កម្ពុជាគាំ​ទ្រវិធីសា​ស្រ្ត«ម​កមុនទទួលមុ​ន»ចំពោះសន្ធិ​សញ្ញា​SEANWFZ

 រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃការទទួលយកវិធីសាស្រ្ត “មកមុនទទួលមុន”សម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានខបម្រុង ដើម្បីជំរុញដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀតអនុវត្តតាម។

AKP/Khmer Times


នៅក្នុងសុន្ទរកថារបស់លោកនៅក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ លោក ប្រាក់ សុខុន ក៏បានបញ្ជាក់សារជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសចិនក្នុងការចុះហត្ថលេខាលើពិធីសារជាមុន ហើយតាមការស្នើឡើងដោយប្រធាន ការចុះហត្ថលេខានេះអាចត្រូវបានរៀបចំឡើងវិញក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងខែកញ្ញាឆ្នាំនេះ។កិច្ចប្រជុំនៃគណៈកម្មការSEANWFZបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀត ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃសន្ធិសញ្ញា និងផែនការសកម្មភាព  (២០២៣-២០២៧)។ព័ត៌មានលម្អិតត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថាកិច្ចប្រជុំបានអនុម័តឯកសារទស្សនទានស្តីពីគំនិតផ្តួចផ្តើមរួមគ្នាដែលអាចធ្វើទៅបានរវាងទីភ្នាក់ងារហាមឃាត់អាវុធនុយក្លេអ៊ែរនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (OPANAL) និងអាស៊ានក្នុងឆ្នាំ២០២៣ ដែលមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធនុយក្លេអ៊ែរចំនួន២។នៅថ្ងៃដដែល សេចក្តីប្រកាសព័ត៌មានបានបន្តទៀតថា ប្រមុខការទូតកម្ពុជា ក៏បានចូលរួមកិច្ចប្រជុំអន្តររដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) ដែលក្នុងឱកាសនោះលោកបានចែករំលែកទស្សនៈថា ដោយសារអាស៊ានមានភាពសម្បូរបែបខាងវប្បធម៌ និងនយោបាយ រដ្ឋសមាជិកអាស៊ាននីមួយៗប្រកាន់យកវិធីសាស្រ្តផ្សេងៗគ្នាចំពោះសិទ្ធិមនុស្សដើម្បីជំរុញរបៀបវារៈសង្គមរបស់ពួកគេដោយផ្អែកលើបរិបទជាតិរៀងៗខ្លួន។លោក ប្រាក់ សុខុន បានស្នើថា AICHR គួរពិចារណាលើការបោះពុម្ពរបាយការណ៍ស្ថានភាពប្រចាំឆ្នាំ ដែលចងក្រងសកម្មភាព និងកម្មវិធីដែលរដ្ឋសមាជិកនីមួយៗបានធ្វើ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសរៀងៗខ្លួន។នៅខាងក្រៅកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន បានឆ្លៀតឱកាសចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយសមភាគី លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ និងលោក Dato Erywan Pehin Yusof នៃប្រទេសប្រ៊ុយណេដារូសាឡឹម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីនិងផ្លាស់ប្តូរទស្សនអំពីបញ្ហានានាដែលជាផលប្រយោជន៍ និងកង្វល់រួម៕ AKP/Khmer Times
Powered by Blogger.