សម្ដេចតេជោ ហ៊ុន សែន ប្រកាសរក្សាទុកមុខដំណែងមន្ត្រីនៅក្នុងមុខងារក្របខណ្ឌនយោបាយឱ្យនៅដដែល និងធ្វើការតែតាំងបន្តសម្រាប់អាណត្តិក្រោយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរក្សាទុកមុខដំណែងមន្ត្រីនៅក្នុងមុខងារក្របខណ្ឌនយោបាយឱ្យនៅដដែល ហើយនឹងធ្វើការតែតាំងបន្តសម្រាប់អាណត្តិក្រោយ ដោយសម្ដេចតេជោបានបញ្ជាក់ថា «បងប្អូនទាំងឡាយដែលទទួលបានដំណែងរួចមកហើយ គឺនៅបន្ត ប៉ុន្តែសូមបញ្ជាក់ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងនេះ នឹងបញ្ចប់ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវរៀបចំតែងតាំងថ្មី»។

ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិនាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចបានក្ដាប់បាននូវកង្វល់ របស់បងប្អូន ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី នៅតាមស្ថាប័ននានា ទាក់ទិនជាមួយមុខនាទីរបស់ខ្លួននៅពេលខាងមុខ តើយ៉ាងម៉េច។

សម្ដេចតេជោ ថ្លែងថា រូបសម្ដេច ក៏ដូចជា សម្ដេច សាយ ឈុំ សម្ដេច ស ខេង សម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន បណ្ឌិត ហ៊ុន ម៉ាណែត បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឯកឧត្ដម កើត រិទ្ធ ដែលបានពិភាក្សាគ្នា ថាយើងនឹងរក្សាទុកនូវមន្ត្រីទាំងអស់ដែលបានតែតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែតាំងរួចមកហើយ ឱ្យបន្តតទៅទៀត។ ថ្នាក់ដែលតែងតាំងដោយព្រះរាជក្រឹត្យ គឺតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ ថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យ គឺត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញ ថ្នាក់ដែលតែងតាំងដោយសេចក្ដីសម្រេចរបស់រដ្ឋមន្ត្រី ក៏ត្រូវបានតែងតាំងឡើងវិញ។

ចំណុចនេះ សម្ដេចតេជោចង់បញ្ជាក់ថា សម្រាប់អ្នកដែលកាន់មុខងារសាធារណៈ ពុំមានអ្វីជាចំណោទនោះទេ លើកលែងតែអ្នកទាំងនោះ មានដល់អាយុចូលនិវត្តន៍ទើបអាចចូលនិវត្តន៍ មុខងារសាធារណៈនិងមិនត្រូវបានប៉ះពាល់នោះឡើយ ដូចជា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរង ស្រុក ខណ្ឌ គឺមិនត្រូវបានប៉ះពាល់នោះទេ។ មេទាហាន គ្រប់ជាន់ថ្នាក់ មេប៉ូលីស មេអាវុធហត្ថ គ្រប់ជាន់ថ្នាក់ មិនត្រូវបានប៉ះពាល់ទេ លើកលែងតែអ្នកនោះ គឺដល់អាយុចូលនិវត្តន៍ គឺត្រូវចូលនិវត្តន៍តាមច្បាប់។

សម្ដេចតេជោថ្លែងបន្តថា ប៉ុន្តែសម្រាប់អ្នកាន់មុខងារខាងនយោបាយ គឺមុខងារនេះ តែងតាំងជា ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួង បងប្អូនទាំងនោះនៅតែបន្ត លើកលែងតែសាម៉ីខ្លួនសុំលាឈប់ ដោយសារកត្តាអាយុ ឬ មានជំងឺច្រើន។ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ត្រូវតែងតាំងត្រឡប់ទៅវិញ ហើយសម្រាប់ការតែងតាំងនេះ អ្នកកាន់មុខងារនយោបាយ គឺមាន៣កម្រិត កម្រិតតែងតាំងដោយព្រះរាជក្រឹត្យ ដែលចាប់តាំងពីថ្នាក់អគ្គនាយក មានទីប្រឹក្សា ឬ អគ្គនាយក ឡើងទៅ ដែលផ្នែកខាងមុខងារនយោបាយ ហើយបើនិយាយនៅតាមក្រសួង គឺចាប់ពីអនុរដ្ឋលេខាធិការ និង រដ្ឋលេខាធិការ គឺតែងតាំងដោយព្រះរាជក្រឹត្យ ឯទីប្រឹក្សាក៏តែងតាំងដោយព្រះរាជក្រឹត្យ ដែលមានថ្នាក់អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រហូតដល់ទីប្រឹក្សាដែលមានដំណែងជាឧបនាយករដ្ឋមន្ត្រី។ នៅមានទីប្រឹក្សាដែលតែងតាំងដោយអនុក្រឹត្យ គឺថ្នាក់អគ្គនាយករង និងថ្នាក់ប្រធាននាយកដ្ឋាន ដែលតែងតាំងដោយអនុក្រឹត្យ ក៏ត្រូវតែងតាំងត្រឡប់ទៅវិញ។ នៅតាមក្រសួងខ្លះ ក៏មានតែងតាំងអ្នកដែលចូលនិវត្តន៍មួយចំនួន ឱ្យបន្តធ្វើការ និងមានការចាំបាច់ឱ្យមន្ត្រីមួយចំនួនចូលធ្វើការ តែងតាំងដោយសេចក្ដីប្រកាសរបស់រដ្ឋមន្ត្រី ជាថ្នាក់អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ។

ដូច្នេះមុខងារទាំងអស់នេះ សម្ដេចតេជោ បានពិភាក្សាយ៉ាងហ្មត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្ដម កើត រិទ្ធ ដែលនៅពិភាក្សាបន្តជាមួយសម្ដេច អំពីកិច្ចដំណើរការនៅពេលខាងមុខ។សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដូច្នេះ សូមបងប្អូនទាំងអស់កុំមានការព្រួយបារម្ភ អំពីចំណុចទាក់ទងជាមួយនិងរឿង «តើខ្លួនត្រូវធ្វើអ្វីទៀត» កិច្ចការតែមួយទេដែលត្រូវតែធ្វើការកែទម្រង់ នោះគឺ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយសារតែកន្លងទៅនេះមានការតែងតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺមួយចំនួនជារដ្ឋលេខាធិការ មួយចំនួនជាអ្នកដែលធ្វើការផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រី។ ដូច្នេះយើងទុកឱ្យម្នាក់ៗធ្វើការជ្រើសរើស តើនៅជារដ្ឋលេខាធិការ ឬទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឱ្យយកតែមួយទេ។

សម្ដេចតេជោធ្វើការបញ្ជាក់បន្ថែមថា នេះគឺការកែទម្រង់នៅទីនេះ វាមិនប៉ះពាល់ដល់មនុស្សច្រើនទេ បងប្អូនខ្លះគឺជារដ្ឋលេខាធិការនៅតាមក្រសួងហើយ ប៉ុន្តែក៏មានការកាន់ដំណែងបន្ថែម ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ករណីលើកលែង មានតែអង្គភាពធំៗពីរប៉ុណ្ណោះ ដែលសម្ដេចតេជោបាននិយាយប្រាប់ទៅអនាគតនៃអ្នកដឹកនាំជំនាន់ក្រោយ គឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ គឺនិងរក្សាទុកសម្រាប់ អគ្គនាយកពន្ធដារ និងអគ្គនាយកគយ ដែលស្ថាប័នទាំងពីរនេះត្រូវធ្វើការ ម្ខាងជាមួយនឹងរដ្ឋមន្ត្រី។ ឯម្ខាងទៀតជាមួយនឹងនាយករដ្ឋមន្ត្រី ដែលត្រូវក្ដាប់ផ្ទាល់ទៅលើថវិកាប្រចាំថ្ងៃ ប្រចាំខែ ដែលនេះគឺជាការត្រូវទុក។ ឯសម្រាប់អ្នកដទៃទៀត គឺត្រូវជ្រើសរើស តើនៅជារដ្ឋលេខាធិការតាមក្រសួង ឬមកឱ្យដាច់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការកែទម្រង់មានតែប៉ុណ្ណឺងទេ ដែលមានការប៉ះពាល់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា បងប្អូនទាំងឡាយដែលទទួលបានដំណែងរួចមកហើយ គឺនៅបន្ត ប៉ុន្តែសូមបញ្ជាក់ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងនេះ នឹងបញ្ចប់ នៅថ្ងៃទី២២ ខែសីហា ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវរៀបចំតែងតាំងថ្មី។ ដោយឡែករដ្ឋមន្ត្រីនានា ដែលមិនធ្វើជារដ្ឋមន្ត្រីតទៅទៀត ត្រូវធ្វើជាសមាជិករដ្ឋសភា រាប់ទាំងខ្លួនសម្ដេចតេជោផ្ទាល់ មុនពេលទៅកាន់ប្រធានព្រឹទ្ធសភា នៅឆ្នាំ២០២៤ គឺត្រូវអង្គុយនៅធ្វើជាសមាជិករដ្ឋសភា ទាំងឧបនាយករដ្ឋមន្ត្រី ទាំងទេសរដ្ឋមន្ត្រីមួយចំនួន និងទាំងរដ្ឋមន្ត្រីខ្លះ។ ឯរដ្ឋមន្ត្រីខ្លះទៀតមិនជាប់ជាសមាជិករដ្ឋសភា នឹងអាចរៀបចំឱ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល ឬអាចរៀបចំឱ្យឈរឈ្មោះ ធ្វើជាសមាជិកព្រឹទ្ធសភានៅពេលខាងមុខ ក្នុងករណីដែលអាចធ្វើទៅរួច។ សម្ដេចតេជោថ្លែបន្ថែមឱ្យដឹងថា ឯទីប្រឹក្សាខ្លះទៀត ជាទីប្រឹក្សាដែលមិនយកប្រាក់បៀវត្សរ៍ ដូច្នេះមានការតែងតាំងឡើងវិញ វាមិនមែនជាការលំបាកនោះឡើយ ហើយវាមិនមានទម្ងន់ថវិការណាមួយនោះទេ គឺជាទីប្រឹក្សាដែលមានចរឹតជាកិត្តិយស ដើម្បីងាយស្រួលទៅប្រាស្រ័យទាក់ទងចុះជួយ ទៅដល់ការកសាងមូលដ្ឋាននានា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា រដ្ឋមន្ត្រីតាមស្ថាប័ននានានៅពេលក្រោយ បន្តការយកចិត្តទុកដាក់ទៅលើកិច្ចការ ដែលត្រូវដោះស្រាយជាមួយនិងមន្ត្រីចាស់ៗ មន្ត្រីនៅក្នុងមុខដំណែងបច្ចុប្បន្ន ត្រូវឱ្យមានបន្តការងារតទៅទៀត ដោយគ្មានការកែប្រែ លើកលែងតែសាម៉ីខ្លួនស្នើសុំឈប់តែប៉ុណ្ណោះ។ នេះជាការបញ្ជាក់ដើម្បីដោះស្រាយនូវកង្វល់របស់បងប្អូន ដែលមានកន្លងទៅ ដែលសម្ដេចតេជោក្ដាប់បាន។

សម្ដេចតេជោមានប្រសាន៍ឱ្យដឹងទៀតថា ក្នុងរយៈពេលកន្លងទៅនេះ មានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋាន ទាក់ទងនិងការលះបង់របស់សម្ដេច ពីការមិនកាន់ដំណែងនាយករដ្ឋមន្ត្រីតទៅទៀត ហើយប្រគល់ការងារឱ្យយុវជនជំនាន់ក្រោយ ដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីធានានូវនិរន្តរភាព នៃសន្តិភាពនិងការអភិវឌ្ឍ។ ការអបអរសាទររបស់បងប្អូនជនរួមជាតិ គឺបង្ហាញឱ្យឃើញពីតម្រូវការចាំបាច់ នៃការធានានូវសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។

សម្ដេចតេជោយល់ថា ខ្លួនសម្ដេចមានការលះបង់ដ៏ធំធេង ប៉ុន្តែនេះគឺជាការលះបង់ដើម្បីសេចក្ដីសុខ សេចក្ដីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថា ប្រទេសជាតិមួយនេះ មិនធ្លាក់ទៅក្នុងភាពចលាចល អស្ថេរភាព ឬ ការដណ្ដើមអំណាចតាមរយៈចុងអាវុធ ដូចកាលពីអតីតកាលនោះឡើយ។ សម្ដេចតេជោបន្តថា សម្ដេចចាកចេញ ជាមួយនិងការដឹកនាំគណបក្សនយោបាយកាន់អំណាច គឺគណបក្សប្រជាជន ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រជាង ៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ដែលគ្រាន់តែទទួលបាននូវត្រឹមតែ ៧៥ ឬ ៧៤% នៅពេលបោះឆ្នោតថ្នាក់ឃុំ សង្កាត់ កាលពីឆ្នាំ២០២២ កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការគាំទ្រទាំងឡាយ ដែលបងប្អូនបានធ្វើចំពោះការសម្រេចចិត្តរបស់សម្ដេច ហើយចាត់ទុកថានេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឱ្យយុវជនជំនាន់ក្រោយ គេអាចនឹងធ្វើកិច្ចការរបស់គេបានប្រសើរជាង៕

Powered by Blogger.