ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែនបានមានប្រសាសន៍បញ្ជាក់ជាថ្មីថាសម្ដេចគោរពការសម្រេចរបស់ប្រជាជនថៃនិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនិងត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណាឬបក្សណាដឹកនាំក៏ដោយ។
 |
រូបភាពនៅលើធ្វីតទ័រសម្តេចហ៊ុនសែន។ |
នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានសរសេរថា ល្ងាចម្សិលម៉ិញខ្ញុំបានបង្ហោះសារមួយដែលមានន័យថាការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃវាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាដោយហេតុថាក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថាក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសាខ្មែរលើកឡើងថា មេដឹកនាំក្រុមជ្រលនិយមនឹងមកកម្ពុជាតាមទឹកដីថៃ។ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយ តាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ!។ សម្ដេចបានថ្លែងថា៖ «ខ្ញុំមិនបានប្រឆាំងលោកPita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ការដែលខ្ញុំចេញសារនេះមានបំណងប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថាបំណងរបស់ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។ ក្រោយខ្ញុំបង្ហោះមានបងប្អូនថៃចូលមកComment ជាភាសារថៃយ៉ាងច្រើន ដែលខ្ញុំមិនយល់ដោយមិនចេះអានភាសារថៃ»។ នៅទីនេះសម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា១. ខ្ញុំមិនប្រឆាំងលោក Pita នោះទេ ហើយក៏បានត្រៀមខ្លួនធ្វើការជាមួយលោក Pita ក្នុងករណីលោក Pita ដឹកនាំរដ្ឋាភិបាលថៃ។ ២.ខ្ញុំគោរពការសម្រេចរបស់ប្រជាជនថៃ និង មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ។ ៣. ខ្ញុំត្រៀមខ្លួនធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ទោះអ្នកណា ឬបក្សណាដឹកនាំក៏ដោយ។ ៤. ពួកជ្រុលនិយមខ្មែរដែលយកទឹកដីថៃ សម្រាប់ធ្វើសកម្មភាពប្រឆាំងកម្ពុជារាប់ទាំងការប្រើប្រាស់ឈ្មោះលោក Pita គប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯងទៀតទៅ។ជាពិសេសឈប់ប្រើឈ្មោះលោក Pita ដែលគាត់មិនទាំងដឹងខ្លួនផងឱ្យមកប្រឆាំងជាមួយកម្ពុជាទៀតទៅ។សូមរម្លឹកផងដែរថា នៅលើបណ្ដាញតេឡេក្រាមកាលពីព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចបានសរសេរថា៖ «ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pitaគឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះមិនមែនបង្ហាញថាខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ។ ខ្ញុំគ្រាន់តែចង់បង្ហាញថាព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុកថានៅពេលលោកPita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា។ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ»។ សម្ដេចនាយករដ្ឋមន្ត្រីក៏បានសរសេរបន្ថែមថា៖«សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃដែលនេះជាការដាស់តឿននិងជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមជ្រុលនិយម»៕AKP
Post a Comment