កម្ពុជាជា​ប់​ឈ្មោះជាប្រទេ​ស​មា​នកម្រិតសន្តិភាព​​មធ្យម

 កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាប្រទេសមានកម្រិតសន្តិភាពមធ្យម ដោយក្នុងចំណោមប្រទេសសមាជិកអាស៊ានកម្ពុជាឈរលេខរៀងទី៦ និងទី៧៣នៅលើពិភពលោក។

រូបភាពសហការី

នេះបើយោងតាមរបាយការណ៍សន្ទស្សន៍សន្តិភាពពិភពលោកឆ្នាំ២០២៣។តាមលទ្ធផលនេះមានន័យថា សន្តិភាពក្នុងប្រទេសកម្ពុជាមិនល្អពេកហើយក៏មិនអាក្រក់នោះដែរ។ ជុំវិញរឿងអ្នកតាមដានសង្គមសាទរ។ក៏ប៉ុន្តែពួកគេស្នើបន្ថែមឱ្យរដ្ឋាភិបាលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗមួយចំនួនដើម្បីធានាឱ្យបាននូវសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូល។បើនិយាយក្នុងក្របខណ្ឌតំបន់អាស៊ានដែលមាន១០ប្រទេសកម្ពុជាត្រូវបានវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពចាត់ថ្នាក់ឱ្យឈរក្នុងលំដាប់លេខរៀងទី៦ ដែលជាប្រទេសមានសន្តិភាពមធ្យមខណៈប្រទេសសឹង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន បន្ទាប់មកម៉ាឡេស៊ី វៀតណាម ឡាវ និងឥណ្ឌូនេស៊ី។ចំពោះក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិញកម្ពុជាឈរក្នុងលំដាប់លេខរៀងទី១៣ ដែលមានពិន្ទុសរុប ១.៩៤៧ ក្នុងចំណោមប្រទេសចំនួន១៩។ចំណែកចំណាត់ថ្នាក់នៅលើពិភពលោក ដែលមានប្រទេសសរុបចំនួន១៦៣ កម្ពុជាឈរនៅលេខរៀងទី៧៣ដែលជាក្រុមប្រទេសមានសន្តិភាពកម្រិតមធ្យម។នេះបើតាមយោងតាមសន្ទស្សន៍សន្តិភាពពិភពលោក២០២៣។ ក៏ប៉ុន្តែចំណាត់ថ្នាក់របស់កម្ពុជានៅលើពិភពលោកនាពេលនេះ គឺមានការថយចុះមួយចំណាត់ថ្នាក់ដោយកាលពីឆ្នាំ២០២២ កម្ពុជាឈរនៅលេខរៀងទី៧២។ជាក់ស្តែង ការវាយតម្លៃ និងការចាត់ថ្នាក់កម្រិតសន្តិភាពរបស់ប្រទេសនីមួយៗបើតាមវិទ្យាស្ថានសេដ្ឋកិច្ចនិងសន្តិភាពគឺយោងតាមរូបមន្តចំនួន២ទី១គឺសន្តិភាពផ្នែកខាងក្នុងនិងទី២គឺសន្តិភាពពីខាងក្រៅ ។សន្តិភាពផ្នែកខាងក្នុងគឺកំណត់ទៅលើផ្នែកបញ្ហាឧកិ្រដ្ឋ អត្រាឃាតកម្ម ចំនួនមន្ត្រីប៉ូលីស នគរបាល ចំនួនអ្នកជាប់ពន្ធនាគារ ចំនួនការកាន់កាប់អាវុធរបស់ពលរដ្ឋបាតុកម្មហិង្សា ឧកិ្រដ្ឋកម្មហិង្សា អស្ថិរភាពនយោបាយ​ ភេរវកម្មនយោបាយ ការនាំចូលអាវុធ ករណីជម្លោះផ្ទៃក្នុងជាដើម។ចំណែក សន្តិភាពពីខាងក្រៅវិញ គឺកំណត់ទៅលើការចំណាយយោធាបើធៀបនឹងផលិតផលក្នុងស្រុកសរុប ចំនួនកងកម្លាំងប្រដាប់អាវុធមូលនិធិរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការប្រើប្រាស់អាវុធធន់ធ្ងន់ឬអាវុធនុយក្លេអ៊ែរ ការនាំចូលសព្វាវុធ បញ្ហាពាក់ព័ន្ធនឹងជនភៀសខ្លួនទំនាក់ទំនងជាមួយប្រទេសជិតខាង ជម្លោះជាមួយប្រទេសជិតខាងរហូតឈានដល់ការប្រយុទ្ធតតាំងគ្នាជាដើម។ជុំវិញរឿងនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាពលើកឡើងថាសន្តិភាពនៅកម្ពុជាជារួមមិនទាន់មានស្ថានភាពល្អពេញលេញនៅឡើយពីព្រោះថារដ្ឋាភិបាលបានរឹតត្បិតសិទ្ធិសេរីភាពការសម្តែងមតិរបស់ពលរដ្ឋ។ពិសេសការចាប់ខ្លួនពលរដ្ឋដែលតែងងើបតវ៉ាដើម្បីស្វែងរកយុត្តិធម៌។លោក យ៉ង់ គឹមអេងយល់ថា ដើម្បីអាចឱ្យប្រទេសកម្ពុជាមានសន្តិភាពពិតប្រាកដបានដរាបណា រដ្ឋាភិបាលបើកចិត្តឱ្យទូលាយមិនត្រូវរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងបើកឱកាសឱ្យអ្នកនយោបាយដែលមាននិន្នាការជំទាស់អាចចូលរួមលើឆាកនយោបាយបាន ប្រកបដោយសុក្រឹតភាពនិងយុត្តិធម៌។តែយ៉ាងណា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២កន្លងទៅ នៅពេលដែលនាយករដ្ឋមន្ត្រីអញ្ចើញបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ចោមចៅ កំពតសម្តេចទទួលស្គាល់ថាសម្តេចមិនអាចមានលទ្ធភាពរកសន្តិភាពផ្លូវចិត្តជូនពលរដ្ឋរបស់ខ្លួនបានទេ។ក៏ប៉ុន្តែមានតែសុខសន្តិភាពមួយប៉ុណ្ណោះដែលអាចធ្វើឱ្យពលរដ្ឋរស់នៅបានសុខសាន្ត។បើតាមសម្តេច​នាយករដ្ឋមន្ត្រី សម្តេចអាច​រក​បាន​ត្រឹម​ការ​ធានា​សន្តិភាព​គ្មាន​កង​កម្លាំង​ជម្លោះ​ប្រដាប់​អាវុធ ដែល​ធានា​សន្តិភាព​ដល់​សិទ្ធិ​មូលដ្ឋាន​នៃ​ការ​រស់រាន​មាន​ជីវិត ជៀស​ផុត​ពី​ការ​ស្លាប់​ដោយ​សារ​អាវុធ ជៀស​ផុត​ពី​ការ​ភ័យ​ខ្លាច ជៀស​ផុត​ពី​គ្រាប់​កាំភ្លើង និង​គ្រាប់​បែកតែប៉ុណ្ណោះ៕RFI

Powered by Blogger.