អា​ស៊ានអា​ចក្លាយទៅជាម​ហាអំណាចក្នុងពិភពលោ​កដ៏មា​​នឥទ្ធិពល

 លោកបណ្ឌិតJohanSaravanamuttuជាអ្នកវិទ្យាសាស្ត្រភូមិសាស្ត្រនយោបាយបាននិយាយថាអាស៊ានអាចក្លាយទៅជាមហាអំណាចក្នុងការជួយដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

រូបភាពអ៊ីនធឺណិត
លោកបានសង្កត់ធ្ងន់ថាទោះជាយ៉ាងណាក៏ដោយអាស៊ានត្រូវតែរក្សាជំហររបស់ខ្លួនក្នុងការមិនចូលបក្សសម្ព័ន្ធខណៈដែលកំពុងប្រឈមជាមួយនឹងសណ្តាប់ធ្នាប់ពិភពលោកក្រោយអនុត្តរភាពនៃនយោបាយពិភពលោកក្នុងពេលបច្ចុប្បន្ន។លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ប្រទេសម៉ាឡេស៊ីបន្ទាប់ពីកិច្ចប្រជុំសន្ទនាឥណ្ឌូប៉ាស៊ីហ្វិកក្រោមប្រធានបទ៖ការលេចឡើងនៃសណ្តាប់ធ្នាប់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក – ទស្សនៈអាស៊ាន ម៉ាឡេស៊ី និងសហភាពអឺរ៉ុប ដែលបានប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួកាលពីថ្ងៃអង្គារថា “អាស៊ាន​ត្រូវប្រកាន់ជំហរ​ខ្លាំង​ជាង​មុន​។បច្ចុប្បន្នយើងឃើញថានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានបញ្ហាកំពុងលេចឡើងច្រើនអាស៊ានអាចក្លាយទៅជាវេទិកាមួយដើម្បីនាំយកភាគីពាក់ព័ន្ធទាំងអស់ចូលរួមសន្ទនាដើម្បីកាត់បន្ថយភាពតានតឹង”កិច្ចប្រជុំខាងលើ​នេះ​ក៏បានរៀបចំឡើង​ត្រូវនឹងថ្ងៃ​ដែលសមាគមអាស៊ាន​បាន​ប្រារព្ធ​ខួប​លើក​ទី៥៦ របស់​ខ្លួន។លោកបានកត់សម្គាល់ថាអាស៊ានក្នុងនាមជាមហាអំណាចកណ្តាលកំពុងពង្រាយឥទ្ធិពលរបស់ខ្លួនរួចទៅហើយ ដូចជានៅក្នុងវេទិកាតំបន់អាស៊ាន (ARF) និងបញ្ហាដ៏ស្មុគស្មាញនៅសមុទ្រចិនខាងត្បូង។លោក​មាន​សុទិដ្ឋិនិយម​ថា អាស៊ាន​អាច​កាន់​តែ​សកម្ម និង​សម្រេចបានលទ្ធផល​ច្រើន​ទៀត​ក្នុង​ទិសដៅ​នេះ។លោកបានបន្តថា “ជំហររបស់អាស៊ានកំពុងមានអព្យាក្រឹតភាពវិជ្ជមាន។ អាស៊ាន​មិន​មែន​គ្រាន់​តែ​អង្គុយហើយ​មិន​ធ្វើ​អ្វី​នោះ​ទេ។អាស៊ានតែងតែខិតខំជំរុញដោះស្រាយនូវរាល់បញ្ហាដែលកើតមាន ប៉ុន្តែ​អាស៊ាន​ត្រូវតែ​ចាត់វិធានការ​បន្ថែម​»​។Johan ដែលជាអ្នកជំនួយការជាន់ខ្ពស់នៅសាលា S. Rajaratnam School of International Studies (RSIS) សាកលវិទ្យាល័យ Nanyang Technological University ប្រទេសសិង្ហបុរីបានយល់ឃើញថា អាស៊ានក៏គួរតែនិយាយបន្ថែមអំពីបញ្ហាភូមិសាស្ត្រនយោបាយ និងសន្តិសុខសំខាន់ៗជាច្រើនដែលប៉ះពាល់មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកផងដែរ។លោកបណ្ឌិត Rahul Mishra នាយកមជ្ឈមណ្ឌលសម្រាប់ ASEAN Regionalism Universiti Malaya (CARUM) បាននិយាយថា អាស៊ានអាចដាក់ខ្លួនជាតួអង្គលេចធ្លោដើម្បីបន្តរក្សាវត្តមានខ្លួនក្នុងទិដ្ឋភាពរាល់ការគំរាមកំហែងមិនមែនសន្តិសុខដែលកំពុងកើតមាននៅជុំវិញពិភពលោក។លោកបានបន្ថែមថា “ឧទាហរណ៍ អាស៊ានអាចប្រើប្រាស់មធ្យោបាយការទូតដោយបង្កើតយន្តការដ៏រឹងមាំ និងមានការចូលរួមពីភាគីពាក់ព័ន្ធអន្តរជាតិ ដើម្បីត្រៀមខ្លួនការពារជំងឺរាតត្បាតណាមួយដែលអាចកើតឡើងនាពេលអនាគត” ។អាស៊ាន​ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ១៩៦៧ មាន​សមាជិក​ចំនួន ១០ គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។ Bernama/Khmer Times


Powered by Blogger.