វៀតណាមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលថ្មី
លោកង្វៀនភូជុងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចហ៊ុន សែន ហើយជឿជាក់ថាកម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបន្ទាប់ពីជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូរបស់សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី ជាមួយលោកង្វៀន ភូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោកអគ្គលេខាធិការ ង្វៀន ភូជុង បានអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម ដែលបង្ហាញពីការជឿជាក់ និងការគាំទ្រ ដ៏ខ្លាំងក្លារបស់ប្រជាជន ចំពោះគណបក្សប្រជាជនកម្ពុជា។លោកអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចហើយជឿជាក់ថាកម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោកហ៊ុន ម៉ាណែត។ លោកអគ្គលេខាធិការ ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រមទាំងប្ដេជ្ញារួមគ្នារក្សាពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង២។សម្ដេច ហ៊ុន សែន ប្រធានគណបក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកង្វៀន ភូជុង ដែលបានផ្ញើលិខិតអអរសាទរ និងជូនពរតាមទូរស័ព្ទ ចំពោះសម្តេចនិងគណបក្សប្រជាជនកម្ពុជាដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ២០២៣ ដែលជាសក្ខីភាព នៃសាមគ្គីភាព និងភាតរភាពដ៏រីងមាំ និងកិច្ចសហប្រត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំង២។ សម្ដេចបានរាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបសគណបក្សកុម្មុយនីស្តវៀតណាម ក្រោមការដឹកនាំរបស់លោកង្វៀន ភូជុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានលើកកម្ពស់កិត្យានុភាព នឹងតួនាទីកាន់តែមានសារៈសំខាន់ របស់វៀតណាម ក្នុងវេទិកាតំបន់ និងអន្តរជាតិ។ សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាធិការ ង្វៀន ភូជុង ដែលបានសម្តែងអំពីការជឿជាក់ និងការគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីដែលទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។ភាគីទាំង២បានវាយតម្លៃខ្ពស់ចំពោះសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវឌ្ឍន៍នៃពិភពលោក ការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល់ មិនប្រាកប្រជាក៏ដូចជាការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំង២ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ ថ្នាក់ដឹកនាំទាំងពីរបានផ្ដល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកជា ប្រពៃណី ដែលជាកត្តាចាំបាច់បំផុតក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី និងការរំដោះប្រជាជន ព្រមទាំងការកសាង និងអភិវឌ្ឍប្រទេសទាំងពីរ។ ទន្ទឹមនេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈប្រយោជន៍ក្នុងការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បីវៀនសូត្រ និង ដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសការបញ្ជ្រាបការយល់ដឹងអំពីសច្ចភាពប្រវត្តិសាស្រ្ត ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព និងសាមត្តិភាពដ៏រឹងមាំរវាងប្រទេសទាំង២។ ភាគីទាំង២ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគី រួមមានអ.ស.បនិងអាស៊ានព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នានៅក្នុងក្របខ័ណ្ឌអនុតំបន់ ជាពិសេស ក្របខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការ និងថ្នាក់ដឹកនាំដទៃទៀតនៃបក្សកុម្មុយនីស្តវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។ ទន្ទឹមនោះដែរ លោកង្វៀន ភូជុង អគ្គលេខាធិការ ក៏បានអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រធានកណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំ កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តាមពេលវេលាសមស្របផងដែរ៕AKP
Post a Comment