សម្ដេច​ហ៊ុន សែន៖​​ឧត្ដម​ក្រុមប្រឹ​ក្សា​ពិ​គ្រោះនិងផ្ដល់​​​យោ​បល់​នឹងត្រូវរៀបចំឱ្យ​មា​ន​ជា​​បន្តទៀត​នៅក្នុងនី​តិ​​កា​លទី​​៧ដើម្បីប្រមូ​​លនូវធាតុចូល

សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងថាឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នឹងត្រូវរៀបចំឱ្យមានជាបន្តទៀតនៅក្នុងនីតិកាលទី៧ ដើម្បីប្រមូលនូវធាតុចូលទាំងអស់ទាំងធនធានមនុស្សធនធានខួរក្បាល សម្រាប់បន្តការអភិវឌ្ឍប្រទេសហើយក៏ជាស្មារតីបង្រួបបង្រួមជាតិមួយ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។

ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ ជាពិសេស ឯកឧត្ដមថ្នាក់ដឹកនាំគណបក្សនយោបាយ តាមតេឡេក្រាមនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីសម្ដេចបានថ្លែងសារកាលពីម្សិលមិញ ទាក់ទងនឹងការតែងតាំងឡើងវិញនៃមន្ត្រីមុខងារនយោបាយ ក៏មានការលើកឡើងជាសំណួរមកកាន់សម្ដេចពីសំណាក់គណបក្សនយោបាយ ដែលចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ថាតើតាំងទៀតឬទេ។ សម្ដេចបានថ្លែងបញ្ជាក់ថា សម្ដេចបានពិភាក្សាយ៉ាងល្អិតល្អន់លើរឿងនេះកាលពីថ្ងៃទី២៤ខែកក្កដា បន្ទាប់ពីការបោះឆ្នោតយើងពិតជាមានតម្រូវការដើម្បីប្រមូលនូវធាតុចូលទាំងអស់នៃបណ្ដាបក្សនយោបាយបើទោះបីជាបក្សនយោបាយមានសន្លឹកឆ្នោត មានអាសនៈក្នុងសភាឬគណបក្សនយោបាយដែលគ្មានអាសនៈនៅក្នុងសភា ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិ។ សម្ដេចគូសបញ្ជាក់ថា  ក្នុងន័យនេះឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក៏នឹងត្រូវរៀបចំឱ្យមាននៅក្នុងនីតិកាលទី៧ ជាបន្តទៀត។ ក្នុងនោះបើយោងទៅលើព្រះរាជក្រឹត្យ នីតិកាល អាណត្តិរបស់ក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក៏នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលថ្មី ក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យដើម្បីដាក់ឱ្យដំណើរការនូវក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ហើយដែលពេលនោះ លក្ខខណ្ឌផ្សេងៗ ក៏នឹងត្រូវបានលើកឡើងនៅក្នុងព្រះរាជក្រឹត្យនោះដែរ។ប៉ុន្តែជាស្មារតីរួម សម្ដេចបានលើកឡើងបន្ទាប់ពីបានពិភាក្សានោះគឺយើងនឹងផ្ដល់នូវរៀបចំដូចកាលពីនីតិកាលទី៦ ដូចគ្នា ដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងមានលេខាធិការ។ ដូច្នេះហោចណាស់ ក្នុងគណបក្សនយោបាយមួយ មានឥស្សរជន៣រូប ក្នុងការចូលរួមផងដែរ។សម្ដេចគូសបញ្ជាក់បន្តថា សម្ដេចក៏បានពិភាក្សាគ្នាថាវាជាលទ្ធភាពដែលបើកឱ្យគណបក្សនយោបាយដែលមិនបានចូលរួមការបោះឆ្នោតដែលមានចុះបញ្ជីនៅក្រសួងមហាផ្ទៃអាចចូលរួមបានដែរ។ តែរឿងនេះទុកលទ្ធភាពជូនរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីថ្មី ធ្វើសេចក្ដីសម្រេច ដើម្បីស្នើសុំព្រះរាជក្រិត្យ បង្កើតឱ្យមានឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ សម្រាប់នីតិកាលទី៧។ ដូច្នេះ សូមគណបក្សនយោបាយដែលធ្លាប់បានចូលរួម នៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នីតិកាលទី៦ មានការនឹងនរ អំពីការរៀបចំបន្ត។ឯចំពោះគណបក្សនយោបាយដែលមិនបានចូលរួមក្នុងការបោះឆ្នោត ប៉ុន្តែមានការចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ អាចនឹងត្រូវបានចូលរួមយ៉ាងណានោះគឺទុកលទ្ធភាពជូនចំពោះនាយករដ្ឋមន្ត្រីថ្មី និងរាជរដ្ឋាភិបាលថ្មី ដើម្បីគិតគូរពីលើរឿងនេះ។ សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា៖“យើងចង់ប្រមូលផ្ដុំធនធានមនុស្ស ធនធានខួរក្បាល ដើម្បីនឹងបន្តការអភិវឌ្ឍប្រទេសបន្ថែមលើនោះក៏ជាស្មារតីបង្រួបបង្រួមជាតិមួយ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។ យើងមានវេទិកាជួយយោបល់ ទាំងក្នុងសភាទាំងការងារដែលទាក់ទងជាមួយនិងការផ្ដល់មតិសម្រាប់រាជរដ្ឋាភិបាលផ្ទាល់ ដែលនាយករដ្ឋមន្ត្រីត្រូវធ្វើការជាមួយ ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែលបណ្ដាបក្សនយោបាយអាចនឹងធ្វើការផ្ទាល់ជាមួយនិងនាយករដ្ឋមន្ត្រី ក្នុងរយៈពេល៦ខែម្ដង។”សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹមថាសារមួយនេះ នឹងផ្ដល់នូវភាពនឹងនរ សម្រាប់បណ្ដាបក្សនយោបាយដែលបានចូលរួមនៅក្នុងក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ហើយក៏ផ្ដល់នូវសេចក្ដីសង្ឃឹមផ្នែកណាមួយនោះ ជូនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះនៅក្នុងក្រសួងមហាផ្ទៃ តែលទ្ធភាពនោះគឺសម្ដេចទុកជូនចំពោះរាជរដ្ឋាភិបាលថ្មី និងនាយករដ្ឋមន្ត្រីថ្មី ជាអ្នកសម្រេច។ គួរម្លឹកដែរថាឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាលពីខែកញ្ញាឆ្នាំ២០១៨តាមគំនិតផ្តួចផ្តើមរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយការបោះឆ្នោតជាតិអាណត្តិទី៦៕AKP
Powered by Blogger.