HR​Wស្នើឲ្យអា​ជ្ញាធរខ្មែរ​​បញ្ឈប់កា​របង្ក្រាបលើ​​សកម្មជនភ្លើង​ទៀ​ន

 អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានស្នើឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់នូវរាល់សកម្មភាពបង្ក្រាបជាបន្តបន្ទាប់ទៅលើសកម្មជននយោបាយនៃគណបក្សភ្លើងទៀននាខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣កក្កដាខាងមុខនេះ។

រូបតំណាងអ្នកគាំទ្រគណបក្សភ្លើងទៀន។សហការី
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនរបស់គណបក្សភ្លើងទៀនយ៉ាងហោច៦នាក់ ត្រូវបានអាជ្ញាធរបង្រ្កាបនិងចាប់ខ្លួននៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ យ៉ាងហោចណាស់មានសកម្មជនគណបក្សភ្លើងទៀនចំនួន៦នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបង្រ្កាបនិងចាប់ខ្លួនពីបទបំពាននានាទាក់ទងទៅនឹងការរារាំងដំណើរការនៃការបោះឆ្នោត។ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃពុធ បានឲ្យដឹងថាសកម្មជនទាំង៦នោះ មានជាអាទិ៍ លោក ស៊ុំ​ ទិត្យា លោក ថុល សំណាង លោក ខឹម មុនីកុសល លោក លី រី លោក ប៊ុន ខេត លោក អេង ស្រូយ និងលោកស្រី វង រុន្នី។សម្រាប់លោក ស៊ុំ ទិត្យា គឺអាជ្ញាធរចោទ​ប្រកាន់តាមរយៈការប្រើប្រាស់​ហ្វេសប៊ុក​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២២ ពីបទ «ប្រមាថ​ព្រះមហាក្សត្រ និងញុះញង់​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​ក្នុង​ប្រទេស​កម្ពុជា» ។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ។ លោក ស៊ុំ ទិត្យា បានភៀសខ្លួនចេញពីកម្ពុជានិងត្រូវបានអាជ្ញាធរដាក់ក្នុងបញ្ជីខ្មៅ។រីឯលោក ថុល សំណាង សកម្មជនគណបក្សភ្លើងទៀនក្នុងខេត្តកណ្តាល ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅថ្ងៃសុក្រទី៧កក្កដា ក្រោយសកម្មជនរូបនោះ បានភៀសខ្លួនទៅដល់ប្រទេសថៃ ដើម្បីស្នើសុំការការពារ។ តាមរបាយការណ៍របស់ HRW គឺ អាជ្ញាធរថៃបានចាប់ខ្លួនលោក ថុល សំណាងដោយសម្ងាត់និងមិនទាន់ដឹងថាត្រូវបានឃុំខ្លួននៅទីណានៅឡើយ។ដោយឡែកលោកខឹមមុនីកុសលប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន នៅថ្ងៃទី១៣កក្កដា ក៏បានភៀសខ្លួនចេញពីកម្ពុជា ដើម្បីគេចពីការចាប់ខ្លួន។នេះតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។រីឯលោក លី រី លោក ប៊ុន ខេត លោក អេង ស្រូយ និងលោកស្រី វង រុន្នី គឺត្រូវបានចោទប្រកាន់ពីការរារាំងដល់ដំណើរការបោះឆ្នោតខាងមុខ និងធ្វើយុទ្ធនាការឲ្យប្រជាពលរដ្ឋទៅគូសសន្លឹកឆ្នោតចោល ដែលជាការបំពានច្បាប់បោះឆ្នោតដែលរដ្ឋាភិបាលកម្ពុជាទើបតែធ្វើវិសោធនម្ម។នៅចំពោះមុខនៃការបង្រ្កាបទាំងអស់នេះ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ថារដ្ឋាភិបាលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបង្រ្កាបលើទៅសកម្មជនបក្សភ្លើងទៀនដោយរបៀបផ្តាច់ការ បើទោះបីជាគណបក្សប្រឆាំងមួយនេះមិនអាចចូលរួមការបោះឆ្នោតខាងមុខក្តី។តែយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថារបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ធ្វើឡើងដោយគ្មានមូលដ្ឋាន​និងបង្កប់ចេតនានយោបាយគាំទ្របក្សប្រឆាំង។ នៅចំពោះមុខនៃការចាប់ខ្លួនសកម្មជនទាំងនោះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុតិ្តធម៌ថាព្រោះអ្នកទាំងនោះបានប្រព្រឹត្តខុសទៅនឹងច្បាប់កម្ពុជា ហើយលោកក៏បានចោទសួរទៅវិញថាចុះសកម្មជនដទៃទៀត ម្តេចមិនរងក៏បង្រ្កាបព្រោះអ្នកទាំងនោះមិនបានធ្វើសកម្មភាពបំពានច្បាប់ និងជាពិសេសច្បាប់បោះឆ្នោតដែលទើបនឹងធ្វើវិសោធនកម្ម៕RFI

Powered by Blogger.