USAGMចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជា
ប្រធាននាយកប្រតិបត្តិភ្នាក់ងារព័ត៌មានសកលរបស់សហរដ្ឋអាមេរិក (USAGM)បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១២ខែកក្កដា ដែលបានបញ្ជាឲ្យបិទគេហទំព័រនិងបណ្តាញផ្សព្វផ្សាយសង្គមរបស់សារព័ត៌មានចំនួន៣រាប់ទាំងវិទ្យុអាស៊ីសេរី ដែលផ្សាយពីរឿងរ៉ាវរបស់កម្ពុជា។
រូបភាពសហការី |
អ្នកឃ្លាំមើលសេរីភាពសារព័ត៌មាន បានហៅចំណាត់ការនេះថាជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពសារព័ត៌មាននិងគួរឲ្យស្អប់ខ្ពើម។តែរដ្ឋាភិបាលកម្ពុជាការពារចំណាត់ការរបស់ខ្លួនថានេះមកពីសារព័ត៌មានទាំងនោះផ្សព្វផ្សាយប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល។នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយចុះថ្ងៃទី១៣កក្កដា ប្រធាននាយកប្រតិបត្តិភ្នាក់ងារព័ត៌មានសកលរបស់សហរដ្ឋអាមេរិក (USAGM) បានចាត់ទុកការបញ្ជាឲ្យបិទគេហទំព័រ និងទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បណ្តាញផ្សព្វផ្សាយព័ត៌មានចំនួន៣ រាប់ទាំងវិទ្យុអាស៊ីសេរីផងនោះគឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ លើសេរីភាពសារព័ត៌មាន និងគួរឲ្យស្អប់ខ្ពើម។បើតាមលោកស្រីAmandaBennettប្រជាជនកម្ពុជាសមនឹងទទួលបានព័ត៌មានឯករាជ្យនិងមិនមានការត្រួតពិនិត្យជារៀងរាល់ថ្ងៃស្របពេលឈានទៅដល់ការបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដា។ប៉ុន្តែអតីតអ្នកសារព័ត៌មានជើងចាស់រូបនេះ កត់សំគាល់ថាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលសម្តេចហ៊ុន សែន នេះមិនមែនជារឿងថ្មីទេ។ប៉ុន្តែព្រមានថាខ្លួននឹងមិនឈរអោបដៃមើលចំពោះការរារាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនោះឡើយ។សូមបញ្ជាក់ថា និយ័តករទូរគមនាគមន៍កម្ពុជាបាបញ្ជាឱ្យបិទខ្ទប់ការចូលទៅមើលព័ត៌មានវិទ្យុអាស៊ីសេរី, The Cambodia Daily Khmer និងមូលដ្ឋានទិន្នន័យសារធារណៈឈ្មោះថា «កំណត់ត្រា» ដែលទើបបើកដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យCCIM។បើតាមរដ្ឋាភិបាលកម្ពុជា អង្គភាពសារព័ត៌មានទាំងនេះ ដំណើរការខុសច្បាប់ និងផ្សព្វផ្សាយព័ត៌មានប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាល។ចំពោះមុខចំណាត់ការនេះ វិទ្យុអាស៊ីសេរី និង The Cambodia Daily Khmer បានប្រកាសឱ្យអ្នកតាមដានរបស់ខ្លួននៅកម្ពុជា ចូលទៅប្រើប្រាស់កម្មវិធីApp ជំនួសឱ្យបណ្តាញប្រព័ន្ធសង្គមនិងគេហទំព័រដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់នោះឬក៏ប្រើបណ្ដាញឯកជននិម្មិតឬ VPN ពីក្រៅស្រុកមកវិញ។កំណត់ត្រាវិញបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយបញ្ជាក់ថាស្ថាប័នកំពុងពិនិត្យមើលបញ្ហានិងកំពុងស្វែងរកមធ្យោបាយដោះស្រាយក្នុងពេលឆាប់ៗ៕RFI
Post a Comment