សម្តេចហ៊ុ​ន​ សែនរងការរិះ​គន់ពីពលរដ្ឋថៃជុំវិញកា​រលើកឡើងពីបរាជ័យ​របស់លោកPitaធ្វើនាយ​ករដ្ឋមន្ត្រី

បណ្តាប្រជាពលរដ្ឋថៃនិងអ្នកគាំទ្រលោក Pita Limjaroenrat បាននាំគ្នារិះគន់និងជេរប្រមាថសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងពីការបរាជ័យរបស់លោក Pita មិនអាចធ្វើជានាយករដ្ឋមន្ត្រី។

ប្រតិកម្មរបស់បណ្តាពលរដ្ឋថៃ និងអ្នកគាំទ្រលោកPitaកើតមានឡើងក្រោយពេលដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនតាមបណ្តាញសង្គមធ្វីតធ័រថាការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា។​នេះជារឿងអត់ប្រយោជន៍។ អ្វីៗដែលកើតឡើងក្នុងប្រទេសថៃនៅថ្ងៃនេះ គឺមិនបានពាក់ព័ន្ធនឹងលោកឬកម្ពុជាឡើយ។ វាជារឿងគួរឲ្យអាណិតដែលឃើញលោកព្យាយាមបង្កើតរឿងឡើងដោយខ្លួនឯងយ៉ាងដូច្នេះ។សង្ឃឹមថាលោកអាចឃើញប្រព័ន្ធប្រជាធិបតេយ្យដ៏ពេញលេញរបស់ថៃហើយវានឹងជះឥទ្ធិពលដល់ប្រជាពលរដ្ឋកម្ពុជា។ទាំងនេះ គឺជាសារឌឺដងរបស់ប្រជាជនថៃ មកលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពេលដែលសម្តេចហ៊ុន សែន នៅល្ងាចថ្ងៃព្រហស្បតិ៍ បានបង្ហោះខ្លឹមសារពីការបរាជ័យរបស់លោក Pita មិនអាចក្លាយជានាយករដ្ឋមន្រ្តី។ជាខ្លឹមសារលើបណ្តាញសង្គមធ្វីតធ័រសម្តេច ហ៊ុនសែនបានប្រកាសថាការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោកPitaគឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា។ តាមសម្តេច ហ៊ុន សែន នេះមិនមែនបង្ហាញថាសម្តេចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ តែសម្តេចចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិ ដែលសំដៅដល់ក្រុមលោក សម រង្ស៊ី តែងតែរំពឹងទុកថា នៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរដ្ឋាភិបាលកម្ពុជា  ។ក៏ប៉ុន្តែក្តីរំពឹងរបស់ពួកទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ។ខ្លឹមសាររបស់សម្តេចហ៊ុន​ សែន បានធ្វើឲ្យប្រជាពលរដ្ឋថៃ អ្នកគាំទ្រលោក Pita និងសារព័ត៌មានថៃមួយចំនួនយកទៅធ្វើអត្ថាធិប្បាយបន្ត ហើយចាត់ទុកថាជាការចំអកដល់បរាជ័យរបស់បេក្ខភាពនាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat។ ខ្លឹមសារនេះ ក៏ត្រូវបានដកចេញវិញពីបណ្តាញសង្គមធ្វីតធ័ររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ក្រោយរងការរិះគន់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ ក៏បានចេញមកបញ្ជាក់ថា ការចេញសាររបស់លោកពីយប់ថ្ងៃព្រហស្បតិ៍នោះ គឺមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថាបំណងរបស់ពួកគេត្រូវរលាយដូចអំបិលត្រូវទឹក។ ដូចអំបិលត្រូវទឹកដោយហេតុថាក្រុមប្រឆាំងបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោក  ឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី គឺពួកគេនឹងធ្វើសកម្មភាពចេញពីទីនោះ រួចចូលមកកម្ពុជា។បើតាមខ្លឹមសាររបស់សម្តេចហ៊ុន សែន គឺសម្តេចមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pitaដឹកនាំរដ្ឋាភិបាលថៃ។បន្ថែមពីនេះសម្តេចក៏គោរពតាមការសម្រេចចិត្តរបស់ប្រជាជនថៃនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃដែរ។គួរកត់សម្គាល់ថា ការបោះឆ្នោតនៅប្រទេសថៃ ដែលលោក Pita មកពីគណបក្សកាវក្លៃជាបេក្ខភាពនាំមុខគេក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃ ត្រូវបានបណ្តាអ្នកនយោបាយពីក្រៅប្រទេសនិងក្រុមអ្នកនយោបាយក្នុងស្រុករួមទាំងអ្នកវិភាគនយោបាយមួយចំនួនយល់ថាជាឱកាសដែលអាចឲ្យលោក សម រង្ស៊ី ត្រឡប់ចូលមកកម្ពុជាតាមប្រទេសថៃនេះបាន។ ក្នុងនោះលោក សម រង្ស៊ី ក៏ធ្លាប់បង្ហាញពីចេតនាត្រឡប់ចូលកម្ពុជាជាថ្មី ក្រោយពេលដែលលោក Pita ក្លាយជានាយករដ្ឋមន្ត្រីថៃ។យ៉ាងណាមិញ នៅក្នុងសាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកបានផ្តាំទៅក្រុមលោក សម រង្ស៊ី ថា កុំពឹងដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង ហើយជាពិសេសឈប់ប្រើប្រាស់ឈ្មោះលោក Pita មកប្រឆាំងកម្ពុជា ទាំងដែលលោកមិនដឹងខ្លួន៕RFI



Powered by Blogger.