លោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (56th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី នាសប្តាហ៍ក្រោយ។ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ស្នូលនៃកំណើន”កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
 |
លោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។PSK |
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកិច្ចប្រជុំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦និងកិច្ចប្រជុំពាក់ព័ន្ធនឹងស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញដំណើរការកសាងសហគមន៍អាស៊ានបន្ថែមទៀត ខណៈមានការជំរុញឱ្យមានឯកភាពនិងសាមគ្គីភាពកាន់តែច្រើនរបស់អាស៊ាន តាមរយៈសកម្មភាពជាក់ស្តែង។សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា កិច្ចពិភាក្សានេះក៏នឹងផ្តោតទៅលើតួនាទីសំខាន់របស់អាស៊ាន ដែលជាកាតាលីករសម្រាប់កំណើនប្រកបដោយចីរភាព និងដោះស្រាយបញ្ហាក្នុងតំបន់និងអន្តរជាតិជាច្រើនដែលជាកង្វល់និងផលប្រយោជន៍រួម។ប្រភពបានគូសបញ្ជាក់ថាការជួបជុំនេះបង្ហាញពីឱកាសមួយក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈភាពរបស់អាស៊ាននិងពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូសន្ទនា និងភាគីខាងក្រៅផ្សេងទៀត ដើម្បីធានាថាអាស៊ាននៅតែមានភាពពាក់ព័ន្ធខ្ពស់ក្នុងនាមជា “ស្នូលនៃកំណើនសកល”។ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាននឹងចូលជួបសម្តែងការគួរសមជាមួយលោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន៕ AKP/Khmer Times
Post a Comment