គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវដល់គ្រប់គណបក្ស នយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ចាប់ពីយប់ថ្ងៃទី២១ ខែកក្កដារហូតដល់យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា តាមអនុលោមតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh1uUW0eB81FyYRgS_fNvwjhSRVP2zuhGfTmF_cIgT6SqfWi60UL__9pkgh_OxqNPQmyVua9Q6SUS7eDb_cjGcIcdc1tMtbXogYaOCIo2ztdqgWbmuAVp0nPWWwlnorLjA_2YcRrSmMjRrSaoPe9bUjXfBO1MYDk5ePGi5P6r3e8Pzdcn1rCU0QM2zkEV_/w640-h276/Cambodia-math12345.PNG) |
រូបភាពសហការី |
គ.ជ.បបានគូសបញ្ជាក់ថា«សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយបេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង ១២:០០ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣»។គ.ជ.ប បន្ដថា គណបក្សនយោបាយបេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយរួមនឹងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួម គោរពច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្របទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។ជាមួយគ្នានោះដែរ គ.ជ.ប បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវ ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហ ប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សា សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ។ពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោតតាមរយៈការប្រើប្រាស់ គ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំ នាំឱ្យបាត់ ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និងរាប់ សន្លឹកឆ្នោតបាន។លើសពីនេះ គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ គ.ជ.ប សង្ឃឹម និងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារ គណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ នឹងអនុវត្តន៍តាមការអំពាវនាវនេះឱ្យមានប្រសិទ្ធភាព៕AKP
Post a Comment