លិខិ​ត​ឆ្លង​ដែនសិ​ង្ហបុរីដ៏មា​នឥទ្ធិពល​​បំផុតនៅលើ​​ពិភព​លោក

 ប្រទេសសិង្ហបុរីក្លាយជាប្រទេសកាន់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ជាមួយនឹង១៩២គោលដៅគ្មានទិដ្ឋាការ។

លិខិ​តឆ្លង​ដែនសិង្ហបុរីដ៏មា​នឥទ្ធិពល​បំផុតនៅលើ​ពិភព​លោក។AFP
យោងតាមចំណាត់ថ្នាក់ដែលចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាការតាំងទីលំនៅដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Henley & Partners កាលពីថ្ងៃទី ១៩ខែកក្កដាសិង្ហបុរីបានក្លាយជាប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតក្នុងពិភពលោកដែលអនុញ្ញាតឱ្យពលរដ្ឋចូលប្រទេសដោយមិនគិតថ្លៃទិដ្ឋាការដល់១៩២គោលដៅនៅទូទាំងពិភពលោក។ប្រទេសអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ២ជាមួយនឹងគោលដៅគ្មានទិដ្ឋាការចំនួន១៩០។បន្ទាប់ពីរយៈពេល៥ឆ្នាំក្នុងការនាំមុខប្រទេសជប៉ុនបានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៣ខណៈដែលចំនួនគោលដៅដែលពលរដ្ឋរបស់ខ្លួនមិនត្រូវការទិដ្ឋាការបានធ្លាក់ចុះ។ សហរដ្ឋ​អាមេរិកដែល​បាន​ឈរ​នៅ​លំដាប់​កំពូល​ជិត​មួយ​ទសវត្សរ៍​មុនបាន​ធ្លាក់​ចុះ​២​មក​នៅ​លេខ​រៀង​ទី៨។ចក្រភពអង់គ្លេសបន្ទាប់ពីការធ្លាក់ចុះដែលបណ្តាលមកពី Brexit បានកើនឡើង២កន្លែងដោយទទួលបានចំណាត់ថ្នាក់ទី៤។ លើក​ចុង​ក្រោយ​ដែល​អង់គ្លេស​ជាប់​ចំណាត់​ថ្នាក់​លេខ​៤​គឺ​នៅ​ឆ្នាំ​២០១៧។ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី៨២ដោយក្រុមហ៊ុន Henley & Partnersកើនឡើង៦កន្លែងធៀបនឹងឆ្នាំមុននៅពេលដែលអ្នកកាន់លិខិតឆ្លងដែនវៀតណាមអាចទៅលេងបាន៥៥ប្រទេសនិងដែនដីដោយគ្មានទិដ្ឋាការ។ប្រទេសសិង្ហបុរីគឺជាមេដែកដើម្បីទាក់ទាញលំហូរវិនិយោគនាពេលថ្មីៗនេះ ដោយសារការប្រែប្រួលភូមិសាស្ត្រនយោបាយនៅក្នុងពិភពលោក។យ៉ាង​ណា​មិញ ការ​ទទួល​បាន​លិខិត​ឆ្លង​ដែន​សិង្ហបុរី​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ប្រទេសដែលមានប្រជាជន៥.៦លាននាក់បានផ្តល់សញ្ជាតិដល់ជនបរទេសប្រហែល២៣.១00 នាក់កាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរសិង្ហបុរីកាលពីដើមឆ្នាំនេះបានលុបចោលគោលនយោបាយផ្តល់សញ្ជាតិដោយផ្អែកលើទ្រព្យសម្បត្តិសុទ្ធរបស់បុគ្គល។ចំណាត់ថ្នាក់របស់ Henley & Partners គឺផ្អែកលើទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ដែលជាមូលដ្ឋានទិន្នន័យធំបំផុតនិងត្រឹមត្រូវបំផុតនៃព័ត៌មានការធ្វើដំណើរ ហើយត្រូវបានបោះពុម្ពផ្សាយជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០០៥។ វិធីសាស្ត្រនេះខុសពីសន្ទស្សន៍លិខិតឆ្លងដែនផ្សេងទៀត ដូចជាការចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុជាដើម។ Arton Capital ដែល​បាន​ដាក់​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ក្នុង​ការ​នាំ​មុខ​កាល​ពី​ឆ្នាំ​មុន។Henley & Partners ចាត់ចំណាត់ថ្នាក់លិខិតឆ្លងដែនចំនួន១៩៩នៅទូទាំង២២៧គោលដៅជុំវិញពិភពលោកហើយធ្វើបច្ចុប្បន្នភាពពួកវាក្នុងពេលវេលាជាក់ស្តែងពេញមួយឆ្នាំ ក៏ដូចជាការផ្លាស់ប្តូរចុងក្រោយបំផុតនៃគោលនយោបាយទិដ្ឋាការដែលចូលជាធរមាន៕ប្រភពBloomberg, Henley & Partners

Powered by Blogger.