កម្ពុជា​​ប្រតិកម្មនឹ​ង​អា​មេរិក

 អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ចេញ​មុខ​មក​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំពោះ​ការ​លើក​ឡើង​ថា ​រដ្ឋាភិបាល​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ខូចខាត​ប្រព័ន្ធ​ប្រជាធិបតេយ្យសេរី​ពហុបក្សនៅ​កម្ពុជា។

ការ​ចេញ​មក​ប្រតិកម្ម​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣​រូប​និង​អ្នក​តំណាង​ចំនួន​២រូប​ បាន​ស្នើ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ​នៅ​ចំពោះ​មុខ​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ។​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថាការចោទប្រកាន់ថារដ្ឋាភិបាលបានធ្វើឲ្យខូចខាតប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាគឺផ្ទុយពីការពិតជាក់ស្តែង។ លោកអះអាងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជាកំពុងតែរីករាយក្នុងការឆ្ពោះទៅប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ផ្ទុយមកវិញ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ លើកឡើងថា ពួកអ្នកប្រឆាំងដែលធ្វើឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យ ឬអន់ថយប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។ការឆ្លើយតបរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺសំដៅដល់ការស្នើច្បាប់ជាថ្មី ស្តីអំពី ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា។ជាសេចក្តីស្នើច្បាប់ដោយសមាជិកព្រឹទ្ធសភានិងមន្ត្រីជាន់ខ្ពស់ដើម្បីប្រឆាំងនឹងការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឲ្យបាត់បង់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។ សេចក្តីស្នើច្បាប់ ដែលមានលោក Edward Markey និងតំណាងចំនួន៤រូបផ្សេងទៀត បានគូសបញ្ជាក់អំពីការដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចំពោះ​ ការ​បំពាន​នានា​និង​អំពើ​ពុករលួយ​ ដែល​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស។ សមាជិកព្រឹទ្ធសភា លោក Edward Markey បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី១៤កក្កដា ថា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​បក្ខពួក​របស់​លោក​បាន​បន្ត​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​រំលោភ​បំពាន​សិទ្ធិមនុស្ស។ ដូច្នេះសហរដ្ឋ​អាមេរិក ​ចាំបាច់​ត្រូវ​ផ្ញើ​សារ​យ៉ាង​ច្បាស់​មួយ​ដែល​ថា យើង​នឹង​មិន​រាថយចំពោះ​កិច្ច​ប្រឹងប្រែង​របស់​យើង ​ក្នុងការ​គាំទ្រ​ប្រជាពលរដ្ឋ​កម្ពុជា ​និង​សិទ្ធិ​ទទួល​បាន​លទ្ធិប្រជាធិបតេយ្យ​តាម​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ឡើយ។បើតាមសេចក្តីប្រកាស​ គឺសេចក្តីស្នើច្បាប់ជាថ្មីនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ ម្យ៉ាងវិញទៀត គឺជាការដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់ពួកគេដែលមាននៅក្នុងទឹកដីអាមេរិក និងហាមឃាត់ទិដ្ឋាការពួកគេមិនអាចចូលទឹកដីអាមេរិក ជាដើម។គួរកត់សម្គាល់ថា សេចក្តីស្នើច្បាប់ស្តីអំពីដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា បានស្នើឡើងតាំងពីឆ្នាំ២០២០ ក្រោយពីសមាជិកតំណាងរាស្ត្រមួយចំនួនរបស់អាមេរិក មើលឃើញថា ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាកំពុងឈានទៅរកភាពអវិជ្ជមាន ក្រោយការរំលាយអតីតគណបក្សសង្រ្គោះជាតិ និងការឃុំខ្លួនលោក កឹម សុខា ដែលជាប្រធានគណបក្ស។ ក៏ប៉ុន្តែសេចក្តីស្នើច្បាប់នៅបន្តជាប់គាំងរហូតដល់បច្ចុប្បន្ននេះ។ យ៉ាងណាមិញអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាសេចក្តី​ច្បាប់នោះចេញនៅពេលណា ជាសិទ្ធិរបស់អាមេរិក តែសម្រាប់លោក គឺតំណាងរាស្ត្រមួយចំនួនរបស់អាមេរិកដែលបានស្នើសេចក្តីព្រាងច្បាប់ស្តីពីដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា មិនបានមើលឃើញពីភាពវិជ្ជមានរបស់កម្ពុជាទាល់តែសោះ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់ដាក់ឲ្យមានការអនុវត្តច្បាប់ Global Magnitsky ដែលជាការបង្កកទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជា មួយចំនួន រួមមាន លោក គន់ គីម លោក ចៅ ភិរុណ និងលោក ទៀ វិញ ជាដើម៕RFI
Powered by Blogger.