កម្ពុជាតម្រូវឱ្យបិទខ្ទប់ការចូលគេហទំព័រនិងប្រព័ន្ធទំនាក់ទំនងសង្គមរបស់សារព័ត៌មានប្រឆាំង
និយ័តករទូរគមនាគមន៍កម្ពុជាបានបញ្ជាឱ្យបិទខ្ទប់ការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងគេហទំព័ររបស់ស្ថាប័នសារព័ត៌មានវិទ្យុអាស៊ីសេរី, The Cambodia Daily Khmer និងមូលដ្ឋានទិន្នន័យសារធារណៈឈ្មោះថា «កំណត់ត្រា» ដែលទើបបើកដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM ដោយហេតុផលថាជាអង្គភាពសារព័ត៌មានខុសច្បាប់និងផ្សព្វផ្សាយព័ត៌មានប៉ះពាល់ដល់រដ្ឋាភិបាល។
បើតាមលិខិតដែលផ្ញើទៅកាន់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតមួយចុះថ្ងៃទី១២កក្កដា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតទាំងអស់មានពេល១សប្តាហ៍ក្នុងការអនុវត្តតាមបញ្ជានេះ។ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជាទាំងអស់ តម្រូវឱ្យបិទខ្ទប់ការចូលទៅកាន់គេហទំព័រនិងបណ្តាញ ប្រព័ន្ធទំនាក់ទំនងសង្គមរបស់សារព័ត៌មានចំនួន២ គឺ វិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily Khmer។ តាមលិខិតមួយច្បាប់របស់និយ័តករទូរគមនាគមន៍កម្ពុជាចុះថ្ងៃទី១២កក្កដា គណនី Instagram, Youtube និង Twitter រួមនឹងគេហទំព័រសារព័ត៌មាន The Cambodia Daily Khmer ត្រូវតែបិទខ្ទប់មិនអាចចូលបើកបាន។ មិនខុសគ្នាដែរ គណនីTwitter និងគេហទំព័រទាំង២ភាសា(ខ្មែរនិងអង់គ្លេស) របស់វិទ្យុអាស៊ីសេរី។ ជាការសម្គាល់ ស្ថាប័នកាសែតទាំង២នេះ តែងផ្សព្វផ្សាយព័ត៌មានរស៊ើបៗពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍កម្ពុជា ក៏បានបញ្ជាឱ្យបិទខ្ទប់ការចូលទៅកាន់ Twitter និងគេហទំព័រ ឈ្មោះថា «កំណត់ត្រា»ដែលទើបបើកដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM។ «កំណត់ត្រា» បានចងក្រងព័ត៌មានសាធារណៈដែលមានស្រាប់ដូចជា ឯកសារដែលចេញផ្សាយដូចជាការផ្តល់ដី ការផ្តល់គោរមងារ និងការវិភាគលើទិន្នន័យការបោះឆ្នោតជាដើម។ បន្ទាប់ពីសារព័ត៌មានវីអូឌីត្រូវបានលុបអាជ្ញាបណ្ណកាលពីខែកុម្ភៈCCIM បានដាក់ឲ្យដំណើរការមូលដ្ឋាននិទ្ធន័យកំណត់ត្រានេះ កាលពីចុងខែមិថុនា ឆ្នាំ២០២៣ ។ជុំវិញចំណាត់ការបិទខ្ទប់ការចូលទៅគេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គមរបស់សារព័ត៌មានប្រឆាំងខាងលើនេះ និយ័តករទូរគមនាគមន៍កម្ពុជាបានលើកហេតុផលថា ដោយសារតែវិទ្យុអាស៊ីសេរី និង The Cambodia Daily Khmer និងមូលដ្ឋានទិន្នន័យសារធារណៈ «កំណត់ត្រា» បានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានការភាន់ច្រលំ ប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រដ្ឋាភិបាលនិងមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មនៅក្រសួងព័ត៌មាន។ និយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែតទាំងអស់ត្រូវចាត់វិធានការនេះជាបន្ទាន់ឱ្យបានពេញលេញ និងត្រូវរាយការណ៍ជាផ្លូវការមកវិញនៅក្នុងរយៈពេល៧ថ្ងៃក្រោយ។នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី និង The Cambodia Daily Khmer បានប្រកាសឱ្យអ្នកតាមដានរបស់ខ្លួននៅកម្ពុជា ចូលទៅប្រើប្រាស់កម្មវិធី App ជំនួសឱ្យបណ្តាញប្រព័ន្ធសង្គមនិងគេហទំព័រដែលត្រូវបានរដ្ឋាភិបាលបិទខ្ទប់នោះ ឬក៏ប្រើបណ្ដាញឯកជននិម្មិត ឬ VPN ពីក្រៅស្រុកមកវិញ។កំណត់ត្រាវិញបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយបញ្ជាក់ថាស្ថាប័នកំពុងពិនិត្យមើលបញ្ហា និងកំពុងស្វែងរកមធ្យោបាយដោះស្រាយក្នុងពេលឆាប់ៗ៕RFI
រូបភាពសហការី |
Post a Comment