លោកវ៉ាងយី៖ក្រោម​​​ការដឹកនាំរប​ស់លោកបណ្ឌិតហ៊ុន ​ម៉ាណែតកម្ពុជានិងចិ​ននឹង​រីកចម្រើ​នឡើង

 លោកWANG Yi សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីបញ្ជាក់ថា ចិនគាំទ្រកម្ពុជាហើយមានជំនឿថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិននឹងរីកចម្រើនឡើងកាន់ធំធាត់ថែមទៀត។លោកអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្ដេចហ៊ុនសែនបានឱ្យដឹងដូច្នេះបន្ទាប់ពីសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអនុញ្ញាតឱ្យ លោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយនិងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ក្នុងខណៈដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះលោកWANG Yi បានគោរពពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី ស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀតជូនចំពោះសម្ដេចតេជោ។លោកWANG Yi បានជម្រាបជូនសម្ដេចថាលោកបានមកកាន់កម្ពុជាជាច្រើនដង ហើយជារៀងរាល់លើកដែលមកដល់កម្ពុជាបានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការផ្លាស់ប្ដូរយ៉ាងរស់រវើក ពេលនេះជាសក្ខីភាពទីក្រុងភ្នំពេញបានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប។លោករដ្ឋមន្ត្រីការបរទេសចិនបានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រពីប្រជាជនលើស៨០% ។លោកWANG Yi មានប្រសាសន៍ថាប្រទេសជាច្រើនបានមកសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជាហើយបានឃើញថាការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ គឺយុត្តិធម៌ តម្លាភាព និងស្របច្បាប់។ ប្រជាជនជាង៨០%ទៅបោះឆ្នោតនោះសឱ្យឃើញថាប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញប្រជាជនជាង៨០%បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំបន្តទៀត។ការទទួលបានការទុកចិត្តពីប្រជាជននេះជាកត្តាសំខាន់បំផុត។ក្នុងន័យនេះលោកWANG Yi សូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចហើយបានបញ្ជាក់ជូនសម្ដេចថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិននឹងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ហើយជាពិសេសកម្ពុជា នឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក  WANG Yi ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកប្រធានាធិបតី ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត។ សម្ដេចហ៊ុនសែនក៏បានថ្លែងអំណរគុណជូនចំពោះលោកWANG Yi ផងដែរ ចំពោះពាក្យពេជន៍ដ៏ល្អនិងជាពិសេសការគាំទ្ររបស់មិត្តចិន។ សម្ដេចមានប្រសាសន៍ថាប្រជាជនកម្ពុជាបានដឹងជាមុនថានឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោតហើយការគាំទ្ររហូតដល់ទៅ៨៤%គឺជាការអបអរសាទរ។គួរបញ្ជាក់ដែរថាលោកវ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយនិងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ ដែលជាការតបតាមការអញ្ជើញរបស់លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា។បន្ថែមពីនេះ លោកវ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ដែលជំនួបនេះ គ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំង២។ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារបស់លោក វ៉ាង យី បានប្រព្រឹត្តទៅស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ច នេះនឹងរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំង២៕AKP



Powered by Blogger.