះកុរណា ព្រះមហាក្សត្រ។ បន្ទាប់ពីនោះ នៅថ្ងៃទី២២ ខែសីហា រាជរដ្ឋាភិបាលថ្មី នឹងត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា។ ដូច្នេះចាប់ពីថ្ងៃរសៀលថ្ងៃទី២២ ខែសីហាតទៅ ក្រោយស្បថចូលកាន់តំណែងរាជរដ្ឋាភិបាលថ្មីរួចរាជរដ្ឋាភិបាលថ្មី នឹងបន្ដការងារពីរាជរដ្ឋាភិបាលចាស់៕AKP
Post a Comment