UNទាមទារឲ្យដោះលែងកញ្ញាសេង ធារីជាបន្ទាន់និងគ្មានលក្ខខ័ណ្ឌ
ក្រុមការងារអង្គការសហប្រជាជាតិ(UN)ប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្តបានទាមទាររដ្ឋាភិបាលកម្ពុជាឲ្យដោះលែងកញ្ញាសេង ធារីជាបន្ទាន់និងគ្មានលក្ខខ័ណ្ឌ។ក្រុមការងារអង្គការមួយនេះចាត់ទុកថាការឃុំខ្លួនកញ្ញាសេង ធារី មានសញ្ជាតិខ្មែរ-អាមេរិកកាំងគឺជាការឃុំខ្លួនដោយបំពាន និងផ្ទុយពីច្បាប់អន្តរជាតិ។ប៉ុន្តែយ៉ាងណាករណីកញ្ញា សេង ធារីនេះសម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថាសម្តេចនឹងមិនដោះលែងឡើយ បើមានអន្តរាគមន៍ពីបរទេស។
សេចក្ដីសម្រេចមួយរបស់ក្រុមការងារអង្គការសហប្រជាជាតិប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្តនៅថ្ងៃទី១២កក្កដា បានលើកឡើងថា ដោយសារការឃុំខ្លួនកញ្ញា សេង ធារី ធ្វើឡើងតាមរយៈការរើសអើងនិន្នាការនយោបាយនិងការកាត់ក្ដីទាំងហ្វូង ដូច្នេះកញ្ញា សេង ធារី មិនមានលទ្ធភាពទទួលបានយុត្តិធម៌នោះឡើយ។ ការឃុំខ្លួនកញ្ញា សេង ធារី ដែលមានសញ្ជាតិខ្មែរ-អាមេរិកគឺជាការឃុំខ្លួនដោយបំពាននិងផ្ទុយពីច្បាប់អន្តរជាតិដោយពួកគេទាមទារឲ្យរដ្ឋាភិបាលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោះលែងកញ្ញា សេង ធារី ជាបន្ទាន់ និងគ្មានលក្ខខ័ណ្ឌ។មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី គឺលោក ចារិត ហ្គិនស័រ (Jared Genser) បានលើកនៅក្នុងសេចក្ដីថ្លែងការណ៍ផ្សាយថ្ងៃទី១២ កក្កដា ថាទោះបីជាដឹងខ្លួនថានឹងអាចប្រឈមទៅនឹងគ្រោះថ្នាក់យ៉ាងណាក្ដី ក៏កញ្ញា សេង ធារី នៅតែតស៊ូមតិដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកបន្ថែមថា កញ្ញា សេង ធារី គឺជាវីរជនខ្មែរ-អាមេរិក ដែលក្លាហានហ៊ានប្រឈមនឹងការឃុំខ្លួនដើម្បីស្វែងរកយុត្តិធម៌ ហើយនាងសមនឹងទទួលបានការគាំទ្រពីពិភពលោក។ឆ្លើយតបចំពោះការទាមទារខាងលើនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI តាមបណ្ដាសង្គមតេឡេក្រាមថាការទាមទារវាជាសិទ្ធិ ។ប៉ុន្តែវាផ្ទុយទៅនឹងច្បាប់កម្ពុជានិងជាការជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ បើតាមលោក ជិន ម៉ាលីន មធ្យោបាយតែមួយគត់ ដែលអាចជួយកញ្ញាសេង ធារីបាន គឺត្រូវធ្វើតាមនីតិវិធីរបស់តុលាការ និងស្វែងរកភស្តុតាងដើម្បីដោះបន្ទុកតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការដាក់ទោស និងឃុំខ្លួនកញ្ញា សេង ធារីនេះ គឺមិនខុសច្បាប់ជាតិ និងច្បាប់អន្តរជាតិឡើយ បើទោះបីជាមានសញ្ជាតិខ្មែរ-អាមេរិក។យ៉ាងណាមិញករណីកញ្ញា សេង ធារីនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានព្រមានម្ដងហើយម្ដងទៀតថា សម្តេចនឹងមិនដោះលែងឡើយ ប្រសិនបើមានអន្តរាគមន៍ពីបរទេស។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករក្នុងខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែមិថុនា សម្តេចហ៊ុន សែន បានលើកឡើងថា ជនជាប់ឃុំរូបណាដែលត្រូវបានបរទេសស្នើសុំឲ្យដោះលែង គឺអ្នកជាប់ឃុំនោះនឹងនៅតែបន្តជាប់ឃុំក្នុងពន្ធនាគារ។ លោកនាយករដ្ឋមន្ត្រីក៏បាននិយាយថា កញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារនៅខេត្តព្រះវិហារនោះ នឹងមិនត្រូវបានដោះលែង ឬបន្ធូរបន្ថយទោសឡើយ ពីព្រោះមានអន្តរាគមន៍ពីបរទេស។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគារចំនួន ៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩៕RFIកញ្ញាសេង ធារីអ្នកជំនាញច្បាប់និងកិច្ចការអន្តរជាតិព្រមទាំងជាអ្នកតស៊ូមតិដើម្បីយុត្តិធម៌សង្គម តែងខ្លួនជាអប្សរា ពេលទៅចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ្ នាពេលកន្លងមក។RFA
Post a Comment