ស្ថានបេសកកម្មកម្ពុជាប្រចាំUN៖ ការបោះឆ្នោតកម្ពុជាប្រព្រឹត្តទៅដោយយុត្តិធម៌ និងក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍រាប់ម៉ឺននាក់

ស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នំា២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព សន្តិវិធី និង​ក្នុង​បរិយាកាស​ប្រកបដោយបិរិយាបន្ន ខណៈការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​១៨​ ចូលរួម​ប្រកួតប្រជែង ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ពិនិត្យ​យ៉ាង​ដិតដល់។

ការលើកឡើងរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនេះ គឺបាន​ធ្វើ​ឡើង​ បន្ទាប់ពីលោក Volker Türk ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បានរិះ គន់​ថា​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិទី៧​នៅ​កម្ពុជា​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំUN និង​អង្គការ​អន្តរជាតិ​នានា​នៅទីក្រុងហ្សឺណែវ ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ បានបញ្ជាក់ថា កម្ពុជាសូមច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និង​មាន​លក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅកម្ពុជា។ ដោយ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​បញ្ជាក់​ទៅ​កាន់​មន្រ្តី​UN​នេះ​ថា​ ការ​អនុវត្ត​ស្មើ​ៗ​គ្នា​នូវ​វិធាន​ការ​រដ្ឋបាល​ និង​ច្បាប់ ​ដើម្បី​ថែរក្សានីតិរដ្ឋ គឺមិន​មានន័យ​ស្មើ​ជា​ការ​រឹត​ត្បិត​សេរីភា​ព​របស់​ក្រុម​ជាក់​លាក់​ណា​មួយ​នោះ​ទេ​។ គណបក្សនយោបាយ បេក្ខជន នយោបាយសកម្មជន សហជីពកម្មករ អង្គ​ការ​មិនមែ​ន​រដ្ឋាភិបាល ​និងអង្គភាពសារព័ត៌មាន នានា ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ដោយ​ស្មើ​ៗ​គ្នា នៅចំពោះមុខច្បាប់របស់ប្រទេស។

ស្ថាន​បេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាបានបញ្ជាក់បន្ថែមទៀតថា ការលើកឡើងថា ការ​បោះឆ្នោត​សកល​ធ្វើ​ឡើង​ក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោតមានរហូតដល់ ៨,២លាននាក់ស្មើនឹង៨៤,៥៨ភាគរយ ហើយ​គណបក្ស​នយោបាយ​ចំនួន​១៨​ ចូលរួមប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ស្ថិត​ក្រោម​ក្រសែភ្នែក​ និង​ការ​តាម​ដាន​យ៉ាងដិតដល់ពីសំណាក់វត្តមាន អ្នកសង្កេតការណ៍អន្តរជាតិ ៤២២នាក់ ដែល​តំណាង​ឱ្យ៦៥សញ្ញាតិ មកពី៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស និង​សហគមន៍​អនិកជន​កម្ពុជានៅបរទេសជាសាក្សីជាដើម។ ជាងនេះទៅទៀត ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៦០.០០០នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩០.០០០នាក់ ដែល​មាន​វត្តមានតាមដាន។ សេចក្តី ថ្លែងការណ៍​ជា​សាធារណៈ​របស់​ក្រុម​អ្នក​សង្កេតការណ៍​ជា​ច្រើន​ខាង​លើ​ក៏បានទទួលស្គាល់ថា ការបោះឆ្នោតសកលនៅកម្ពុជាគឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។

ស្ថានបេសកកម្ម​អចិន្ត្រៃយ៍កម្ពុជាក៏បានអះអាងផងដែរថា កម្ពុជានៅតែប្រកាន់​ខ្ជាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ចំពោះ​នយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។ ហើយ​តួ​អង្គខាងក្រៅទាំងអស់ត្រូវគោរពឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះ​ការ​ជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់នូវ គណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាច​ដឹកនាំ​ប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និង​វិបុលភាព​យូរ​អង្វែង​។

យ៉ាងណាក៏ដោយស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបានសម្តែងក្តីរំពឹងថា ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នឹង​ពិចារណាពីតថភាពទាំងអស់នេះ ព្រម​ទាំង​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​ឈរ​លើ​គោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ស្រប​តាម​សេចក្តី​សម្រេច​របស់​ឧត្តម​ស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលតម្រូវឱ្យគោរពអធិបតេយ្យភាព និង​យុត្តាធិការ​ក្នុង​ស្រុក​របស់រដ្ឋ ព្រមទាំង​គោរព​តាម​គោលការណ៍​មិនជ្រែត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ដូច​បាន​ចែង​យ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនាពេលកន្លងទៅនោះ៕

Powered by Blogger.