រដ្ឋាភិបា​ល​បញ្ចេញរ​ថយ​ន្តចំនួនពី​៣០០ទៅ​៣៥០គ្រឿង​ដឹកជញ្ជូនកម្ម​ករ​ក​ម្មការិនីទៅ​កាន់​ស្រុកកំណើត​​ចូលរួម​បោះ​ឆ្នោត

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញបញ្ជា ឱ្យរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងអភិបាលរាជធានីភ្នំពេញ បញ្ចេញនូវរថយន្ត ចំនួនពី៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅកាន់ស្រុកកំណើត សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ក្នុងសារជាសំឡេងតាមតេឡេក្រាម នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អភិបាលរាជធានីភ្នំពេញ និងជូនចំពោះកម្មករ កម្មការិនីទាំងអស់ សម្ដេចហ៊ុន សែន មានប្រសាសន៍ថា  ដូចដែលបានដឹងហើយថារាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ កម្មការិនី បានឈប់សម្រាលរយៈពេល៣ថ្ងៃ ដើម្បីធ្វើដំណើរទៅចូលរួមធ្វើការបោះឆ្នោត។ សម្ដេចបន្តថាដោយសារតែតម្រូវការនៃការធ្វើដំណើរមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនរបស់យើងពិតជាមានបញ្ហាដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរដោយខ្វះមធ្យោបាយឬការដំឡើងថ្លៃជាដើម។ សម្ដេចគូសបញ្ជាក់ថា  ក្នុងន័យនេះដើម្បីសម្រួលទៅដល់កម្មករកម្មការិនីរបស់យើងសម្រាប់ការធ្វើដំណើរទៅកាន់ស្រុកកំណើតធ្វើការបោះឆ្នោត សម្ដេចបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ ធ្វើការបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនី ទៅតាមបណ្ដាខេត្ត សម្រាប់ធ្វើការបោះឆ្នោត។ សម្ដេចនាយករដ្ឋមន្ត្រីបានធ្វើការណែនាំច្បាស់ថា៖«ការដឹកជញ្ជូននេះធ្វើឡើងដោយគ្មានការរើសអើងគណបក្សនយោបាយណាមួយទេ។ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ។យើងដឹកគ្រប់និន្នាការនយោបាយ ហើយយើងក៏មិនដឹងថា តើនរណាត្រូវបោះឆ្នោតឱ្យនរណានោះឡើយ។ យើងដឹកដោយគ្មានការរើសអើងនោះទេ។ដូច្នេះវាមិនមែនជាការសូកប៉ាន់ សម្រាប់ដោះដូរជាមួយនិងសន្លឹកឆ្នោតនោះទេ»។សម្ដេចក៏បានស្នើឱ្យមានការរៀបរយឱ្យបានច្បាស់លាស់ សម្រាប់ខេត្តណាតម្រូវការប៉ុន្មាន ព្រោះវាខុសគ្នាពីស្ថានភាពកាលពីពេលបុណ្យចូលឆ្នាំ ដោយពេលចូលឆ្នាំ យើងបានផ្ដល់រថយន្តយ៉ាងច្រើនសម្រាប់ផ្លូវទៅខេត្តសៀមរាប ដោយនៅទីនោះគឺមានអង្គរសង្ក្រាន្ត។ ក៏ប៉ុន្តែសម្រាប់ការបែងចែកកម្មករ ដែលមកធ្វើការនៅទីក្រុងភ្នំពេញវាខុសប្លែកពីស្ថានភាពកាលពីចូលឆ្នាំកន្លងទៅនេះ។ ។ដូច្នេះសូមឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវធ្វើការជាមួយនិងសាលារាជធានីភ្នំពេញដើម្បីបែងចែកទៅតាមផ្លូវដែលមានកម្មករច្រើនមកធ្វើការនៅទីក្រុងភ្នំពេញ។ សម្ដេចលើកឡើងថា វាមិនមែនខេត្តសៀមរាបទៀតទេ ប្រហែលជាអាចនៅខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម ឬខេត្តដទៃទៀតឯណេះទៅវិញ ឬ ត្រឹមខេត្តកំពង់ធំ។ ឯខេត្តសៀមរាប គឺប្រហែលជាមានចំនួនមិនច្រើន តែផ្លូវជាតិលេខ៥ ក៏មានចំនួនច្រើន។ ដូច្នេះក្នុងចំនួននេះ ត្រូវតែមានការបែងចែកច្បាស់លាស់ ដើម្បីធានាថា កម្មករ កម្មការិនីរបស់យើង ត្រូវបានទទួលនូវការដឹកជញ្ជូន ហើយការដឹកជញ្ជូននេះទៀតសោត គឺគ្មានការយកកម្រៃណាមួយឡើយ។សម្ដេចបានស្នើឱ្យសាលារាជធានីភ្នំពេញ ត្រៀមរៀបចំពីឥឡូវ ដើម្បីឱ្យមានអ្នកបើកបរបានត្រឹមត្រូវ ជាមួយនិងការយកចិត្តទុកដាក់ ទៅលើសុខុមាលភាពរបស់កម្មករ កម្មការិនី ដែលត្រូវធ្វើដំណើរទៅធ្វើការបោះឆ្នោត។ សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹមថា ការដឹកជញ្ជូននេះនឹងបន្ធូរបន្ថយនូវការលំបាកនិងចរន្តនៃការស្ទះខ្វះមធ្យោបាយដឹកជញ្ជូន ដែលសព្វថ្ងៃនេះមធ្យោបាយដឹកជញ្ជូនមានរថយន្តឈ្នួល រថយន្តតាក់ស៊ី ក៏ប៉ុន្តែនៅពេលដែលកម្មករចេញរាប់សិបម៉ឺននាក់ទៅនោះ គឺពិតជានឹងធ្វើឱ្យមានការលំបាកទៅដល់មធ្យោបាយដឹកជញ្ជូន ហើយអាចកម្មករ កម្មការិនីខ្លះទៀតគឺមិនមានមធ្យោបាយធ្វើដំណើរ ហើយខ្ជិលធ្វើដំណើរទៅតែម្ដង។ ទន្ទឹមនេះ ដើម្បីលើកទឹកចិត្ត និងសម្រួលឱ្យអ្នកបោះឆ្នោតទាំងអស់ គឺត្រូវតែបញ្ចេញរថយន្តក្នុងរង្វង់ ៣០០ ទៅ៣៥០គ្រឿង សម្រាប់បម្រើឱ្យការងារនេះ ហើយពេលដែលដឹកទៅ ក៏ត្រូវតែដឹកត្រឡប់មកវិញ។ នេះគឺជាកិច្ចការដែលត្រូវធ្វើ នៅក្នុងរយៈពេលនោះ ក៏ប៉ុន្តែសូមកុំភ្លេចឱ្យសោះថា អ្នកបើកបរបររថយន្ត ពួកគេត្រូវទទួលបាននូវលទ្ធភាពនៃការបោះឆ្នោត គឺមិនអាចនឹងមិនធ្វើការបោះឆ្នោតបានឡើយ។សម្ដេច ថ្លែងបន្ថែមថា ដូច្នេះសូមឱ្យយកចិត្តទុកដាក់ទៅលើបញ្ហានេះ ថ្ងៃទី២២ កក្កដាចាកចេញ ថ្ងៃទី២៤ កក្កដា វិលត្រឡប់ ប៉ុន្តែធានាធ្វើយ៉ាងណាឱ្យអ្នកបើកបរ រថយន្តបានបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ទទួលបានការណែនាំនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសអភិបាលរាជធានីភ្នំពេញ ក៏ដូចជា កម្មករ កម្មការិនី ត្រៀមរៀបចំ អ្នកណាខ្លះដែលត្រូវជិះរថយន្ត ហើយធ្វើដំណើរដោយមធ្យបាយបែបណា៕AKP


Powered by Blogger.