លោកហ៊ុន ម៉ាណែតប្តេជ្ញាការពារបូរណភាពអធិបតេយ្យជាតិនិងរាជបល្ល័ង្ក
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៧ ខែសីហានេះ ត្រូវបានព្រះមហាក្សត្រចាត់តាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។
ព្រះរាជក្រឹត្យ ចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិរដ្ឋាភិបាលថ្មីពេលនេះ គឺធ្វើឡើងបន្ទាប់ពីកាស្នើសុំរបស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងយោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម។លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ចាត់តាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាសម្រាប់អាណត្តិទី៧ នៃរដ្ឋសភា។ នៅក្នុងសេចក្តីត្រាស់បង្គាប់របស់ព្រះមហាក្សត្រសម្តេចហ៊ុន ម៉ាណែត មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។នៅថ្ងៃនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរព្រះគុណភ្លាមៗដែរ ដល់ព្រះមហាក្សត្រ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងលោក ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ លោកចាត់ទុកថា គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់លោក ដោយទទួលបានឱកាសដ៏វិសេសវិសាលក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។ នេះបើតាមលិខិតមួយច្បាប់របស់លោក ហ៊ុន ម៉ាណែត ផ្ញើថ្វាយព្រះមហាក្សត្រ។ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានប្តេជ្ញាថា នឹងខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមនេះ ប្រកបដោយវីរភាព សេចក្តីស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ពិសេសការបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការធានាការពារជាដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ ការបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។សូមរំលឹកថា លោក ហ៊ុន ម៉ាណែត បានកើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិកោះថ្ម ស្រុកមេមត់ ខេត្តកំពង់ចាម ដោយលោក ជាកូនប្រុសច្បងទី២ (កូនប្រុសច្បងទី១បានទទួលអនិច្ចកម្ម) របស់សម្តេច ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី។ លោក ហ៊ុន ម៉ាណែត បានធំដឹងក្តី និងបានធ្វើការសិក្សានៅទីក្រុងភ្នំពេញ ហើយបានចូលបំរើការងារនៅក្នុងជួរកងទ័ពកាលពីឆ្នាំ១៩៩៥ ដែលឆ្នាំដដែលនេះ កូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះ បានចេញទៅបន្តការសិក្សានៅសាលាយោធា West Point សហរដ្ឋអាមេរិក។ ក្រោយពីបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅសាលាបណ្ឌិតសភាយោធា West Point កាលពីឆ្នាំ១៩៩៩ ដែលកាលនោះមាននិស្សិតបរទេសតែ៧រូបប៉ុណ្ណោះ លោក ហ៊ុន ម៉ាណែត បានបន្តការសិក្សានៅប្រទេសអង់គ្លេសហើយទទួលបានសញ្ញាបត្រជាបណ្ឌិតសេដ្ឋកិច្ចពីសកលវិទ្យាល័យ Bristol នៅឆ្នាំ២០០៨។ងាកមកការងារវិញ ក្រៅពីបំពេញការងារស៊ីវិលជាច្រើនសម្រាប់គណបក្សទាំងក្នុង និងក្រៅប្រទេស លោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម នៅឆ្នាំ២០០៨ និងត្រូវបានតែងតាំងជាបន្តបន្ទាប់ ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ហើយចុងក្រោយនេះលោកត្រូវបានតម្លើងឋានៈជានាយឧត្តមសេនីយ៍ផ្កាយ៤ មុននឹងលោកឈរឈ្មោះជាតំណាងរាស្ត្រ ដែលពេលនេះបានក្លាយជានាយករដ្ឋមន្ត្រីអាណត្តិទី៧នៃរដ្ឋសភា តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ។ ក៏ប៉ុន្តែការចាប់ផ្តើមដឹកនាំរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត នឹងត្រូវប្រកាសឡើងជាផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ខាងមុខ បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំដំបូង។ នេះបើតាមការថ្លែងឲ្យដឹងជាមុនពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាឳពុករបស់លោកកាលពីពេលថ្មីៗនេះ៕RFI
Post a Comment