អគ្គលេខាធិការបក្ស​ឡាវគាំទ្រចំ​ពោះ​គណ​បក្សប្រជាជ​នកម្ពុជានិងរា​​ជរដ្ឋាភិបាលថ្មី​ដែលដឹកនាំដោយ​​លោកបណ្ឌិតហ៊ុន ម៉ា​​ណែត

 ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការបន្តកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យបានកាន់តែរីកចម្រើនថែមទៀតនោះលោកថងលុនស៊ីសុលីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវបានប្តេជ្ញា នឹងបន្តពង្រឹង ទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២(ឡាវ-កម្ពុជា)។ 

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចេញផ្សាយបន្ទាប់ពីជំនួបបានជួបពិភាក្សាការងាររវាងសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាមួយលោកថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ។នៅក្នុងជំនួបនេះ អគ្គលេខាធិការបក្ស ថងលុន ស៊ីសុលី បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភានិងបានស្ងើចសរសើរអំពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម និងប្រកបដោយចក្ខុវិស័យដែលទទួលបាននូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។ ទន្ទឹមនេះលោកអគ្គលេខាធិការក៏បានអបអរសាទរដោយស្មោះក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដ៏សំខាន់នេះ បានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា។ លោកអគ្គលេខាធិការ បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការ បន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបានប្តេជ្ញានឹងបន្តពង្រឹង ទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២។សម្តេចប្រធានគណបក្ស បានថ្លែងអរគុណយ៉ាងស្មោះសរចំពោះលោកថងលូន ស៊ីសុលីត ដែលបានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោកបណ្ឌិតហ៊ុនម៉ាណែតដែលឆ្លុះបញ្ចាំងនូវភាតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំង២។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលប្រជាជនឡាវសម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលមាន លោកថងលុន ស៊ីសុលី ជាអគ្គលេខាធិការ ដែលនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានលើកកម្ពស់កិត្យានុភាពនិងតួនាទីកាន់តែមានសារៈសំខាន់របស់ឡាវ ទាំងក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំគណបក្សទាំង២បានអបអរសាទរទិវាអាស៊ាន៨ សីហាក្នុងឱកាសដែលប្រទេសសមាជិកអាស៊ានទាំងអស់កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ឆ្លៀតក្នុងឱកាសនេះដែរសម្តេចក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញលេញរបស់កម្ពុជាចំពោះឡាវ ជាប្រធានអាស៊ានឆ្នាំ២០២៤។ ថ្នាក់ដឹកនាំទាំង២បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំង២ ទោះបីស្ថិតក្នុងស្ថានការណ៍វិត្តន៍យ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា របស់ពិភពលោកនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចដែលកាន់តែ ស្រួចស្រាល់ និងស្មុគស្មាញក៏ដោយ ក៏គណបក្ស និងរដ្ឋាភិបាលទាំងពីររក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្ដូរយោបល់តាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ ទាំងថ្នាក់កំពូល និងថ្នាក់មូលដ្ឋាន។ ថ្នាក់ដឹកនាំទាំង២បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ និង សាមគ្គីភាពដ៏រឹងមាំ ការជួយគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល យុវជនបន្តវេនដើម្បីរក្សានិងបន្តពូនជ្រំទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រជាជាតិទាំង២។ថ្នាក់ដឹកនាំគណបក្សទាំង២ ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.បនិងអាស៊ានព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធនៅក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-ឡាវ-វៀតណាម និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹង រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោកថងលុន ស៊ីសុលីតា អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ និងថ្នាក់ដឹកនាំឡាវដទៃទៀតមកបំពេញទស្សនកិច្ចនៅកម្ពុជា។ទន្ទឹមនេះ អគ្គលេខាធិការក៏បានអញ្ជើញសម្តេចតេជោនិងបណ្តាថ្នាក់ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ តាមពេលវេលាសមស្របផងដែរ៕AKP


Powered by Blogger.