នាយករដ្ឋមន្រ្ដីប្រកាសថានឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នៅខែវិច្ឆិកាខាងមុខ
ឯកឧត្ដមហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យដឹងថាឯកឧត្ដមនឹងដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលនឹងប្រព្រឹត្ដទៅនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ ការប្រកាសរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្ដិភាព។
ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩នេះ គឺដើម្បីស្ដាប់នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក៏ដូចជាការដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្ដែងមួយចំនួន ដើម្បីបន្ដជំរុញគាំទ្រវិស័យឯកជនដែលជាវិស័យចលករនៃកំណើនសេដ្ឋកិច្ច។ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានគូសបញ្ជាក់ថា៖ «វេទិកានេះ នឹងប្រគល់ភារកិច្ចជូនឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង ស្ថាប័ន វិស័យឯកជន ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីរៀបចំវេទិកានេះ»។ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ មេត្ដាចូលរួមក្នុងវេទិកានេះ ឱ្យបានសកម្មបំផុត កុំបីអាក់ខាន។ ទន្ទឹមនេះ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតក៏បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាពខ្ពស់បំផុត ជាមួយនឹងការសម្រេចបាននូវសុខសន្ដិភាពដ៏ពេញលេញ និងរឹងមាំ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកហើយនៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាពនេះកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗមិនអាចកាត់ថ្លៃបានយ៉ាងសន្ធឹកសន្ធាប់ និងបានឆ្លងកាត់បរិវត្ដកម្មសំខាន់ៗជាប្រវត្ដិសាស្រ្ដ ដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងបានលើកស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត លើឆាកតំបន់ និងសកល តាមរយៈកាដាក់ចេញ និងការដឹកនាំអនុវត្ដន៍ដោយជោគជ័យនូវ យុទ្ធសាស្រ្ដត្រីកោណ និងយុទ្ធសាស្រ្ដចតុកោណទាំង ៤ ដំណាក់កាល។ជាមួយគ្នានេះ ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតបានឱ្យដឹងទៀតថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងទាំងនេះ ជាមួយនឹងការសម្លឹងទៅមុខ សម្រាប់រយៈពេល២៥ឆ្នាំ ទៀត តាមរយៈការបង្ហាញផ្ទាល់នៅទីនេះ យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី នៃរដ្ឋសភា។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានបន្ដថា វិធានការគន្លឹះ ដែលឯកឧត្ដមនឹងដឹកនាំតម្រង់ទិសលើការអនុវត្ដ ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់នៃការដោះស្រាយបញ្ហាប្រឈម និងការកែទម្រង់វិស័យសំខាន់ៗ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា៖ «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា យើងនឹងជម្នះបាននូវបញ្ហាប្រឈម ឧបសគ្គ និងវិបត្ដិនានា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា លើវិថីនៃការអភិវឌ្ឍ វឌ្ឍនភាព និងវិបុលភាពឱ្យកាន់តែថ្កើនថ្កានឡើងបន្ថែមទៀត ហើយកសាងបាននូវមូលដ្ឋានគ្រឹះប្រកបដោយភាពធន់ដ៏រឹងមាំ សម្រាប់ការឈានឡើងប្រកបដោយការជឿទុកចិត្ដ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»៕AKP
Post a Comment