សម្ដេចហ៊ុន សែនប្រាប់សង្កេតការណ៍អន្តរជាតិអំពីការត្រៀមរៀបចំសម្រាប់អ្នកបន្តវេនវ័យក្មេង
សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថ្លែងប្រាប់ថ្នាក់ដឹកនាំនៃអ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញចូលរួមសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណារាស្ត្រ នីតិកាលទី៧ នៅកម្ពុជា អំពីការត្រៀមរៀបចំសម្រាប់អ្នកបន្តវេនវ័យក្មេងដើម្បីអនុញ្ញាតឱ្យអ្នកជំនាន់ក្រោយ ដែលបានទទួលការសិក្សាខ្ពង់ខ្ពស់ បន្តការដឹកនាំពីមនុស្សជំនាន់ចាស់ ដែលទាំងអស់នេះគឺជាការត្រៀមដើម្បីឱ្យបន្តនិរន្តរភាពនៃស្ថិរភាព ទាំងនយោបាយ និងសេដ្ឋកិច្ច ចៀសវាងមានការរំជើបរំជួលឬក៏សង្គ្រាម ដែលនាំឱ្យខូចខាតប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេស។
លោកស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោត ជ្រើសរើសតាំងតំណារាស្ត្រ នីតិកាលទី៧ នៅកម្ពុជា ចំនួន៨៥នាក់ ក្នុងចំណោមអ្នកសង្កេតការណ៍អន្តរជាតិ៣៣៤រូប មកពីប្រទេសចំនួន៦៥ ដែលក្នុងនោះមានអង្គការអន្តរសភា អង្គការអន្តររដ្ឋាភិបាល អង្គការគណបក្សនយោបាយ ស្ថាប័ននានាអង្គការអ្នកសង្កេតការណ៍ឯករាជ្យ មកពីប្រទេសមួយចំនួន រួមមានជាអាទិ៍ ប្រទេសបារាំង ជប៉ុន និងអ៊ីស្រាអែល សង្គមស៊ីវិលចំនួន ៩០ សង្គមស៊ីវិលអន្តរជាតិចំនួន ៤ សមាគមខ្មែរក្រៅប្រទេសចំនួន ១១ មកពីប្រទេសអូស្តា្រលី នូវែលសេឡង់ កូរ៉េខាងត្បូង កាណាដា និងបារាំង និងសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនទៀត នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។សម្ដេចហ៊ុនសែនបានសម្ដែងនូវការស្វាគមន៍ចំពោះអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានមកចូលរួមពិនិត្យ និង តាមដាន សិក្សាពីការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញពីការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ការអញ្ជើញមកចូលរួមសង្កេតការណ៍ អំពីការបោះឆ្នោតនៅកម្ពុជាលើកនេះ មានអ្នកសង្កេតការណ៍អន្តរជាតិច្រើនលើសលុប លើសពីការបោះឆ្នោតកន្លងទៅ។ អ្នកសង្កេតការណ៍ទាំអស់ នឹងតាមដានការបោះឆ្នោត នៅថ្ងៃស្អែក ដោយសេរីនៅតាមទីកន្លែងនៃមណ្ឌលបោះឆ្នោត និងឃើញភាពជាក់ស្ដែងនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។សម្ដេចនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ពន្យល់អំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅជាទៀងទាត់ រៀងរាល់៥ឆ្នាំម្ដង នៅរៀងរាល់ថ្ងៃអាទិត្យនៃសប្ដាហ៍ទី៤ ក្នុងខែកក្កដា ដែលនេះបានបង្ហាញអំពីប្រទេសមួយ ដែលបាន អនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យមានការបោះឆ្នោតជាទៀងទាត់តាមការកំណត់ ហើយដែលគណបក្សនយោបាយនានាមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការរៀបចំចូលរួមក្នុងការបោះឆ្នោត។ សម្ដេចបានលើកឡើងពីការបោះឆ្នោតនៅកម្ពុជាតាមប្រព័ន្ធបែបសមាមាត្រនៅតាមខេត្ត ដែលចាប់អនុត្តន៍តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបទ ពិសោធន៍នេះបានបង្ហាញឱ្យឃើញថាបានរារាំងនូវការចូលរួមរបស់ខ្មែរក្រហម។ សម្ដេចបន្ត បើសិនជាយើងធ្វើការ បោះឆ្នោតតាមប្រព័ន្ធសមាមាត្រនៅទូទាំងប្រទេសនោះខ្មែរក្រហមអាចមានអាសនៈនៅក្នុងសភាជាអង្គការស្របច្បាប់ដែលយើងនឹងមិនអាចចាត់វិធានការធ្វើការកាត់ទោសមេដឹកនាំខ្មែរក្រហមដូចដែលបានធ្វើនាពេលកន្លងមកនោះទេបើយើងអនុវត្តន៍បែបផែនសមាមាត្រនៅទូទាំងប្រទេស។ជាមួយគ្នានេះសម្ដេចបានលើកឡើងថា ការអនុវត្តប្រព័ន្ធសមាមាត្រនៅតាមខេត្ត គឺធ្វើឱ្យខ្មែរក្រហមមិនអាច មាន សំឡេងគ្រប់គ្រាន់ ដើម្បីដណ្ដើមកៅអីនៅក្នុងសភា។ សម្ដេចក៏បានគូសបញ្ជាក់លើកឡើងពីតម្លៃរបស់មន្ត្រីគណបក្ស ដែលគណបក្សបានដាក់ចេញនូវវិន័យយ៉ាងតឹងរ៉ឹងដែលបានបំបាត់អំពើពុករលួយនៅក្នុងការទិញដូរតំណាងរាស្ត្រដែលនៅក្នុងប្រទេសខ្លះបានអនុម័តឱ្យមានការបោះឆ្នោតតាមប្រព័ន្ធឯកកត្តនាម ហើយការបោះឆ្នោតតាមប្រព័ន្ធឯកកត្តនាម ធ្វើឱ្យបេក្ខជនដែលជាប់ឆ្នោត អាចផ្ទេរពីគណបក្សមួយទៅគណបក្សមួយ ដើម្បីចូលទៅក្នុងគណបក្ស ណាមួយដើម្បីបង្កើត រដ្ឋាភិបាល។ សម្ដេចតេជោក៏បានអះអាងអំពីការបោះឆ្នោតយ៉ាងទៀងទាត់នៃការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ការបោះឆ្នោតយ៉ាងទៀងទាត់ នៃសមាជិកព្រឹទ្ធសភា។សម្ដេចនាយករដ្ឋមន្រ្ដីក៏បានមានប្រសាសន៍ផងដែរ អំពីគម្រោងនៃកាលបរិច្ឆេទ ដែលរាជរដ្ឋាភិបាលថ្មីអាច នឹង បង្កើតឡើង ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅចូលរួមកិច្ចប្រជុំនាពេលខាមុខ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាខាងមុខនេះ។តំណាងអ្នកសង្កេតការណ៍អន្តរជាតិ ពីប្រទេស និងស្ថាប័ននានា បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសភាពការណ៍ល្អ ប្រសើរនៅកម្ពុជា និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងលឿន ទាំងខាងនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ ពិសេស ហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់។ល។ ហើយប្រជាជនរស់នៅមានទឹកមុខរីករាយ ដែលបង្ហាញពីការរស់នៅប្រកបដោយជីវភាពកាន់តែល្អប្រសើរជាលំដាប់។លើសពីនេះទៀត គណៈប្រតិភូទាំងអស់បានសម្ដែងនូវការពេញចិត្ត និងបានរៀនសូត្រនូវបទពិសោធន៍ និងភាពឈ្លាស វៃរបស់សម្ដេចនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសប្រកបដោយភាពម៉ឺងម៉ាត់ នាំប្រទេសពីសង្គ្រាមមកកាន់សន្តិភាព ពីភាពបែកបាក់មកកាន់ការរួបរួមគ្នាជាធ្លុងមួយ រស់នៅដោយសុខដុមរមនា ហើយមានការអភិវឌ្ឍទាំងសេដ្ឋកិច្ច នយោបាយ និងជីវភាពប្រជាជនត្រូវបានលើកតម្កើង៕AKP
Post a Comment