រាជរដ្ឋាភិ​បាលដា​ក់ចេញគោលការ​ណ៍ណែនាំដើម្បីធានាសុវត្ថិភាព​កុមារនៅ​លើបណ្តាញអ៊ីន​ធឺណិត

រាជរដ្ឋាភិបាលកម្ពុជាគាំទ្រដោយភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងអង្គការយូនីសេហ្វកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ចេញនូវគោលការណ៍ណែនាំស្តីពីការការពារកុមារតាមបណ្តាញអ៊ីនធឺណិតចំពោះឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ដើម្បីធានាបាននូវបទពិសោធន៍លើអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងវិជ្ជមានសម្រាប់កុមារ។

កុមារាកំពុងមើលប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងទូរស័ព្ទដៃ។ពុតសាម៉ាត់
បណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា“កុមារចំណាយពេលច្រើនលើអ៊ីនធឺណិតជាងពេលមុនៗ។ ការរីកចម្រើននៃបណ្តាញអ៊ីនធឺណិតផ្តល់នូវឱកាសគ្មានដែនកំណត់ ប៉ុន្តែក៏បាននាំមកនូវហានិភ័យដ៏ធ្ងន់ធ្ងរផងដែរ”។“ការគំរាមកំហែងតាមអ៊ីនធឺណិត(Cyberbullying)និងទម្រង់ផ្សេងទៀតនៃអំពើហឹង្សាពីមិត្តភ័ក្តិអាចប៉ះពាល់ដល់យុវជនរាល់ពេលដែលពួកគេចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឬវេទិកាផ្ញើសារភ្លាមៗ។បញ្ហាគួរឱ្យព្រួយបារម្ភបំផុតគឺការគំរាមកំហែងនៃការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត»។គោលការណ៍ណែនាំស្តីពីការការពារកុមារលើអ៊ីនធឺណិតចំពោះឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលមានគោលបំណងលើកទឹកចិត្តដល់ឧស្សាហកម្មនានាក្នុងវិស័យនេះដើម្បីទប់ស្កាត់និងឆ្លើយតបទៅនឹងគ្រោះថ្នាក់ដែលកំពុងកើតមាននាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យា ឱ្យបានទាន់ពេលវេលា។សមាជិកឧស្សាហកម្មអាចធ្វើដូច្នេះបានតាមរយៈ៖ ការអនុវត្តគោលនយោបាយការពារកុមារផ្ទៃក្នុង និងការការពារ និងការឆ្លើយតបចំពោះសម្ភារៈរំលោភបំពានផ្លូវភេទកុមារ និងបង្កើតវិធានការបង្ការប្រឆាំងនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារ ដូចជាការណែនាំច្បាស់លាស់ និងច្បាប់សម្រាប់ការការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត ផ្តល់វិធានការការពារ ជាពិសេសវិធីទប់ស្កាត់ទាំងមនុស្ស និងខ្លឹមសារមិនសមរម្យ ឬរសើប ដើម្បីធ្វើរបាយការណ៍ និងទទួលជំនួយពីអាជ្ញាធរពាក់ព័ន្ធ និង/ឬសេវាកម្មនានា និងធានាថាទិន្នន័យ និងព័ត៌មានទាក់ទងនឹងកុមារដែលប្រើប្រាស់អ៊ីនធឺណិតត្រូវបានរក្សាទុកជាសម្ងាត់និងឯកជនភាព។គោលការណ៍ណែនាំសម្រាប់សមាជិកឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល រួមមានប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកផ្តល់សេវាអ៊ីនធឺណិត ប្រតិបត្តិករចល័ត ក្រុមហ៊ុនបង្ហោះទិន្នន័យ អ្នកបង្កើតនិងអ្នកផលិតមាតិកា ព្រមទាំងអ្នកបង្កើតកម្មវិធីអាប និងកម្មវិធីសូហ្វ៊ែ។យោងតាមការរកឃើញថ្មីៗពីរបាយការណ៍សកលរបស់អង្គការយូនីសេហ្វដែលមានឈ្មោះថា “គ្រោះថ្នាក់ដែលរារាំងកម្ពុជា”(Cambodia Disrupting Harm) បានឱ្យដឹងថាកុមារកម្ពុជា ១ នាក់ក្នុងចំណោម ១០ នាក់ដែលមានអាយុពី១២ទៅ១៧ឆ្នាំកំពុងជួបប្រទះនូវទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទ ឬការរំលោភបំពានតាមរយៈបណ្តាញអ៊ីនធឺណិត។លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា “គោលការណ៍ណែនាំនេះ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ក្នុងការប្រកាន់ជំហរច្បាស់លាស់ លើការការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់ទម្រង់នៅកម្ពុជា”។បណ្ឌិត Will Parks បានបន្ថែមថា“ការការពារកុមារលើបណ្តាញអ៊ីនធឺណិតគឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញមួយ។ វាទាមទារការប្តេជ្ញាចិត្ត ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការសហការដោយយកចិត្តទុកដាក់ជាមួយវិស័យឯកជន ដើម្បីផ្តល់នូវសេវាកម្មដែលផ្តោតលើអ្នកប្រើប្រាស់ សុវត្ថិភាព និងងាយស្រួលសម្រាប់កុមារ និងមនុស្សវ័យជំទង់របស់យើង”។ព្រឹត្តិការណ៍នេះបានអញ្ជើញអ្នកចូលរួមជាង ១៥០ នាក់មកពីទីភ្នាក់ងាររដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងតួអង្គឧស្សាហកម្មដែលពាក់ព័ន្ធ។គោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារីក្រសួង​យុ​ត្ដិ​ធម៌ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ (រួមទាំងនគរបាលជាតិនិងអង្គភាពប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត)៕AKP/Khmer Times




Powered by Blogger.