ហេតុអ្វីបា​ន​ជា​​អាមេរិកផ្ទេរគ្រាប់​បែកច​ង្កោ​ម​ទៅអ៊ុយក្រែន​​នៅ​​ពេលនេះ?

 សហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែន ដើម្បីជួយយោធារបស់ខ្លួនរុញច្រានកងកម្លាំងរុស្ស៊ីដែលឈរជើងនៅតាមបណ្តោយរណសិរ្សភាគខាងកើត។យោងតាមសារព័ត៌មាន Associated Press រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានគេរំពឹងថានឹងប្រកាសកញ្ចប់ជំនួយអាវុធចំនួន៨០០លានដុល្លារ រួមទាំងគ្រាប់បែកចង្កោមដែលបាញ់ដោយកាំភ្លើងHowitzer 155mm នៅដើមខែកក្កដា។ចំណាត់ការនេះទំនងជាបង្កការខឹងសម្បារពីសម្ព័ន្ធមិត្ត និងក្រុមមនុស្សធម៌មួយចំនួនដែលបានប្រឆាំងជាយូរមកហើយចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។

រូបភាព៖ សំណល់​គ្រាប់​មីស៊ីល​មួយ​ចំនួន​ដែល​រុស្ស៊ី​ប្រើ​ដើម្បី​វាយ​ប្រហារ​អ៊ុយក្រែន​ដែល​ប្រមូល​បាន​ក្នុង​ក្រុង Kharkov ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី៧ ខែ​ធ្នូ។AFP
តើគ្រាប់បែកចង្កោមមានគ្រោះថ្នាក់ទេ?

គ្រាប់បែកចង្កោមគឺជាគ្រាប់បែកដែលផ្ទុះនៅលើអាកាសបន្ទាប់មកបញ្ចេញគ្រាប់បែកតូចៗលើផ្ទៃដីធំ។គ្រាប់បែកតូចៗដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅជាច្រើនក្នុងពេលតែមួយអាចកម្ទេចរថក្រោះ និងទ្រព្យសម្បត្តិយោធាផ្សេងទៀត។នៅក្នុងជម្លោះពីមុនគ្រាប់បែកចង្កោមមានអត្រាបំផ្លាញខ្ពស់។ គ្រាប់​បែក​មិន​ទាន់​ផ្ទុះ​តូចៗ​រាប់​ពាន់​គ្រាប់​នៅ​សល់​បន្ទាប់​ពី​សង្គ្រាម​បាន​បញ្ចប់និង​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក។លើកចុងក្រោយដែលអាមេរិកប្រើគ្រាប់បែកចង្កោមគឺនៅលើសមរភូមិក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣។បន្ទាប់មកអាមេរិកបានឈប់ប្រើប្រាស់គ្រាប់បែកទាំងនោះដោយសារតែជម្លោះបានផ្លាស់ប្តូរទៅកាន់តំបន់ដែលមានប្រជាជនកាន់តែច្រើន។

ហេតុអ្វីបានជាអាមេរិកបញ្ជូនគ្រាប់បែកចង្កោមពេលនេះ?

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះសហរដ្ឋអាមេរិកបាននិងកំពុងស្តុកទុកនូវគ្រាប់រំសេវសម្រាប់ 155mm Howitzer howitzer ហើយបានបញ្ជូនគ្រាប់រំសេវជាង២លានគ្រាប់នេះទៅកាន់ប្រទេសអ៊ុយក្រែន។សម្ព័ន្ធមិត្តផ្សេងទៀតក៏បានបញ្ជូនទៅផងដែរ។គ្រាប់រំសេវ 155 មីលីម៉ែត្រ អាចបាញ់ចំគោលដៅពីចម្ងាយ២៤-៣២គីឡូម៉ែត្រ ដែលធ្វើឱ្យល្អសម្រាប់ថ្មើរជើងអ៊ុយក្រែនប្រើដើម្បីវាយប្រហារសត្រូវពីចម្ងាយ។កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់អាវុធប្រភេទនេះរាប់ពាន់គ្រាប់ជារៀងរាល់ថ្ងៃ ក្នុងជម្លោះជាមួយរុស្ស៊ី។លោក Yehor Cherniev សមាជិកសភាអ៊ុយក្រែនបាននិយាយនៅដើមឆ្នាំនេះថាក្រុងគៀវ ប្រហែលជាត្រូវបាញ់ ៧.០០០ ទៅ ៩.០០០គ្រាប់ក្នុងមួយថ្ងៃ ក្នុងអំឡុងពេលប្រយុទ្ធ។ គ្រាប់​រំសេវ​ដ៏​ច្រើន​បែប​នេះនឹង​ដាក់​សម្ពាធ​លើ​ឃ្លាំង​ស្តុក​របស់​អាមេរិកនិង​សម្ព័ន្ធមិត្ត។Ryan Brobst អ្នកវិភាគនៅមជ្ឈមណ្ឌលស្រាវជ្រាវលទ្ធិប្រជាធិបតេយ្យ (មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក)បាននិយាយថា នៅក្នុងបរិបទបច្ចុប្បន្នគ្រាប់បែកចង្កោមគឺជាជម្រើសដ៏សមហេតុផល ព្រោះវាជួយអ៊ុយក្រែនបំផ្លាញគោលដៅកាន់តែច្រើន។អាមេរិក​មិន​បាន​ប្រើ​គ្រាប់បែក​ចង្កោម​ទេ​ចាប់តាំងពី​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់។ដូច្នេះ​ពួកគេ​មាន​គ្រាប់បែក​ចង្កោម​ក្នុង​បរិមាណ​ច្រើន។យោងតាមខ្លឹមសារនៃលិខិតថ្ងៃទី២៣ខែមីនាពីគណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិកទៅកាន់រដ្ឋបាលBidenទីក្រុងវ៉ាស៊ីនតោនមានគ្រាប់បែកចង្កោមប្រហែល៣លានគ្រាប់ដែលត្រៀមរួចជាស្រេច។អ្នកជំនាញ Ryanបាននិយាយថា"គ្រាប់បែកចង្កោមមានប្រសិទ្ធភាពជាងគ្រាប់កាំភ្លើងធំព្រោះវាផ្តល់ការខូចខាតលើផ្ទៃដីធំជាង។នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែនខណៈដែលពួកគេកំពុងព្យាយាមវាយបកដើម្បីដណ្តើមយកតំបន់ដែលរុស្ស៊ីគ្រប់គ្រងមកវិញ"។ជាងនេះទៅទៀត ការបញ្ជូនគ្រាប់បែកចង្កោមទៅអ៊ុយក្រែនមិនត្រឹមតែអាចដោះស្រាយបញ្ហាកង្វះគ្រាប់រំសេវរបស់ទីក្រុងគៀវប៉ុណ្ណោះទេថែមទាំងជួយសម្រាលសម្ពាធលើការស្តុកទុករបស់អាមេរិកនិងកន្លែងផ្សេងទៀតផងដែរ។

រុស្ស៊ីក៏ប្រើគ្រាប់បែកចង្កោមដែរ

ទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់ព័ត៌មានពីមេដឹកនាំអ៊ុយក្រែន អ្នកសង្កេតការណ៍ក្រុមមនុស្សធម៌ និងក្រុមសិទ្ធិមនុស្សថា កងកម្លាំងរុស្ស៊ីក៏បានប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងប្រទេសអ៊ុយក្រែនក្នុងឱកាសមួយចំនួនផងដែរ។អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា នៅដើមដំបូងនៃសង្រ្គាមមានករណីជាច្រើនដែលរុស្ស៊ីប្រើគ្រាប់បែកចង្កោម ដូចជានៅទីក្រុង Okhtyrka ភាគឦសាននៃប្រទេសអ៊ុយក្រែន។ថ្មីៗនេះ ក្នុងខែមីនា ឆ្នាំ២០២៣ ភាគីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារទីក្រុងKostiantynivka ដោយមីស៊ីល S-300 និងគ្រាប់បែកចង្កោម។មួយខែក្រោយមក អភិបាលក្រុង Donetsk លោក PavloKyrylenkoបានចោទប្រកាន់រុស្ស៊ីថាបានវាយប្រហារទីក្រុងមួយក្នុងតំបន់ ដោយគ្រាប់បែកចង្កោមបណ្តាលឲ្យមនុស្សម្នាក់រងរបួស។ការប្រើប្រាស់គ្រាប់បែកចង្កោមមិនបំពានច្បាប់អន្តរជាតិទេ ដរាបណាវាមិនត្រូវបានប្រើប្រាស់លើជនស៊ីវិល។ប្រទេសជាង១២០ បានចុះហត្ថលេខាលើអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយល់ព្រមមិនប្រើប្រាស់ ផលិត ដឹកជញ្ជូន រក្សាទុក និងបោះចោលបន្ទាប់ពីប្រើប្រាស់រួច។ សហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានចុះហត្ថលេខាលើអនុសញ្ញានេះទេ៕ពុតសាម៉ាត់


Powered by Blogger.