គ.​ជ.ប.៖​១​២ថ្ងៃនៃយុទ្ធនា​កា​រ​ឃោ​សនាបោះឆ្នោត​​មា​នបណ្តឹង​៤

ក្នុងរយៈពេល១២ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតស្វែងរកសន្លឹកឆ្នោត របស់គណបក្សនយោបាយដែលចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នីតិកាលទី៧ មានបណ្តឹងចំនួន៤ក្នុងនោះ២បណ្តឹងនៅខេត្តប៉ៃលិន គណបក្សប្រជាជនកម្ពុជាប្តឹងសកម្មជនគណបក្សភ្លើងទៀន ពីការញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតនៅពេលទៅបោះឆ្នោត។ 

លោកសោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្ក ដា ឆ្នាំ២០២៣នេះថា គិតមកត្រឹមថ្ងៃ១២ នៃថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត មានបណ្តឹងចំនួន៤ត្រូវបានប្តឹងនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។លោកអ្នកនាំពាក្យបានឱ្យដឹងថាបណ្តឹងទី១- នៅក្នុងខេត្តបន្ទាយមានជ័យ ស្រុកម៉ាឡៃ គឺគណបក្សប្រជាជនកម្ពុជា បានប្តឹងលើបុគ្គលដែលបង្ហោះសារវីដេអូ ធ្វើឱ្យរើសអើងពូជសាសន៍។ បណ្តឹងទី២-គឺជារបស់ប្រជាពលរដ្ឋដែលប្តឹងករណីមានជនមិនស្គាល់មុខ បានយកស្លាកគណបក្សប្រជាធិបតេយ្យមូលដ្ឋានបិទលើស្លាករូបថតសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបិទលើរូបថតសម្តេច ហេង សំរិនប្រធានរដ្ឋសភា និងជាប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា។ ករណីនេះកំពុងដោះស្រាយនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។ បណ្តឹងទី៣ និងទី៤គឺក្នុងខេត្តប៉ៃលិន ទាក់ទងនឹងការ ញុះញង់ ឱ្យប្រជាជនបំផ្លាញសន្លឹកឆ្នោត នៅពេលទៅបោះឆ្នោត។ បណ្តឹងនេះ គឺគណបក្សប្រជាជនកម្ពុជាបានប្តឹងសកម្មជនគណបក្សភ្លើងទៀនហើយបាននិងកំពុងតែដោះស្រាយនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅឡើយ។ ​យ៉ាងណាក្តីលោកអ្នកនាំពាក្យ បានអះអាងយ៉ាងដូច្នេះថា «បណ្តឹងទាំងនេះមិនទាន់មកដល់គណៈកម្មការាជធានី-ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។   បណ្តឹងទាំង៤នេះគឺទើបដាក់និងដោះស្រាយនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតហើយបណ្តឹងនេះមិនទាន់មកដល់គណៈកម្មការរៀបចំបោះឆ្នោតរាជធានី-ខេត្ត និងគ.ជ.ប.ទេ»។ សូមជម្រាបថាកាលពីថ្ងៃទី១១ ខែកក្កដាកន្លងមកនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកដែលណែនាំប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតចោល នៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ គ.ជ.ប. បានលើកឡើងថា មាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥ ០០០ ០០០(ប្រាំលាន)រៀល ទៅ ២០ ០០០ ០០០(ម្ភៃលាន)រៀល ដោយ គ.ជ.ប.ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖ ណែនាំ, ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ, ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុងចិត្តលើការសម្ងាត់ នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយ ដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/នឹងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/នឹងដកសិទ្ធិឈរឈ្មោះឱ្យ គេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ យ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ជាមួយគ្នានោះដែរ គ.ជ.ប. ក៏បានអំពាវនាវ សូមប្រជាពលរដ្ឋ កុំចាញ់បោកទង្វើទុច្ចរិតរបស់ជន អគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ, បំផ្លាញសិទ្ធិបងប្អូន, និងនាំបងប្អូនឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។ គួរបញ្ជាក់ថា ការឃោសនាស្វែងរកសន្លឹកឆ្នោត គណបក្សនយោបាយទាំងអស់ បានចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នីតិកាលទី៧ មានចំនួន១៨គណបក្សនយោបាយ ៕AKP

Powered by Blogger.