FreedomHou​​se​ថា​សេរីភា​ព​ជាមូលដ្ឋានរបស់​កម្ពុជា​ឈរ​នៅ​បាតតារាង​ខណៈ​កាន់​​ជើងបក្សប្រ​ឆាំង

«នៅក្នុងឆ្នាំ២០២៣សេរីភាពជាមូលដ្ឋានរបស់កម្ពុជាធ្លាក់ដល់បាតតារាង»។ ចំណាត់ថ្នាក់នេះត្រូវបានផ្ដល់ពិន្ទុដោយអង្គការឃ្លាំមើលសេរីភាពFreedom Houseនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពក្នុងពិភពលោកដែលចេញផ្សាយនៅថ្ងៃទី១៨កក្កដាម្សិលមិញ។

រូបតំណាងសហការី
Freedom House ហ៊ានឲ្យចំណាត់ថ្នាក់កម្ពុជាយ៉ាងដូច្នេះគឺយោងលើទិដ្ឋភាពនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹងខណៈសេរីភាពនៃការបញ្ចេញមតិនិងការជួបប្រជុំត្រូវបានគាបសង្កត់យ៉ាងធ្ងន់ធ្ងរទាំងនៅលើអ៊ីនធឺណិតនិងនៅក្នុងសង្គម។រីឯគណៈកម្មការសិទ្ធិមនុស្សកម្ពុជាចាត់ទុករបាយការណ៍របស់ Freedom Houseកាន់ជើងបក្សប្រឆាំងនិងក្រុមប្រឆាំង។ បើតាមFreedomHouseសេរីភាពជាមូលដ្ឋាននៅកម្ពុជាបានធ្លាក់ចុះដល់កម្រិតដុនដាបក្នុងពិន្ទុ២៤/១០០។ កម្រិតពិន្ទុនេះគេចែកជាបីបន្ថែ​មទៀត ស្ថានភាពនៃសិទ្ធិនយោបាយនៅកម្ពុជាបានធ្លាក់ចុះនៅត្រឹម៥ពិន្ទុ/៤០ពិន្ទុ សេរីភាពខាងសង្គមស៊ីវិលបាន១៩ពិន្ទុ/៦០ពិន្ទុ ខណៈសេរីភាពបណ្តាញអ៊ីនធឺណិតវិញបាន៤៣ពិន្ទុ/១០០ពិន្ទុ។សម្រាប់ Freedom House ការផ្ដល់ពិន្ទុខាងលើ គឺយោងទៅលើទិដ្ឋភាពនយោបាយនៅកម្ពុជាដូចជាៈការបោះឆ្នោតរៀបចំឡើងដោយគ្មានបក្សប្រឆាំងការបន្តយាយីលើអ្នកនយោបាយបក្សភ្លើងទៀន ការបង្កើតបទចោទកាន់តែច្រើនឡើង​លើលោក សម រង្ស៊ី  ការធ្វើវិសោធនកម្មបោះឆ្នោតដែលប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដើម្បីបើកផ្លូវឱ្យលោកហ៊ុន ម៉ាណែត បន្តវេនជានាយករដ្ឋមន្ត្រីជាដើម។  លើសពីនេះទៀត ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ជារឿយៗត្រូវបានកំណត់គោលដៅបង្ក្រាបដោយសារតែការរិះគន់ចំពោះអ្នកមានអំណាច។អ្នកនាំពាក្យគណកម្មការសិទ្ធិមនុស្សកម្ពុជាលោកកត្តា អន ថ្លែងបានថ្លែងឲ្យដឹងនៅថ្ងៃទី១៩កក្កដានេះថា របាយការណ៍របស់ Freedom House​ កំពុងប្រាចាកពីភាពពិតជាក់ស្ដែង។ ភាពពិតជាក់ស្ដែងរបស់ប្រទេសកម្ពុជានៅពេលនេះប្រជាជនកំពុងរីករាយក្នុងការប្រើប្រាស់សិទ្ធិ តាមរយៈត្រៀមខ្លួនទៅបោះឆ្នោតជាតិនៅចុងសប្ដាហ៍នេះ ហើយគណបក្សនយោបាយទាំង១៨កំពុងឃោសនារកសំឡេងឆ្នោតដោយសេរី និងគ្មានការគំរាមកំហែង។​ លោកបន្ថែមថា ការវាយតម្លៃសេរីភាពជាមូលដ្ឋានរបស់កម្ពុជាឈរនៅបាតតារាងពីសំណាក់FreedomHouseជាការចង់កំហឹងមករដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយគាំទ្រទៅលើគណបក្សប្រឆាំងដែលល្មើសច្បាប់ និងកំពុងរុញកម្ពុជាឲ្យក្លាយជាប្រទេសអនាធិបតេយ្យ។អ្នកនាំពាក្យរូបនេះបានផ្ដល់យោបល់ទៅ Freedom Houseថា មុនចេញរបាយការណ៍ត្រូវមានព័ត៌មានច្បាស់លាស់និងវាយតម្លៃទៅលើស្ថានភាពជាក់ស្ដែងក្នុងសង្គម មិនមែនអង្គុយស្ដាប់របាយការណ៍ឬស្ដាប់ព័ត៌មាន ហើយសសេរតាមអារម្មណ៍ពេញចិត្តឬមិនពេញចិត្ត ដើម្បីវាយតម្លៃប្រទេសណាមួយនោះទេ។​ គួរជម្រាបជូនថាការចេញផ្សាយរបាយការណ៍របស់Freedom House ធ្វើឡើងបន្ទាប់ពីតំណាងកម្ពុជាប្រាប់UNថា លំហរពលរដ្ឋនិងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរ។ ការអះអាងនេះធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៣ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១៦មិថុនាដល់ថ្ងៃទី១៤កក្កដាឆ្នាំ២០២៣។ ផ្ទុយពីFreedomHouseស្ថានបេសកម្មអចិន្ទ្រៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិអះអាងថាលំហរពលរដ្ឋនិងនយោបាយនៅកម្ពុជាមានភាពសេរីនិងបើកចំហរស្ដែងឡើងតាមរយៈភាពរស់រវើករបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន៦០​០០​​និងអង្គភាពព័ត៌មានជាង២០០០ ប្រតិបត្តិការការងារដោយសេរី គ្មានការត្រួតពិនិត្យ រឹតត្បិត៕RFI


Powered by Blogger.