សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់និងអ្នកសង្កេតការណ៍អន្តរជាតិចំនួន៨៣នាក់ មកពី១៣ប្រទេសព្រមទាំងកំពុងពិនិត្យសម្រេចទទួលស្គាល់អ្នកសង្កេតការណ៍អន្តរជាតិ១២៦នាក់ទៀត។
|
រូបឯកសារលោកសោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។សហការី |
លោកសោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថាគិតមកត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់អ្នកសង្កេតការណ៍ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា មកពី១៣៤ អង្គការ សមាគម ដែលបានដាក់អ្នកសង្កេតការណ៍សរុបចំនួន ៨៩៥៦២នាក់ (ស្រ្តី ៥២ ៦៥២នាក់)។បើតាមអ្នកនាំពាក្យបានឱ្យដឹងថាចំពោះអ្នកសង្កេតការាណ៍អន្តរជាតិគិត មកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍អន្តរជាតិ មកពី១៣ ប្រទេស បានដាក់អ្នកសង្កេតការណ៍ចំនួន ៨៣នាក់។ជាមួយគ្នានោះដែរ លោកក៏បានឱ្យដឹងថាគ.ជ.បបាននិងកំពុងពិនិត្យសម្រេចលើកអ្នកសង្កេតការណ៍អន្តរជាតិចំនួន ១៧អង្គការ សមាគមអន្តរជាតិទៀត។ ក្នុងចំណោម ១៧អង្គការ សមាគមនេះបានដាក់អ្នកសង្កេតការណ៍ ចំនួន១២៦នាក់។ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតវិញ ឯកឧត្តមបានឱ្យដឹងថា ដំណើរការឃោសនាបោះឆ្នោតរយៈពេលជាងដប់ថ្ងៃមកនេះ បានដំណើរការប្រព្រឹត្តិទៅដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង។ គណបក្សនយោបាយ១៨ ដែល បានចុះបញ្ជីក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតបានធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់ខ្លួនតាមរូបភាពផ្សេងៗគ្នា។ លោកបញ្ជាក់ថា«ខ្ញុំក៏ចង់បញ្ជាក់ថាសកម្មភាពផ្សេងៗពីការឃោសនានោះមានចែង ក្នុងមាត្រា៦៨នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយគណបក្ស នយោបាយ ដែលបានហែក្បូនឃោសនានៅថ្ងៃទី១៦ ខែកក្កដាមានចំនួន៧គណបក្ស»។ អ្នកនាំពាក្យក៏បានឱ្យដឹង ចំពោះបណ្តឹងក្នុងពេលឃោសនាបោះឆ្នោតវិញ បើកគិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលរបាយការណ៍ពី ការដាក់ពាក្យប ណ្តឹងចំនួន១១បណ្តឹង។ បណ្តឹងទាំងនោះបានប្តឹងពីករណីពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍ បណ្តឹងពាក់ព័ន្ធនឹងជនអនាមិកដែលយកស្លាកគណបក្សនយោបាយមួយទៅ បិទលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងប្រភេទបណ្តឹងចំនួន៩ទៀតមាននៅរាជធាន ភ្នំពេញ និងបណ្តឹងនៅខេត្តប៉ៃលិន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំសរុប បណ្តឹងទាំង៩ ក្នុង រាជធានី ខេត្តនេះគឺជាការរំលោភលើមាត្រា១៤២ថ្មីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រដែលជនប្រព្រឹត្តិល្មើសនេះបានបង្ហោះសារញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញ សន្លឹកឆ្នោតនៅពេលចេញទៅបោះឆ្នោត។ លោកបានបញ្ជាក់ថា «ការបង្ហោះសារដើម្បីឱ្យប្រជាពលរដ្ឋក្នុងន័យញុះញង់ ឱ្យបំផ្លាញសន្លឹកឆ្នោតគឺជាបទល្មើសដែលមានចែងក្នុងមាត្រា១៤២ថ្មី ដែលជនប្រព្រឹត្តិត្រូវ ពិន័យជា ប្រាក់ពី៥លានរៀល ទៅ២០លានរៀន រូមជាមួយនឹងការលុប ឈ្មោះចេញពីបញ្ជី ឈ្មោះបោះឆ្នោត ឬការដកបេក្ខភាពឈរឈ្មោះបោះឆ្នោត ឬការដកសិទ្ធិបោះឆ្នោត យ៉ាងតិច៥ឆ្នាំ»។ សូមជម្រាបថាសម្រាប់ការរិយាល័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា នៅទូទាំងរាជធានីខេត្ត ២៥ មានការិយាល័យសរុប ២៣៧៨៩។ចំណែកអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតប្រមាណជាង ៩លាន៧សែននាក់៕AKP
Post a Comment